
គ្នាយើងណា មិនចង់បានសក់ស្អាត ទាំងស្រី ទាំងប្រុស។ ចង់តែស្អាតមួយមុខអត់ទាន់គ្រប់ទេ គឺត្រូវទាមទារការថែទាំ សម្អាត និងមានអនាម័យខ្ពស់ ហើយទៀងទាត់មែនទែន។ វិធីថែទាំស្រីៗ ប្រាកដជាមិនដូចគ្នា ខ្លះហ៊ានចាយលុយច្រើនលើគ្រឿងសម្អិតសម្អាង ហើយខ្លះទៀត ប្រឹងធ្វើរបៀបសាមញ្ញៗ ហើយសន្សំសំចៃបំផុត។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹងណែនាំវិធីងាយៗតាមធម្មជាតិ៖
១- ស៊ុត
– ផ្នែកសរបស់ស៊ុតមួយគ្រាប់ អាចផលិតជាម៉ាស់សម្រាប់ធ្វើឲ្យសក់ស្អាតបាន ដោយគ្រាន់តែយកមកលាយជាមួយប្រេងអូលីវមួយស្លាបព្រាកាហ្វេ ឬប្រេងអាល់ម៉ុន និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។
លាយបញ្ចូលគ្នា រួចលាបលើសក់ និងស្បែកក្បាល រួចយកមួកមកគ្របពីលើ ហើយទុកចោលប្រហែល ៣០ នាទី បន្ទាប់មកលាងសម្អាតសក់ជាមួយទឹកត្រជាក់ នោះគ្នាយើងនឹងបានសក់រលោងស្អាតដូចបំណង (សូមកុំប្រើទឹកក្ដៅ)។
– ជម្រើសមួយទៀត អាចប្រើស៊ុត ២ គ្រាប់ ប្រេងអាល់ម៉ុន ២ ស្លាបព្រាកាហ្វេ លាយជាមួយយ៉ាអួរកន្លះពែង លាបទៅលើសក់ រួចពាក់មួកគ្របពីលើរយៈពេល ៣០ នាទី ក្រោយមកសម្អាតសក់ជាមួយទឹកត្រជាក់ ជាការស្រេច។ អនុវត្តឲ្យបានម្ដងក្នុងមួយសប្ដាហ៍ នឹងមានសក់រលោងស្អាត។
២- ស្រាបៀរ
ស្រាបៀរជាសារធាតុបំប៉នសក់ដ៏ប្រសើរ។ វាមានប្រូតេអ៊ីនខ្លាញ់ និងក្លិនដែលមានប្រសិទ្ធភាពជួសជុលសក់ខូច។
– លាងសក់ដោយសាប៊ូថ្នមៗ បន្ទាប់មកយកស្រាបៀលាបពីលើដោយផ្ទាល់។
– ច្បូតសក់ថ្នមៗ ដើម្បីឲ្យប្រូតេអ៊ីនដែលមានក្នុងស្រាបៀរជ្រាបចូលក្នុងស្បែកក្បាល។
– ទុកចោលរយៈពេល ៥ នាទី រួចកក់សម្អាតសក់ជាមួយទឹកក្ដៅឧណ្ហៗ។
ធ្វើបែបនេះម្ដងរៀងរាល់ ២ សប្ដាហ៍ សក់នឹងរលោងស្អាត។






















