គ្នាយើងធ្លាប់ឆ្ងល់អត់អ្នកខ្លះវ័យដំណាលគ្នានឹងយើងដែរ តែសក់ក្បាលបែរជាជ្រុះចង់អស់ ខ្លះទៀតបែរជាជ្រុះដល់ថ្នាក់ទំពែក លែងមានសក់ដុះបន្តទៀត? ខាងក្រោមនេះ ជាមូលហេតុមួយចំនួនគ្នាយើងគួរដឹង។
១- ហេតុអ្វីបានជាមនុស្សយើងទំពែក?
ភាគច្រើននៃបុរសយើង ការដែលទំពែកក្បាល គឺកើតឡើងតាមតំណពូជ ដែលភាសាបច្ចេកទេសហៅថា Male pattern baldness ដែល ៩៥ ភាគរយនៃបុរសដែលទំពែកក្បាល គឺសុទ្ធតែបណ្ដាលមកពីបញ្ហានេះ។ បញ្ហាតំណពូជ គឺដោយសារតែឫសសក់របស់យើងចាប់ផ្ដើមមានប្រតិកម្មជាមួយនឹងអ័រម៉ូនមួយដែលមានឈ្មោះថា DHT (dihydrotestosterone) ធ្វើឲ្យឫសសក់ទាំងនោះកាន់តែរួមតូចទៅៗ ជាហេតុនាំឲ្យសក់កាន់តែខ្លីទៅៗ រហូតដល់សក់ទាំងនោះជ្រុះចេញអស់។ ការជ្រុះសក់ដោយសារបញ្ហានេះ គឺគេសុទ្ធតែអាចសម្គាល់បាន ហើយការជ្រុះសក់ដែលឃើញជាញឹកញាប់គឺមានពីររបៀប៖
-សក់ចាប់ផ្ដើមជ្រុះពីខាងលើកណ្ដាលក្បាលរាលចុះមកក្រោម
-សក់ចាប់ផ្ដើមជ្រុះពីចំហៀងក្បាលផ្នែកខាងមុខរាលថយក្រោយ។
២- តើនៅអាយុប៉ុន្មានមនុស្សប្រុសចាប់ផ្ដើមជ្រុះសក់?
ប្រសិនបើយើងឃើញថាសក់កាន់តែស្ដើងទៅៗជាងអ្វីដែលយើងធ្លាប់មានពីមុនមក យើងគួរតែត្រៀមចិត្តខ្លះឲ្យហើយទៅ។ ប៉ុន្តែយើងក៏ពុំគួរបារម្ភពេកដែរ ព្រោះថាមិនមែនមានតែយើងម្នាក់ទេដែលមានបញ្ហាដូចនេះ។ បញ្ហាជ្រុះសក់ទំពែករបស់មនុស្សប្រុសភាគច្រើន គឺកើតឡើងនៅដំណាក់កាលមួយចំនួននៃអាយុ។ បើយោងតាមអង្គការ American Hair Loss Association មនុស្សប្រុសប្រហែល ២៥ % ចាប់ផ្ដើមជ្រុះសក់នៅអាយុតិចជាង២១ឆ្នាំ ហើយប្រហែល ៦៦% ចាប់ផ្ដើមជ្រុះសក់នៅអាយុ ៣៥ ឆ្នាំ និង ៨៥% ជ្រុះសក់នៅអាយុ ៥០ឆ្នាំ។
៣- បញ្ហាផ្សេងទៀតដែលនាំឲ្យទំពែកជ្រុះសក់
ការជ្រុះសក់ ក៏អាចកើតមានឡើងដោយសារបញ្ហាផ្សេងទៀត ក្រៅពីបញ្ហាដែលរៀបរាប់ខាងលើនេះដែរ ។ ឧទាហរណ៍ដូចជាការជ្រុះសក់ដោយសារថ្នាំពេទ្យជាដើម ប៉ុន្តែការជ្រុះសក់ទាំងនោះគឺបណ្ដោះអាសន្នប៉ុណ្ណោះ។ នេះគឺមានន័យថាសក់យើងនឹងដុះឡើងវិញប្រសិនបើឈប់ប្រើថ្នាំ។ ក្រៅពីនេះ បញ្ហាស្ត្រេសរយៈពេលយូរ ក៏អាចបណ្ដាលឲ្យជ្រុះសក់ផងដែរ។ នៅពេលដែលយើងស្ត្រេសច្រើននឹងមានរយៈពេលយូរ វានឹងបញ្ចេញសញ្ញាធ្វើឲ្យឫសសក់ស្ថិតក្នុងដំណាក់កាលសម្រាករួចនឹងធ្វើឲ្យសក់ជ្រុះនៅរយៈពេលប៉ុន្មានខែក្រោយមក។
[embed-health-tool-due-date]