ប្រសិនបើយើងមានស្បែកមុខខ្លាញ់ ភាគច្រើនគឺជារន្ធញើសរីកធំ ដែលបណ្ដាលមកពីការផលិតប្រេងច្រើនជ្រុល កោសិកាងាប់ និងភាពកង្វក់តោងជាប់ស្បែក។ ពិតណាស់ រន្ធញើសរីកធំគឺកើតឡើងជាទូទៅ នឹងអាចធ្វើឲ្យស្បែកមិនស្រស់ស្អាត មិនមានសុខភាពល្អ ព្រមទាំងធ្វើឲ្យយើងមើលទៅចាស់ជាងវ័យ។ លើសពីនេះ វាក៏អាចធ្វើឲ្យយើងកើតមុនធ្ងន់ធ្ងរថែមទៀតផង។
មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យរន្ធញើសរបស់យើងរីកធំ។
១. កត្តាហ្សែន
ជាក់ស្ដែង ហ្សែនដើរតួយ៉ាងសំខាន់ក្នុងការកំណត់ទំហំរន្ធញើស ដូច្នេះហើយ ប្រសិនបើប៉ាម៉ាក់យើងមានរន្ធញើសធំៗ យើងក៏មានឱកាសខ្ពស់ក្នុងការមានរន្ធញើសធំដូចគ្នា។ ហ្សែនអាចបណ្ដាលឲ្យរន្ធញើសនៃស្បែករីកធំ និងបើកចំហនៅជុំវិញថ្ពាល់ ថ្ងាស និងច្រមុះ ហើយប្រសិនបើយើងមិនថែទាំស្បែកឲ្យបានត្រឹមត្រូវទេនោះ វានឹងបណ្ដាលឲ្យកើតមានស្បែកងាប់ ដែលនាំឲ្យរន្ធញើសរីកកាន់តែធំ។
២. បង្កើនការផលិតខ្លាញ់
កត្តាចម្បងដែលធ្វើឲ្យរន្ធញើសរីកធំ បណ្ដាលមកពីការផលិតខ្លាញ់ច្រើនជ្រុល។ រន្ធញើសនីមួយៗផ្ទុកក្រពេញSebaceous ដែលបញ្ចេញខ្លាញ់។ នៅពេលដែលក្រពេញនេះផលិតខ្លាញ់ច្រើនជ្រុល វានឹងបណ្ដាលឲ្យស្បែកឡើងប្រេង។ ទោះបីជាខ្លាញ់មានតួនាទីជាក្រែមផ្ដល់សំណើមធម្មជាតិក៏ពិតមែន ប៉ុន្តែការផលិតខ្លាញ់ច្រើនជ្រុលគឺជាបញ្ហាដ៏ធំមួយ។
៣. បាត់បង់ភាពយឺតនៃស្បែកដោយសារកត្តាអាយុ
នៅពេលដែលយើងមានវ័យកាន់តែច្រើន ស្បែករបស់ក៏យើងក៏បាត់បង់ភាពយឺតដូចគ្នា ដែលបង្កឲ្យរន្ធញើសកាន់តែរីកធំជាងធម្មតា។ រន្ធញើសធំគឺជារឿងធម្មជាតិនៃដំណើរការវិវត្តន៍នៃវ័យ ពីព្រោះការផលិតជាតិខូឡាជែននៃស្បែកចាប់ផ្ដើមថយចុះ និងធ្វើឲ្យស្បែកចាប់ផ្ដើមយារធ្លាក់បន្តិចម្តងៗ។
៤. ការបំផ្លាញពីពន្លឺព្រះអាទិត្យ
អាកាសធាតុសើម និងការកើនឡើងនៃការប៉ះពាល់ពីកម្ដៅថ្ងៃ អាចកាត់បន្ថយការផលិតខូឡាជែន ដែលបណ្ដាលឲ្យមានស្នាមជ្រីវជ្រួញ និងរន្ធញើសរីកធំ។ ការផលិតខូឡាជែនសំខាន់ណាស់ ពីព្រោះវាជួយរក្សាស្បែកឲ្យនៅតឹងណែន និងមានសុខភាពល្អ។
៥. ឫសរោមធំ
ជាមួយគ្នានេះដែរ រោមនីមួយសុទ្ធតែមានឫស និងមានទីតាំងនៅក្រោមរន្ធញើស។ ដូច្នេះហើយ នៅពេលដែលឫសរោមធំ រន្ធញើសក៏រីកធំផងដែរ។
យ៉ាងណាមិញ យើងក៏អាចបង្រួមរន្ធញើស ដោយអនុវត្តតាមតិចនិកទាំងនេះ៖
- លាងសម្អាតមុខជាប្រចាំ
- ជម្រុះកោសិកាចាស់ៗ២ដងក្នុងមួយសប្ដាហ៍
- ផ្ដល់សំណើមដល់ស្បែក២ដងក្នុងមួយថ្ងៃ
- ប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃ
- សម្អាត និងថែទាំស្បែកជាប្រចាំជាមួយនឹងអ្នកជំនាញខាងផ្នែកស្បែកមុខ
[embed-health-tool-due-date]