ទម្លាប់នៃការចូលគេងទាំងសក់សើមមានផលប៉ះពាល់ច្រើន ជាពិសេសសម្រាប់អ្នកចូលចិត្តងូតទឹកពេលយប់។ ប្រសិនជាគ្នាយើងមានទម្លាប់គេងទាំងសក់សើម គួរដឹងពីផលប៉ះពាល់ទាំងនេះ។
១. រលាកស្បែកក្បាល
តើគ្នាយើងធ្លាប់មានបញ្ហារមាស់ និងរលាកស្បែកក្បាលទេ? ភាគច្រើននៅពេលមានបញ្ហានេះយើងបន្ទោសទៅលើសាប៊ូកក់សក់ ប៉ុន្តែតាមពិតទៅនេះក៏អាចបណ្ដាលមកពីទម្លាប់នៃការចូលគេងទាំងសក់សើមដែរ។ ជំងឺស្បែកក្បាលដូចជាការឡើងអង្គែអាចកើតមាននៅពេលយើងគេងលើស្រោមខ្នើយដែលសើម។ នៅពេលយើងគេងទាំងសក់សើម សភាពក្ដៅ និងសំណើមអាចបង្កើនការលូតលាស់នៃបាក់តេរីបាន។
២. ធ្វើឲ្យសក់ដាញ់
សក់សើមគឺមានភាពផុយស្រួយងាយនឹងខូចណាស់។ នៅពេលយើងចូលគេងទាំងសក់សើម នោះសក់អាចនឹងជំពាក់គ្នាអំឡុងពេលគេង។ នៅពេលព្រឹក សក់របស់យើងនឹងរញ៉េរញ៉ៃ ហើយពិបាកសិត។
៣. ឈឺក្បាល
ប្រសិនជាយើងចូលគេងទាំងសក់សើម ពេលភ្ញាក់ឡើងយើងអាចនឹងមានអាការៈឈឺក្បាល។ អ្នកជំនាញថែទាំសក់បានលើកឡើងថាការគេងទាំងសក់សើមបញ្ចុះសីតុណ្ហភាពក្នុងរាងកាយដែលបង្កឲ្យមានអាការៈ ឈឺក្បាលដោយសារតែរាងកាយព្យាយាមតំឡើងសីតុណ្ហភាពក្នុងរាងកាយ។ អ្នកឯកទេសថែទាំសក់ផ្សេងទៀតជឿថាការចូលគេងដោយរុំសក់នឹងកន្សែងក៏អាចបង្កការឈឺចាប់ និងរំខានដល់ដំណេកទៀត។
៤. សក់រួញ និងខ្វះសំណើម
ការចូលគេងទាំងសក់សើមមិនបង្កបញ្ហាសុខភាពធ្ងន់ធ្ងរមែន ប៉ុន្តែអាចប៉ះពាល់ដល់ទម្រង់សក់។ សក់សើមបង្កើតឲ្យមានការកកិតខ្លាំងជាមួយនឹងស្រោមខ្នើយដែលធ្វើឲ្យសក់រួញ និងខ្វះសំណើម។ ដូចនេះយកល្អគួរចំណាយពេលជូតសក់ឲ្យស្ងួតមុនចូលគេងដើម្បីកាត់បន្ថយការចំណាយទៅលើផលិតផលថែទាំសក់សម្រាប់បញ្ហាសក់នេះ។
៥. សក់មិនមានទម្ងន់
សក់ស្តើងគឺមកពីសក់មិនមានទម្ងន់។ ការគេងទាំងសក់សើមគឺអាចធ្វើឲ្យសក់ខូចសម្រាប់ប្រភេទសក់ស្តើង។ ប្រសិនជាយើងទម្លាប់គេងទាំងសក់សើម នោះសក់នឹងមើលទៅកាន់តែស្តើងជាងមុន។
៦. សក់បែកចុង
ទម្លាប់គេងទាំងសក់សើមគឺជាមូលហេតុដែលបង្កឲ្យសក់បែកចុងព្រោះសក់សើមគឺមានភាពផុយស្រួយ ហើយការរើចុះរើឡើងពេលគេងនេះហើយដែលធ្វើឲ្យសក់បែកចុង។
៧. រលាកស្បែក
ការគេងទាំងសក់សើមមិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាលទេ ប៉ុន្តែនៅប៉ះពាល់ដល់ស្បែកទៀត។ នៅពេលយើងគេងរើចុះរើឡើង សក់អាចមកនៅលើមុខ។ សក់សើម និងសីតុណ្ហភាពនៅក្នុងបន្ទប់គេងជាលក្ខខណ្ឌដ៏ល្អមួយសម្រាប់ការលូតលាស់នៃបាក់តេរីដែលបង្កការរលាកលើស្បែក។
អត្ថបទពាក់ព័ន្ធ៖
- ថែសក់ម៉េចឲ្យស្អាត មិនជ្រុះ មិនឡើងអង្គែ មិនឡើងប្រេង មិនស្ងួត មិនបែកចុង?
- អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត
- ឧស្សាហ៍លាបសក់ តិចនិកទាំងនេះអាចជួយកុំឲ្យសក់ខូច និងបែកចុង
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាកល្បងវិធីសាស្ត្រនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]