backup og meta

​ប្រេង​ដូង ប្រមូលផ្តុំអាថ៌កំបាំងរក្សាសម្រស់​ស្រីៗ

​ប្រេង​ដូង ប្រមូលផ្តុំអាថ៌កំបាំងរក្សាសម្រស់​ស្រីៗ

ស្រីៗ ​ធ្លាប់​ដឹងពី​គុណ​ប្រយោជន៍​ប្រេង​ដូង​ដែរ​អត់? ចាំ “Hello គ្រូពេទ្យ” ប្រាប់! ប្រេង​ដូង ​ជា​​ប្រភព​អាថ៌​កំបាំង​​សម្រស់​ នាំឲ្យ​កំពូល​តារា​ល្បីៗ​លំដាប់​ពិភព​លោក Angelina Jolie, Emma Stone, Miranda Kerr និង Poppy Delevingne សុទ្ធ​តែ​ប្រើ​វា​ក្នុង​វិធី​ផ្សេងៗ​គ្នា​ ប៉ុន្តែ​​ចេតនា​រួម គឺដើម្បី​ថែ​រក្សា​សម្ផស្ស​ឲ្យ​ស្រស់​ស្អាត​យូរ​អង្វែង។

គុណ​សម្បត្តិ​របស់​ប្រេង​ដូង ​ជួយ​យើង​បាន​ច្រើន ត្រូវ​គេ​ប្រើសម្រាប់​ថែ​រក្សា​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​សម្រស់​របស់​យើង​តែ​ម្តង។

១- សក់

សម្រាប់​ផ្នែក​សក់​ ប្រេង​ធម្មជាតិ​ប្រភេទ​នេះ ត្រូវ​គេ​ប្រើ​ជា៖

– ក្រែមបន្ទន់សក់៖ ទោះ​ជា​សីតុណ្ហភាព​ក្នុង​បន្ទប់ ត្រជាក់ ឬក្តៅ​ក៏​ដោយ លាប​សក់​​ជាមួយ​ប្រេង​ដូងរយៈពេល​ប៉ុន្មាន​ម៉ោង នឹង​ធ្វើ​ឲ្យ​សក់​កាន់​តែ​រឹង​មាំ កាន់​តែ​​ល្អ​ប្រសើរ ដោយ​សារ​ក្នុង​ប្រេង​ដូងសម្បូរ​វីតាមីន E វីតាមីន K និង​ជាតិ​ដែក។

– ទឹក​ថ្នាំ​ប្រឆាំង​សក់​រួញ៖ ប្រើ​ម្រាម​ដៃ​លាប​ប្រេង​លើ​សក់ត្រង់​ត្រចៀក​ចុះ​ក្រោម អាច​ជួយ​ធ្វើសក់​ដុះ​មក​​មិន​រួញ។

– ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង៖ ដោយ​សារ​សេរ៉ូម​បន្ទន់​សក់​មាន​សារធាតុ​ស៊ីលីកូន​ច្រើន (បង្កកម្ទេចធូលីជាប់សក់) គួរ​​ប្រើ​ប្រេងដូង​មិន​ទាន់​ចម្រាញ់ជំនួស​វិញ អាច​ជួយ​ឲ្យ​យើង​សក់ទន់​ល្អ។

– ប្រេង​សម្អាត​ស្បែក​ក្បាល៖ ស្បែក​ក្បាល និង​សក់ អាច​មាន​បាក់តេរី​ច្រើន​ជាង​អ្វី​យើង​គិត​ទៅ​ទៀត។ ប៉ុន្តែ​ដោយ​សារ​ប្រេងដូង មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​ផ្សិត និងបាក់តេរី​បាន​ល្អ នាំ​ឲ្យ​ប្រេង​ដូង គឺ​ជាអ្នក​ការ​ពារ​ស្បែក​ក្បាល​ស័ក្តិ​សម​បំផុត។

– កម្ចាត់​អង្គែ៖ ក្រៅពី​អាច​សម្អាត​បាក់តេរី និង​ផ្សិត អាស៊ីដ​ខ្លាញ់​ក្នុង​ប្រេង​ដូង អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សក់​ខូច និង​កម្ចាត់​អង្គែ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ យើង​អាច​លាយ​ជាមួយ​ប្រេង​ធម្មជាតិ​មួយ​ចំនួន ដូចជា ផ្កា​ឡាវេនឌ័រ ឬ​ប្រេង​រុក្ខជាតិ​រ៉ូសម៉ារី (Rosemary) ដើម្បី​ក្លាយ​ជា​សាប៊ូ​កក់​សក់។

២- ស្បែក

សម្រាប់​ផ្នែក​ស្បែក ប្រេង​ធម្មជាតិ​ប្រភេទ​នេះ ត្រូវ​គេ​ប្រើ​ជា៖

– ជាតិ​ផ្តល់​សំណើម៖ បើ​យើង​ប្រើ​ប្រេង​ដូង​លើ​ផ្ទៃមុខ ឬ​រាង​កាយ ប្រេងដូង​ដើរ​តួនាទី​ ជា​អ្នក​ផ្តល់​សំណើម​ធម្មជាតិ​ជួយ​ទ្រទ្រង់​កោសិកា​ស្បែក។

– ប្រេង​លាប​សម្អាត៖ ប្រេង​ដូង អាច​ប្រើ​លាប​សម្អាត​មេរោគ​លើ​ស្បែក កាត់​បន្ថយ​ករណី​ឡើង​កន្ទួល​រមាស់ និង​​រលាកស្បែក។

– ព្យាបាល​ប្រឆាំង​ភាព​ចាស់៖ ដោយ​សារ ផ្ទុក​ពោរ​ពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហេតុ​នេះ​ប្រេង​ដូង អាច​ជួយ​ទប់​ស្កាត់​កំណើន​រ៉ាឌីកាល់សេរី​ក្នុង​រាងកាយ ជួយ​ឲ្យ​​មើល​ទៅកាន់​តែ​ក្មេង​ជាង​វ័យ ស្បែក​ទន់ និង​មាន​ពន្លឺ។

– ប្រេងកាត់គល់ក្រចក៖ មិន​ត្រឹម​តែ​អាច​ជួយ​ធ្វើ​ក្រចក​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប្រេង​ដូង នៅ​ជួយ​ព្យាបាល​ស្បែក​គល់​ក្រចក​ខូច ​រក្សា​អនាម័យ​ម្រាម​ដៃ និងជើង ​តាម​រយៈ​ការ​ប្រឆាំង​ផ្សិត និង​បាក់តេរី​ថែម​ទៀត​ផង។

៣- មុខ

សម្រាប់​ផ្នែក​មុខ​ ប្រេង​ដូង​ត្រូវ​គេប្រើ​ជា៖

– Highlighter៖ ពេល​យើង Makeup គួរ​ប្រើ​ប្រេង​នេះ​ផាត់​លើ​ថ្ពាល់ ព្រោះ​អាច​បង្កើន​ពណ៌​ធម្មជាតិ​របស់​ស្បែក និង​បញ្ចេញ​ពន្លឺ​ស្រស់​ស្អាត។

– លុប​គ្រឿង​តុប​តែង​មុខ៖ អាច​ប្រើ​ជូត​​ម៉ាស្ការ៉ា​ដែល​កក​លើ​រោម​ភ្នែក និង​គ្រឿង​តុបតែង​ភ្នែក​ផ្សេង​ទៀត ងាយ​លុប​សារ​ធាតុ​ទាំង​នោះ​ចេញ។

– ក្រែម​ជំនួយ​ស្បែក​ក្រោម​ភ្នែក៖ ស្បែក​ស្តើង​នៅ​ក្រោម​ភ្នែក ជា​កន្លែង​ងាយ​បង្ហាញ​ស្នាម​ជ្រីវ​ជ្រួញ។ ដោយ​សារ ប្រេងដូង​សម្បូរ​ជាតិ​សំណើម អាច​ប្រើ​ដើម្បី​ទប់​ស្កាត់​ភាព​ជ្រីវ​ជ្រួញ ហើយ​អាស៊ីដ​ខ្លាញ់​ មាន​ក្នុង​ប្រេង​ធម្មជាតិ​នេះ​ជួយ​បន្តឹង​ស្បែក​ទៀត​ផង។

៤- ស្នាមញញឹម

ស្នាម​ញញឹម ជា​ផ្នែក​មួយ​នៃ​សម្រស់ បើ​សើច​ចេញ​មក ធ្មេញ​មិន​ស្អាត ក៏​ធ្វើ​ឲ្យ​ស្រីៗ​គ្នាយើង​ បាត់បង់​សម្រស់​មួយ​ភាគ​ធំ​ដែរ ហេតុនេះ​ប្រេង​ដូង ត្រូវ​គេ​ប្រើ​ជា៖

– ប្រេងជំនួយធ្មេញ​ឲ្យ​ស៖ អាច​ស្តាប់​ទៅ​មិន​ទំនង ប៉ុន្តែ​តារា និង​ជាអ្នក​ជំនួញ​ស្រី​ជោគជ័យ​ លើ​ពាណិជ្ជកម្ម​គ្រឿង​សម្អាង​ នាង Kylie Jenner ជឿ​ថា យក​ប្រេង​ដូង​លាប​ធ្មេញ ទុក​ចោល​រយៈពេល​ប៉ុន្មាន​នាទី អាច​ជួយ​ធ្មេញ​ឲ្យ​ស​បាន។

– ជួយ​ធ្មេញ​រឹង​មាំ៖ បើ​និយាយ​រឿង​ធ្មេញ មិន​ត្រឹម​តែ​សំដៅ​លើ​ពណ៌​របស់វា​នោះទេ ភាព​រឹងមាំ​របស់​ធ្មេញ​ក៏​ត្រូវ​រាប់​បញ្ចូល​ដូចគ្នា។ប្រេងដូង មាន​សារ​ជាតិ​ប្រឆាំង​បាក់តេរី អាច​ជួយ​ទប់​ស្កាត់ និងការពារ​ធ្មេញ​ កុំ​ឲ្យ​ងាយ​ពុកផុយ។

– បបូរ​មាត់​មាន​សំណើម៖ បើ​យក​មក​លាប​បបូរមាត់ មិន​ត្រឹម​តែ​ជួយ​កុំ​ឲ្យ​ប្រេះ​ ឈឺ ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ជួយ​ឲ្យ​បបូរ​មាត់​យើង លើ​ទៅ​ភ្លឺ​រលោង គួរ​ឲ្យ​ទាក់​ទាញ​ទៀត​ផង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

15 surprising beauty benefits of coconut oil. http://www.marieclaire.com/beauty/news/a14118/coconut-oil-beauty-uses/ Accessed: 20 January, 2017

កំណែ​ប្រែបច្ចុប្បន្ន

26/02/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម