backup og meta

ដើរលេងឆ្នាំខ្មែររួច ស្រាប់តែស្បែករលាក នេះ​ជា​វិធី​ព្យាបាល​ពិសេស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Apr 12, 2019

    ដើរលេងឆ្នាំខ្មែររួច ស្រាប់តែស្បែករលាក នេះ​ជា​វិធី​ព្យាបាល​ពិសេស

    គ្រាន់​តែ​ឮ​កម្តៅ​អាច​ឡើង​ពី ៤០-៤២ អង្សារ ម្នាក់ៗ​ច្បាស់​ជា​គ្មាន​អារម្មណ៍​ចង់​ចេញ​ក្រៅ​ដើរ​លេងទេ ប៉ុន្តែ​ដោយ​សារ​រដូវ​ចូល​ឆ្នាំ​​​ ត្រូវ​ទៅ​ស្រុក​ជួប​ជុំ​បង​ប្អូន ក្តៅ​យ៉ាង​ណា​ក៏​ត្រូវ​បង្ខំ​ចិត្ត។ យើងគួរ​ប្រយ័ត្ន​រឿង​ស្បែក​យើង ទោះ​គេច​មិន​ផុត​ពី​ការ​រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃក៏ដោយ។ នេះជា​វិធី​ព្យាបាល​ពិសេស​៖

    ១- រលាក​ស្បែក​ដោយ​សារ​កម្តៅ​ថ្ងៃ

    រលាក​ស្បែ​ដោយ​កម្តៅ​ថ្ងៃ សំដៅ​លើ​ការ​រង​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​កាំ​រស្មី​អ៊ុល​ត្រា​វីយ៉ូ​ឡេ ឬ UV ពី​ពន្លឺ​ថ្ងៃ អាច​បង្ក​ឲ្យ​​ស្បែក​ហើម​ ក្រហម​ និង​ឈឺ​ចាប់ នាំ​ឲ្យ​ខូច​ខាត​កោសិកា​ស្បែក​ស្រទាប់​ក្រៅ​ និង​កោសិកា​មេ​ឡា​ណូ​ស៊ីត​ ក៏​ដូច​ជា ការ​បាត់​បង់​បណ្តោះ​អាសន្ន​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ​ស្បែក (Langerhans) បង្ក​ដោយ​កាំ​រស្មី​​​ជះ​ឥទ្ធិ​ពល​លើ​ប្រូតេអ៊ីន​ និង​នុយ​ក្លេ​អូ​ប្រូតេអ៊ីន​របស់​កោសិកា។

    ​ខែ​ក្តៅរាល់​ឆ្នាំ មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ពិភពលោក ​រង​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ ខណៈ​កាំរស្មី UV ក៏​សែន​ក្តៅ គឺអា​ស្រ័យ​លើ​មុំ​ និង​រយៈ​ទទឹង​​ព្រះ​អាទិត្យ ហើយ​ហានិភ័យ​កាន់​តែ​ខ្ពស់ គឺ​នៅ​ពេល​ទី​តាំង​ព្រះ​អាទិត្យ​ស្ថិត​នៅ​ចំ​ពី​លើ​យើង​តែ​ម្តង ពិសេស​អំឡុង​ម៉ោង ១២-១៣ ថ្ងៃ​ត្រង់។

    ជា​ធម្មតា ព្រះ​អាទិត្យ​បញ្ចេញ​រលក​ពន្លឺ UV ចំនួន​ ៣ ​ប្រភេទ មាន UVC, UVB និង UVA ប៉ុន្តែ​កាំ​រស្មី​ UVC មិន​អាច​ជះ​ឥទ្ធិពល​មក​ដល់​ផែន​ដី ដោយ​សារ​ត្រូវ​ស្រទាប់​អូហ្សូន​ស្រូប​យក។ ទោះ​យ៉ាង​នេះ​ក្តី​ កាំ​រស្មីពីរ​ប្រភេទ​ផ្សេង​ទៀត មាន UVA និង UVB អាច​ឆ្លង​កាត់​ផុត​បរិយាកាស ហើយ​ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​ស្រទាប់​ស្បែក​យើង ទាំង​ខាង​ក្រៅ និង​ស្រទាប់​ក្នុង​ទៀត​ផង។ កាំ​រស្មី​ UV ទាំង​នេះ ​នឹង​ធ្វើ​ឲ្យ​ស្បែក​ចាស់​មុន​កាល​កំណត់​ ប្រែជា​ជ្រី​វ​ជ្រួញ ប៉ះ​ពាល់​គំហើញ ​និង​ឈាន​ទៅ​បង្ក​ជាមហារីក​ស្បែកទៀត​ផង។

    វិធីព្យាបាល​រលាកដោយកម្តៅថ្ងៃ

    ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ អាស្រ័យ​លើ​ប្រភេទ​ស្បែក ពន្លឺ​របស់​ព្រះ​អាទិត្យ​ និង​រយៈ​ពេល​យើង​ទទួល​រង​កាំ​រស្មី។ បើ​យើង​ឲ្យ​ស្បែក​រង​ប៉ះ​ពាល់​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ហួស​ហេតុ ឱកាស​របក​ស្បែក​កាន់​តែ​ខ្ពស់។ យ៉ាងណា ស្បែក​យើង​នឹង​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង ក្រោយ​របក ដោយ​កោសិកា​ងាប់​ទាំង​នោះ ប៉ុន្តែ​អាច​បង្ក​ជាស្នាម ករណី​ខ្លះ​អាច​បង្ក​ជាមហារីក​ទៀត​ផង។ ដើម្បី​ចៀស​វាង​ហានិភ័យ​ទាំង​នេះ ​យើង​គប្បី​ត្រូវ​ដឹង​ពី​វិធី​ព្យាបាល​មាន​ប្រសិទ្ធភាព​មួយ​ចំនួន។

     អត្ថបទ​ពាក់​ព័ន្ធ៖

    • ក្តៅ​​ចង់ឆេះ​អ៊ីចឹង ថែស្បែកម៉េចកុំឲ្យខ្មៅ ខ្លោច?
    • អ្នកជំនាញ​ប្រាប់​វិធី​ការពារ ​ខ្យល់គរ និងសន្លប់​ ពេល​អាកាស​ធាតុ​កាន់តែ​ក្តៅ​ខ្លាំង

    ២- វិធី​ព្យាបាល​បែប​សាមញ្ញៗ

    – ប្រើ​ជាតិ​ទឹក៖ ពេល​យើង​រលាក​ដោយ​កម្តៅ​ថ្ងៃ​ ស្បែក​នឹង​ចាប់​ផ្តើម​របក​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ។ ការ​របក​នេះ នឹង​ឈប់ នៅ​ពេល​ស្បែក​ជា​សះ​ស្បើយ ហើយ​វិល​ត្រលប់​ទៅ​កាន់​ភាព​ដើម​ពេញ​លេញ​ទាំង​ស្រុង។ យ៉ាង​ណា​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​បន្សល់​ស្នាម​លើ​ស្បែក មួយ​ក្នុង​ចំណោម​វិធី​ដើម្បី​ព្យាបាល​ស្បែក​របក គឺ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សែ្បក​មាន​សំណើម​ ឆាប់​ជា​សះ​ស្បើយ ដោយ​យើង​បាន​បង្គ្រប់​ជាតិ​ទឹក​ដែល​ស្បែក​ត្រូវ​ការ។

    – ក្រមួន ក្រែម៖ យើង​អាច​លាប​ផលិត​ផល​ផ្តល់​សំណើម​ ដូច​ជា ចាហួយ​ចម្រាញ់​ពី​ប្រទាល​កន្ទុយ​ក្រពើ​ ឬ​ក្រែម ក្រ​មួន (Vaseline ឬ Petroleum Jelly) ដើម្បី​ផ្តល់​សំណើម​ឲ្យ​ស្បែក។

    – ងូត​ទឹក​ក្តៅ៖ ងូត​ទឹក​ក្តៅ​ឧណ្ហៗ ក៏​ជួយ​បាន​ដូច​គ្នា អាច​ជួយ​ឲ្យ​កោសិកា​ស្បែក​ដែល​ងាប់ ងាយ​របក​អស់ ប៉ុន្តែ​ត្រូវ​ថ្នម​ដៃ ពេល​សម្អាត​កោសិកា​ស្បែក​ងាប់​ទាំង​នោះ ព្រោះ​ស្បែក​ថ្មី មាន​សភាព​ស្បែក​ ហើយ​ទន់​ មិន​ទាន់​រឹង​មាំ។

    – ស្អំ​ស្បៃ​ត្រជាក់៖ វិធី​ផ្សេង​ទៀត ព្យាបាល​បញ្ហា​របក​ស្បែក​ដោយ​សារ​កាំ​រស្មី UV អាច​ស្អំ​ដោយ​ស្បៃ​​ត្រជាក់។ ​យើង​អាច​ដាក់​ស្បៃ​ត្រជាក់​ និង​សើម​នៅ​លើ​ស្បែក​របក ឲ្យ​បាន ២០-៣០ នាទី ដើម្បី​សម្រាល​ការ​រលាក។ ចៀស​វាងដាក់​ស្អំ​ទឹក​កក​ដោយ​ផ្ទាល់​ទៅ​លើ​ផ្ទៃ​ស្បែក ព្រោះ​អាច​បណ្តាល​ឲ្យ​ស្បែកឈឺ​ក្រហាយ។

    – ស្លៀក​ពាក់​ជិតៗ៖ អ្នក​ជំនាញ​ណែ​នាំ​ថា អាច​គ្រប​ស្បែក​កំពុង​របក ឬ​ស្នាម​ស្បែក​ឲ្យ​ត្រលប់​ដូច​ដើម​វិញបាន ​ដោយ​ប្រើ​សម្លៀក​បំពាក់​ណា​មួយ ឬ​លាប​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ មាន​សមត្ថភាព​ការ​ពារ​កម្តៅ​ថ្ងៃ​ (SPF) ៤៥ ឬ​ខ្ពស់​ជាង​នេះ ដើម្បី​ចៀស​វាង​ការ​ខូច​ខាត​បន្ថែម​ទៀត​ដោយ​សារ​កម្តៅ​ព្រះ​អាទិត្យ។

    – ផលិត​ផល​ផ្តល់​សំណើម៖ ករណី​ស្បែក​​រលាក​ថ្ងៃ​របក​ទាំង​អស់​តែ​ម្តង​ គេ​ណែ​នាំ​ឲ្យលាប​ផលិតផល​ផ្តល់​សំណើម ​ដែ​ល​មាន​បរិមាណ​អាស៊ីដ​អាល់​ហ្វា​ហាយ​ដ្រុក​ស៊ី បន្តិច​បន្តួច។ ផលិតផល​ទាំង​នោះ នឹង​ជួយ​សក​ជម្រុះ​ចោល​ស្បែក​ងាប់ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​កោសិកា​ស្បែក​ថ្មី​ឡើយ។

    ៣- ការពារ ​ប្រសើរ​ជាង​ព្យាបាល

    ដូច​ពាក្យ​ចាស់​លើក​ឡើង “ការ​ពារ​ ប្រសើរ​ជាង​ព្យាបាល’ ហេតុនេះ​ព្យាយាម​ចៀស​ឆ្ងាយ​ពី​កាំ​រស្មី​ព្រះ​អាទិត្យ​ផ្ទាល់​ ជា​ពិសេស​នៅ​ពេល​ព្រះ​អាទិត្យ​កំពុង​រះ​ឡើង​ខ្ពស់ ប៉ុន្តែ​បើ​មិន​អាច​ចៀស​រួច ត្រូវ​ពាក់​​សម្លៀក​បំពាក់​ការ​ពារ​ថ្ងៃ គ្រប​ដណ្តប់​ផ្ទៃ​ស្បែក​ឲ្យ​បាន​គ្រប់​តំបន់ទាំង​អស់​។

    លាប​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃដែល​មាន​ SPF ចំនួន ៣០ ឬ​ខ្ពស់​ជាង​នេះ​ ប្រមាណ ៣០​នាទី មុន​ពេល​ទៅ​ក្រៅ អាច​ការ​ពារ​ស្បែក​អ្នក​ពី​កាំ​រស្មី​ UVA និង​ UVB ខណៈ​មួក​ និង​វ៉ែន​តា ក៏​សំខាន់​ដូច​គ្នា ​អាច​ការពារ​ស្បែក​មុខ និង​ភ្នែក​កុំ​ឲ្យ​ខូច​ខាត​ដោយ​សារ​កាំ​រស្មី។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Apr 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម