ពិតណាស់ ស្រីៗយើងគ្រប់រូបសុទ្ធតែចង់បានស្បែកសស្អាត ភ្លឺស្រស់ថ្លា និងទន់ម៉ត់រលោង។ យ៉ាងណាមិញ បញ្ហាពណ៌ស្បែកមិនស៊ីគ្នា ក៏ជាកង្វល់ដ៏ធំមួយដែលអាចបំផ្លាញទំនុកចិត្តរបស់យើងចំពោះខ្លួនឯងផងដែរ។
តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យពណ៌ស្បែកមិនស៊ីគ្នា?
កត្តាទូទៅដែលបង្កឲ្យពណ៌ស្បែកមិនស៊ីគ្នា មានដូចខាងក្រោម៖
- ការប្រែប្រួលអ័រម៉ូន នៅពេលប្រើថ្នាំពន្យារកំណើត ឬនៅពេលមានផ្ទៃពោះ
- ការបំផ្លាញពីកម្ដៅថ្ងៃ
- ភាពចាស់
យើងអាចដោះស្រាយបញ្ហាពណ៌ស្បែកមិនស៊ីគ្នាដោយរបៀបណា?
បន្ទាប់ពីបានដឹងច្បាស់អំពីមូលហេតុដែលធ្វើឲ្យយើងមានពណ៌ស្បែកមិនស៊ីគ្នា ស្រីៗយើងក៏អាចកម្ចាត់បញ្ហាមួយនេះ ដោយប្រើរូបមន្តធម្មជាតិងាយៗ។
១. ម៉ាសប៉េងប៉ោះ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ
ប៉េងប៉ោះសំបូរទៅដោយវីតាមីនA ដែលល្អបំផុតក្នុងការកាត់បន្ថយបញ្ហាមុន ឬស្នាមខ្មៅផ្សេងៗដែលមាននៅលើស្បែក។
ចូរលាយទឹកឃ្មុំ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ២ឬ៣ដំណក់ និងទឹកប៉េងប៉ោះចំនួន១ស្លាបព្រាបាយ ដោយលាបទៅលើផ្ទៃមុខឲ្យសព្វល្អ។ បន្ទាប់មក ទុកចោលរយៈពេល១៥នាទី រួចលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ ចុងក្រោយ ចូរលាងសម្អាតម្ដងទៀត ដោយប្រើទឹកត្រជាក់ ដើម្បីបន្តឹងរន្ធញើស។
២. ម៉ាសល្ហុងបៃតង និងទឹកដោះគោ
ដោយសារតែល្ហុងបៃតង(ខ្ចី)សំបូរទៅដោយអង់ស៊ីមដូចជាPapain និងអាស៊ីដAlpha Hydroxy វាអាចកម្ចាត់ចោលរាល់កោសិកាស្បែកងាប់ និងធ្វើឲ្យស្បែកត្រលប់មករកភាពស៊ីគ្នាវិញ។
ដើម្បីទទួលបានម៉ាសមួយប្រភេទនេះ យើងត្រូវកិនល្ហុងចំនួនកន្លះពែង និងបន្ថែមទឹកដោះគោស្រស់ចំនួន២ស្លាបព្រាបាយ ដើម្បីទទួលបានល្បាយខាប់។ បន្ទាប់មក លាងសម្អាតផ្ទៃមុខ រួចលាបល្បាយនៅលើផ្ទៃមុខឲ្យសព្វល្អ។ នៅពេលដែលម៉ាសស្ងួត យើងត្រូវលាងជម្រះចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។
៣. ទឹកត្រសក់ និងទឹកក្រូចឆ្មារ
ជាមួយគ្នានេះដែរ ម៉ាសត្រសក់ និងទឹកក្រូចឆ្មារ មានគុណប្រយោជន៍ក្នុងការកម្ចាត់ចោលបញ្ហាពណ៌ស្បែកមិនស្មើគ្នា ដោយកាត់បន្ថយស្នាមខ្មៅ និងរង្វង់ភ្នែកខ្មៅយ៉ាងពូកែស័ក្ដិសិទ្ធិ។
ចូរលាយត្រសក់ដែលឈូសរួច ជាមួយនឹងទឹកក្រូចឆ្មារចំនួនកន្លះស្លាបព្រាបាយ រួចយកមកលាបនៅលើផ្ទៃមុខ និងទុកចោលរយៈពេល១៥នាទី ទើបជូតចេញដោយប្រើសំឡីជ្រលក់ជាមួយនឹងទឹកត្រជាក់។
[embed-health-tool-due-date]