backup og meta

ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? គួរដោះស្រាយ​បែប​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 18, 2022

    ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? គួរដោះស្រាយ​បែប​ណា?

    ការរបកស្បែកដៃមិនត្រឹមតែធ្វើឱ្យដៃយើងលែងស្អាតទេ ថែមទាំងធ្វើឱ្យដៃយើងរមាស់ ឈឺ ចេញឈាម ពិបាកកាន់របស់របរ និងបាត់ក្រយៅដៃទៀត​ផង។ ហេតុអ្វីបានជា​យើង​ចេះតែរបកស្បែកដៃ? គួរដោះស្រាយបែបណា?

    ស្បែកដៃរបស់យើងរបកដោយសារមូលហេតុជាច្រើន៖

    ១. កត្តាបរិស្ថាន

    អាកាសធាតុត្រជាក់ ឬស្ងួត និងការឧស្សាហ៍លាងដៃជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយ​សាប៊ូ​ដែលមានជាតិកាត់ខ្លាំងសុទ្ធតែអាចបណ្តាលឱ្យស្បែកដៃរបស់យើងរបក។

    វីធីដោះស្រាយ

    យើងអាចត្រាំដៃក្នុងល្បាយស្រូវសាលីអូតជារៀងរាល់ថ្ងៃដើម្បីជួយផ្តល់សំណើម​ដល់ស្បែកដៃ កាត់បន្ថយការរលាក និងបន្ធូរអាការៈរមាស់ស្បែក។

    មុនដំបូងយើងត្រូវត្រាំស្រូវសាលីអូតមួយក្តាប់ដៃនៅក្នុងចានទឹកក្តៅឧណ្ហៗ ដើម្បីឱ្យ​ស្រូវ​សាលី​អូតរីកសិន រួចត្រាំដៃយើងរយៈពេល ១០ នាទី។ បន្ទាប់មកយើងត្រូវត្រដុស​ដៃថ្នមៗជាមួយស្រូវសាលីអូតដើម្បីជម្រុះកោសិកាស្បែកដែល​ងាប់ចេញ រួចលាងដៃ​ចេញ​ជាមួយទឹក។

    ២. អាលែកហ្ស៊ី

    អ្នកខ្លះមានស្បែកដែលងាយប្រតិកម្មខ្លាំងនៅលើដៃ និងជើង ហើយសារធាតុមួយ​ចំនួន​អាចបណ្តាលឱ្យស្បែកដៃយើងមានប្រតិកម្មអាលែកហ្ស៊ី ឬរលាកស្បែក​ដែលនាំឱ្យ​ស្បែក​រមាស់ ឡើងកន្ទួល និងរបក។

    វីធីដោះស្រាយ

    យើងគួរពិគ្រោះជាមួយពេទ្យសើស្បែកដើម្បីរកថ្នាំលាបកាត់បន្ថយអាការៈ​អាលែកហ្ស៊ី។ ប្រសិនបើយើងសម្គាល់ថា សារធាតុណាបង្កឱ្យស្បែកដៃយើង​អាលែកហ្ស៊ី យើងគួរ​ព្យាយាម​កុំប៉ះពាល់សារធាតុទាំងនោះ។

    ៣. ការកើតត្រអកនៅដៃ

    ដោយសារយើងប្រើដៃជាប្រចាំ សារធាតុបង្កអាលែកហ្ស៊ីអាចបង្កឱ្យមាន​ជំងឺ​ត្រអក​នៅ​លើដៃរបស់យើងដែលបណ្តាលឱ្យដៃរបស់យើងស្ងួតខ្លាំង ហើយចាប់​ផ្តើមរបកស្បែក។

    វីធីដោះស្រាយ

    តាមការសិក្សាបានឱ្យដឹងថា ប្រេងដូងមានមានប្រសិទ្ធភាពក្នុងការប្រឆាំង​បាក់តេរី មេរោគផ្សិត និងព្យាបាលជំងឺត្រអក។ លើសពីនេះទៅ​ទៀត ប្រេងដូង​អាច​ជួយផ្តល់​សំណើមដល់ប្រអប់ដៃ។ យើងអាចលាបប្រេងដូង​បន្តិចលើប្រអប់ដៃ ​ហើយម៉ាស្សា​ឱ្យ​ប្រេងដូងជ្រាបចូលក្នុងស្បែកប្រអប់ដៃពីរបីដងក្នុងមួយថ្ងៃ ដើម្បី​កាត់បន្ថយអាការៈ​រមាស់ របកស្បែក និងការឡើងក្រហមលើបាតដៃ។

    ប្រេងដូង

    ចង់គណនា BMI ចុចទីនេះ!

    ៤. ការឆ្លងមេរោគផ្សិតលើស្បែក

    ការឆ្លងមេរោគផ្សិតនៅលើប្រអប់ដៃ ឬនៅចន្លោះម្រាមដៃអាចបណ្តាលឱ្យស្បែក​ដៃ​យើង​រមាស់ ឡើងក្រហម មានពងបែក និងរបកដែរ។

    វីធីដោះស្រាយ

    ការលាបប្រេងសម្រាញ់ពីតែ អាចជួយកម្ចាត់មេរោគផ្សិតចេញពីស្បែកប្រអប់​ដៃរបស់យើងបាន។ យើងក៏អាចលាយប្រេងសម្រាញ់ពីតែជាមួយប្រេងដូងដើម្បីបង្កើន​ប្រសិទ្ធិភាព​​ក្នុងការកម្ចាត់មេរោគផ្សិត និងផ្តល់សំណើម​ដល់ស្បែកប្រអប់ដៃដែរ។

    ៥. ការកាត់ក្រចកមិនត្រឹមត្រូវ

    ជួនកាលស្បែកជុំវិញក្រចកម្រាមដៃ ឬម្រាមដៃរបស់យើង​អាចរបកដោយសារ​​ស្បែក​គល់ក្រចករបស់យើងស្ងួតពេក។ ម្យ៉ាងវិញទៀត ស្បែកជុំវិញក្រចកម្រាមដៃ​របស់យើង​ក៏អាចឡើងក្រហម និងរបកដែរ បន្ទាប់ពីការកាត់សាច់គល់ក្រចក។

    វីធីដោះស្រាយ

    ពេលកាត់ក្រចក យើងមិនត្រូវកាត់សាច់គល់ក្រចកទេ និងត្រូវលាបឡេផ្តល់​​សំណើម​នៅ​សាច់គល់ក្រចកជាប្រចាំ។

    ការរបកស្បែកដៃក៏អាចបណ្តាលមកពីជំងឺមួយចំនួនដែរ។ ប្រសិនបើយើង​សាកល្បង​វីធីសាស្រ្តដូចដែលបានរៀបរាប់ខាងលើហើយនៅតែមិនបាត់​របក​ស្បែកដៃ យើងគួរ​ទៅ​ជួប​គ្រូពេទ្យសើស្បែកដើម្បីពិនិត្យបន្ថែម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម