បញ្ហាមុនគឺជាកង្វល់របស់ស្រីៗយើងស្រាប់ហើយ ប៉ុន្តែប្រសិនបើយើងមានស្បែកងាយប្រតិកម្មទៀតនោះ វាកាន់តែពិបាកព្យាបាលមិនខាន។ ពិតណាស់ ការព្យាបាលមុនទាក់ទងនឹងការប្រើប្រាស់សារធាតុផ្សំខ្លាំងៗ ដែលអាចជ្រាបចូលយ៉ាងជ្រៅក្នុងស្រទាប់ស្បែក និងកម្ចាត់ចោលស្រទាប់ខាងលើនៃស្បែក។ ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកប្រតិកម្មវិញ មិនអាចប្រើប្រាស់ផលិតផលថែទាំស្បែកដែលមានសារធាតុផ្សំខ្លាំងៗបានឡើយ។
ដូច្នេះហើយ ការព្យាបាលមុនដ៏ល្អបំផុតគឺមិនត្រូវធ្វើឲ្យស្បែកស្ងួត និងរលាក ក៏ដូចជាប្រតិកម្មឡើយ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនសម្រាប់ការព្យាបាលមុន សម្រាប់ស្បែកងាយប្រតិកម្ម។
១. កំណត់ស្បែកងាយប្រតិកម្មឲ្យបានត្រឹមត្រូវ
ជំហានដំបូងក្នុងការដោះស្រាយបញ្ហាស្បែកងាយប្រតិកម្ម និងកើតមុនគឺកំណត់ប្រភេទស្បែកដែលងាយប្រតិកម្មឲ្យបានត្រឹមត្រូវ។ ប្រសិនបើស្បែកលេចឡើងស្នាមក្រហម និងរលាក នៅពេលលាបផលិតផលផ្សេងៗ នេះមានន័យថាយើងមានស្បែកងាយប្រតិកម្ម ដែលមានប្រតិកម្មខ្លាំងចំពោះផលិតផលថែសម្រស់។ ក្នុងករណីដែលគ្នាយើងមានស្បែកស្ងួត និងកើតមុន វាអាចធ្វើឲ្យស្បែកងាយឈឺចាប់នៅពេលប៉ះ។ ការព្យាបាលមុននឹងធ្វើឲ្យស្បែកកាន់តែប្រតិកម្មជាងមុន ជាពិសេសនៅពេលប្រើប្រាស់សារធាតុផ្សំដែលមានដូចជា Retinoids, Benzoyl Peroxide, Salicylic Acid និងផលិតផលព្យាបាលដទៃទៀត។
២. ជៀសវាងធ្វើឲ្យស្បែកកាន់តែស្ងួត
ពិតណាស់ រាល់ផលិតផលសម្រាប់ព្យាបាលមុន សុទ្ធតែធ្វើឲ្យស្បែកកាន់តែងាយប្រតិកម្ម ដូច្នេះហើយ យើងត្រូវជ្រើសរើសផលិតផលព្យាបាលមុនដោយយកចិត្តទុកដាក់ជាទីបំផុត។ ការប្រើប្រាស់ក្រែមផ្ដល់សំណើមគឺជារឿងសំខាន់មួយ ទោះបីជាយើងកំពុងតែប្រឈមនឹងបញ្ហាមុនក៏ដោយ។ មានផលិតផលមួយចំនួនដែលត្រូវបានបង្កើតឡើងសម្រាប់ព្យាបាលមុន ដោយមានផ្ទុកស័ង្កសី និងអាស៊ីដ Myristic ផ្ដល់សំណើម និងការពារមុននៅក្នុងពេលតែមួយ។ បន្ថែមពីនេះ ការប្រើប្រាស់ក្រែមផ្ដល់សំណើម និងហ្វូមលាងមុខប្រភេទពពុះ ក៏អាចជួយរក្សាជាតិទឹកដល់ស្បែកដូចគ្នា។
៣. ការព្យាបាលបែបស្រាល និងមានប្រសិទ្ធភាព
ការព្យាបាលមុនដ៏ល្អបំផុតសម្រាប់ស្បែកងាយប្រតិកម្មគឺTopical Retinoids ពីព្រោះវាជាវិធីសាស្ត្រដ៏ពូកែក្នុងការដោះស្រាយបញ្ហានេះ។ យ៉ាងណាមិញ ចូរជៀសវាងសារធាតុផ្សំដែលអាចធ្វើឲ្យរលាកស្បែកដូចជា benzoyl peroxide, salicylic acid, ឬ tea tree oil។ គ្នាយើងគប្បីប្រើផលិតផលដែលមានសារធាតុTopical retinoids ជាមួយនឹងហ្វូមលាងមុខដែលគ្មានជាតិកាត់ ក្រែមផ្ដល់សំណើម និងក្រែមការពារកម្ដៅថ្ងៃដែលមិនធ្វើឲ្យស្ទះរន្ធញើស ។
៤. ចាប់ផ្ដើមយឺតៗ
ខណៈពេលដែលយើងដឹងថាការថែទាំស្បែកប្រភេទណាដែលស័ក្ដិសមចំពោះស្បែករបស់យើងហើយនោះ ចូរចាប់ផ្ដើមយឺតៗ។ យើងគប្បីតាមដានពីប្រតិកម្មរបស់ស្បែក និងប្រុងប្រយ័ត្នចំពោះបរិមាណ និងភាពញឹកញាប់នៃការប្រើប្រាស់។ ជាងនេះទៅទៀត ចូរសាកល្បងលាបវានៅលើដៃមុនពេលចាប់ផ្ដើមលាបនៅលើមុខ។ សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម ចូរចាប់ផ្តើមលាបវានៅពេលយប់ ឬ១ទៅ២ដងក្នុងមួយសប្ដាហ៍។ នៅពេលដែលប្រាកដថាស្បែកមុខរបស់យើងអាចសម្របយកផលិតផលទាំងនោះហើយ យើងអាចប្រើប្រាស់វាញឹកញាប់បាន។
៥. រឿងគួរ និងមិនគួរធ្វើចំពោះស្បែក
- មិនត្រូវប្រើប្រាស់ផលិតផលច្រើន ដែលមានផ្ទុកសារធាតុ tea tree oil, salicylic acid, ឬ glycolic acid និងជំនួសដោយការប្រើប្រាស់សារធាតុស្រាលៗ ដូចជាmandelic acid ឬbakuchiol សម្រាប់ជម្រុះកោសិកាចាស់ៗ។
- មិនត្រូវប្រើប្រាស់ថ្នាំព្យាបាលមុននៅខាងក្រោមភ្នែក ហើយត្រូវផ្ដល់សំណើមនៅបរិវេណភ្នែក និងជុំវិញមាត់ច្រើនដងក្នុងមួយថ្ងៃ។
- ប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃដែលមានជាតិទឹក ឬជែល។
- មិនត្រូវប៉ះមុខញឹកញាប់ឡើយ មិនថាប្រើប្រាស់ជាមួយនឹងកំណាត់ស្អាត ឬផលិតផលសម្រាប់ស្បែកមុខ ពីព្រោះវាអាចបណ្ដាលឲ្យងាយប្រតិកម្ម។
- មិនត្រូវលាងសម្អាតមុខញឹកញាប់ពេក ជៀសវាងបាត់បង់សំណើមនៃស្បែក។
[embed-health-tool-due-date]