គ្នាយើងអាចនឹងធ្លាប់ឮហើយថាការពាក់កៅស៊ូចងសក់នៅកដៃអាចផ្តល់ប៉ះពាល់ដល់សុខភាព ប៉ុន្តែយើងអាចនឹងមិនសូវយកចិត្តទុកដាក់លើបញ្ហានេះ។ តើការពាក់កៅស៊ូចងសក់នៅនឹងកដៃអាចប៉ះពាល់យ៉ាងម៉េចខ្លះ?
១. បង្កឲ្យមានការឆ្លងមេរោគ
ស្បែកគឺជារបាំងការពារពពួកមេរោគផ្សេងៗ ប៉ុន្តែនៅពេលមានការរលាត់ស្បែកអាចធ្វើឲ្យមានមេរោគឆ្លងចូលបានយ៉ាងងាយ។ កៅស៊ូចងសក់ធម្មតាគឺមិនធ្វើឲ្យមានការខូចខាតលើស្បែកច្រើនទេ ប៉ុន្តែពពួកកៅស៊ូចងសក់ដែលមានការរចនាជាមួយគ្រាប់តូចភ្លឺផ្លេក ឬមានដែក អាចបង្កើតមានស្នាមរលាត់តូចៗ ដែលនេះហើយធ្វើឲ្យបាក់តេរីឆ្លងចូលក្នុងស្បែកបានទោះបីជាមានការរលាត់តូចក៏ដោយ។
កៅស៊ូចងសក់អាចមានបាក់តេរីច្រើនប្រភេទព្រោះយើងប្រើវាចងសក់ញឹកញាប់ ហើយកៅស៊ូចងសក់ថ្មីមិនទាន់ប្រើក៏មានបាក់តេរីដែរ។ ជាពិសេសពេលយើងលាងដៃ និងសម្ងួតដៃហើយ កៅស៊ូចងសក់នៅតែសើមដដែល ហើយបាក់តេរីចូលចិត្តបរិយាកាសសើមបែបនេះដែលវាអាចលូតលាស់បាន។ នៅសហរដ្ឋអាមេរិកស្ត្រីម្នាក់បានឲ្យដឹងថាដៃរបស់នាងមានដុំពកមួយក្រោយពីពាក់កៅស៊ូចងសក់នៅកដៃ។ នាងក៏បានទៅពិគ្រោះជាមួយគ្រូពេទ្យ និងបានទទួលការព្យាបាលតែដុំពកនៅដដែលដែលនេះតម្រូវឲ្យនាងធ្វើការវះកាត់ដុំពកនេះ ហើយដុំពកនេះបង្កដោយការឆ្លងមេរោគ។
២. បញ្ហាចរន្តឈាម
កៅស៊ូចងសក់មានសភាពតឹងពេលពាក់ជាប់នៅនឹងដៃយូរអាចបង្កឲ្យមានបញ្ហាចរន្តឈាមបាន។ ការពាក់កៅស៊ូចងសក់នៅកដៃអាចរឹតសរសៃឈាម ដែលនេះប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ ហើយយើងអាចមាន Carpal Tunnel Syndromeដែលបង្កឲ្យមានការឈឺចាប់ និងស្ពឹកម្រាមដៃ។
ការមិនពាក់កៅស៊ូចងសក់នៅកដៃអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ឬដើម្បីចៀសវាងការឆ្លងមេរោគយើងអាចដោះចេញពេលលាងដៃ ឬធ្វើកិច្ចការផ្ទះផ្សេងៗ។ ប្រសិនជាយើងគិតថាកៅស៊ូចងសក់ចាស់មានបាក់តេរីច្រើន យើងអាចបោកសម្អាត ឬបោះចោលតែម្ដង។
[embed-health-tool-due-date]