បើសួរចាស់ៗពីដើម ប្រាកដដឹងថាទឹកបាយ មានប្រយោជន៍ប៉ុនណាហើយ តែសម័យឥឡូវ ទំនើប ប្រហែលមានគ្នាយើងភាគច្រើន អាចមិនដឹងរឿងនេះ។ អង្ករមានជាតិរ៉ែ វីតាមីន និងសារធាតុអង់ទីអុកស៊ីដង់ (ជួយកុំឲ្យចាស់ និងការពារមហារីក) ច្រើន ឯទឹកបាយវិញ ក៏ល្អមិនធម្មតាដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖
១- អ្វីទៅជាទឹកបាយ?
ពេលនិយាយរឿងទឹកបាយភ្លាម អ្នកខ្លះអាចច្រឡំថាជាទឹកអង្ករ ដែលបាននៅពេលយើងលាងអង្ករមុនពេលដាំបាយ។ ឯទឹកបាយ ជាប្រភេទទឹកអង្ករល្អបំផុត ដែលបាននៅពេលបាយកំពុងដាំពុះ ឬអាចថា ជាទឹកបបរ ក៏បាន។
២- ធ្វើម៉េចទើបអាចចម្រាញ់បានទឹកបាយល្អ?
ដើម្បីបានទឹកបាយល្អ និងមានគុណភាព យើងត្រូវការអង្ករកន្លះកំប៉ុង និងទឹក ៤ កំប៉ុង ដោយដំបូង ដាំទឹកនៅក្នុងឆ្នាំងមួយ។ នៅពេលទឹកពុះ បង់អង្ករចូល រួចបន្ដការដាំ ២០ នាទីទៀត ចាំយកឆ្នាំងចេញពីចង្រ្កាន រួចបើកគម្របចេញ។ បន្ទាប់មក រង់ចាំរហូតទឹកបាយត្រជាក់ សឹមចាក់ចូលក្នុងដបទឹក ដើម្បីរក្សាទុកក្នុងទូទឹកកក ដើម្បីទុកផឹករយៈពេលច្រើនថ្ងៃ។
៣- ទឹកបាយមានប្រយោជន៍អីខ្លះ?
ទឹកបាយត្រូវបានចាត់ទុកជាភេសជ្ជៈធម្មជាតិ មានគុណប្រយោជន៍យ៉ាងច្រើនលើសលុប ទៅលើស្ថានភាពសុខភាពមួយចំនួន ផ្តល់សារធាតុចាំបាច់ជួយទ្រទ្រង់រាងកាយ ពិសេសជួយដោះស្រាយបញ្ហាជំងឺសើស្បែកជាច្រើនប្រភេទ ខណៈគុណប្រយោជន៍ចម្បងមានដូចជា៖
– ជួយថែទាំសុខភាពសក់៖ ទឹកបាយ អាចជួយឲ្យសុខភាពសក់កាន់តែល្អ រឹងមាំ ភ្លឺថ្លា ដោយយើងគ្រាន់តែផ្សើមសក់ជាមួយទឹកបាយ ដោយទុកចោលប៉ុន្មាននាទី សឹមលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ ហើយត្រូវអនុវត្ដបែបនេះ ៣ ដង/សប្ដាហ៍។
– ម្សៅលាបស្បែក៖ ទឹកបាយផ្ទុកសារធាតុផ្សំសកម្ម អាចធ្វើឲ្យរន្ធស្បែកកាន់តែតូច កម្ចាត់កោសិកាស្បែកងាប់ និងជំរុញប្រសិទ្ធភាពផលិតផលការពារកាំរស្មីយូវីដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក។ សារធាតុក្នុងទឹកបាយ ធ្វើឲ្យវាក្លាយជាផ្សៅលាបស្បែកដ៏ស័ក្ដិសិទ្ធិ ហើយអ្វីយើងត្រូវធ្វើ គឺប្រើដុំសំឡីមួយ យកទៅជ្រលក់ក្នុងទឹកបាយ រួចយកទៅលាបមុខយើង ទុកឲ្យស្ងួតនៅលើមុខ រួចចាំចូលគេង ដោយប្រើម៉ាស់បិទពីលើ ដើម្បីទទួលប្រសិទ្ធភាពកាន់តែខ្ពស់។ អនុវត្តវិធីនេះ ជាប្រចាំថ្ងៃ ស្បែកមុខនឹងភ្លឺថ្លា ម៉ត់រលោង។
– ព្យាបាលមុន៖ ទឹកបាយមានសារធាតុប្រឆាំងការលាក និងការដាច់រលាត់កោសិកាស្បែក អាចកាត់បន្ថយ និងបង្ការ «មុន»។ ផលិតផលធម្មជាតិនេះ ធ្វើឲ្យស្បែករលោង និងទន់។ គ្រាន់តែប្រើដុំសំឡី ជ្រលក់ទឹកបាយ និងលាបលើផ្ទៃស្បែក ដែលមានក្បាលមុន ឬមុនក្បាលខ្មៅ ដោយអនុវត្ត ២ ដង/ថ្ងៃ។
៤- សារធាតុប្រឆាំងអាការៈរាក
ក្នុងអង្ករ មានសារធាតុរ៉ែ ព្យាបាលអាការៈរាក ដោយគ្រាន់តែបន្ថែមអំបិលខ្លះ ទៅក្នុងកែវទឹកបាយ រួចហើយផឹកទឹកបាយនោះ។ ចាំបាច់ត្រូវផឹក ២ កែវ/ថ្ងៃ រហូតដល់បញ្ហារាកធូរស្បើយ។
៥- ភេសជ្ជៈប៉ូវកម្លាំងបែបធម្មជាតិ
ទឹកបាយពិតជាអាចប្រដូចនឹងភេសជ្ជៈប៉ូវកម្លាំងបានមែន ព្រោះផ្ដល់ឲ្យរាងកាយនូវអាមីណូអាស៊ីដសំខាន់ៗ ៨ ប្រភេទ ធ្វើឲ្យសាច់ដុំមានចលនាឡើងវិញ។ ក្នុងទឹកបាយ ក៏មានកាបូអ៊ីដ្រាតមួយចំនួនផងដែរ អាចបង្កើនថាមពល ដោយផឹកទឹកបាយ ១ កែវ មុនពេលហាត់ប្រាណ ឬលេងកីឡាផ្សេងៗ។
៦- ព្យាបាលជំងឺត្រអក
ដឹងអត់? ជាតិម្សៅនៅក្នុងអង្ករ អាចព្យាបាលជំងឺត្រអក ដោយគ្រាន់តែយកទឹកបាយ ទៅលាបកន្លែងមានជំងឺ ដើម្បីកាត់បន្ថយការរមាស់ និងធ្វើឲ្យភាពស្ងួត អនុវត្តវិធីនេះ ៣ ដង/ថ្ងៃ។
៧- រូបមន្តសម្រាប់ការទល់លាមក
ចំពោះបញ្ហាទល់លាមកវិញ ផឹកទឹកបាយ ១ កែវ/ថ្ងៃ ជួយសម្រួលការទល់លាមកយ៉ាងមានប្រសិទ្ធភាព។
[embed-health-tool-due-date]