គ្នាយើងស្រីៗកុំគិតថាសក់វែង និងសក់ខ្លី ការថែទាំគឺដូចគ្នានោះ។ គ្នាយើងមានសក់វែងត្រូវយកចិត្តទុកដាក់ថែទាំសក់ខុសពីអ្នកមានសក់ខ្លី។ ការថែទាំមិនបានល្អ នឹងធ្វើឲ្យសក់យើងខូចខាតខ្លាំងមិនខាន។ ខាងក្រោមនេះជាតិចនិកបីយ៉ាងគ្នាយើងអាចសាកល្បងថែរក្សាសក់វែងឲ្យនៅមានសុខភាពល្អ។
១. ជ្រើសរើសក្រាសសិតសក់ត្រឹមត្រូវ
បើគ្នាយើងមានសក់វែង យើងមិនអាចយកក្រាសសម្រាប់អ្នកសក់ខ្លីមកសិតបាននោះទេ។ ក្រាសដែលមានធ្មេញញឹកល្អិតនឹងធ្វើឲ្យសក់របស់យើងខូច ព្រោះថាអាចធ្វើឲ្យសក់យើងបាក់ និងដាច់បានទៀតផង។ ពិសេសជាងនេះទៀតនោះ យើងរឹតតែមិនគួរប្រើក្រាសប្រភេទនេះទៀត បើសក់យើងសើម ព្រោះសក់កាន់តែងាយខូចខាត។ ដូចនេះហើយ យើងគួរជ្រើសរើសក្រាសសិតសក់ណាមានធ្មេញទូលាយបន្តិចដើម្បីសិតសក់។
២. កុំប្រើកន្សែងសម្ងួតសក់
គ្នាយើងស្រីៗមួយចំនួនទំនងជាយកកន្សែងមកសម្ងួតសក់មិនខានក្រោយពីងូតទឹករួច។ គ្នាយើងដឹងទេ សក់យើងវែង មិនអាចធ្វើបែបនេះបានទេ ពេលយើងយកកន្សែងមកជូតសក់ វាអាចធ្វើឲ្យសក់យើងបាក់ខូចបាន។ កាលណាយើងយកកន្សែងមករុំ និងជូតសម្ងួត នឹងធ្វើឲ្យប្រហោងតូចៗកើតមាននៅគល់សក់ ធ្វើឲ្យសក់ខ្សោយ។
៣. កក់សក់ឲ្យបានត្រឹមត្រូវ
បើយើងជាអ្នកមានសក់វែង យើងមិនគួរកក់សក់រាល់ថ្ងៃនោះទេ ជំនួសមកវិញយើងគួរកក់សក់បីថ្ងៃម្ដងវិញ។ បើយើងជាអ្នកមានសកម្មភាពប្រចាំថ្ងៃច្រើន យើងគ្រាន់តែលាងសម្អាតសក់ជាមួយទឹកស្អាតក៏បានក្នុងចន្លោះពេលរង់ចាំដល់ថ្ងៃត្រូវកំណត់កក់សក់។ ពេលកក់សក់យើងត្រូវធ្វើម៉េចឲ្យសាប៊ូបានដល់ស្បែកក្បាលយើងឲ្យបានល្អ។
[embed-health-tool-due-date]