ពីមុន ទាល់តែវ័យរាងជ្រេរបន្តិចទើបត្របកភ្នែកមើលទៅចាប់ផ្តើមលេចស្នាមជ្រីវជ្រួញ ប៉ុន្តែបច្ចុប្បន្ន ពិសេសស្រី ដោយសារពូកែ Makeup គ្រប់ពេល ទោះក្មេងត្រឹម ២០ ស្តើង ក៏ត្របកភ្នែកជ្រីវជ្រួញដែរ ស្រីៗខ្លះជ្រួញជាងអាយុ ៤០ប្លាយ ទៅទៀត។ មើលទៅគ្នាយើង ច្បាស់ជាខ្វាយខ្វល់ខ្លាំងមិនខាន តែកុំបារម្ភទៀត ចាំ “Hello គ្រូពេទ្យ’ តិចនិកម៉ាស្សាខ្លះ ប្រហែលអាចជួយបាន។
១- ម៉ាស្សាបែបអក្សរ V
ដាក់ម្រាមដៃកណ្ដាលបញ្ចូលគ្នាត្រង់ចន្លោះចិញ្ចើម រួចប្រើម្រាមចង្អុលដៃអូសថ្នមលើត្របកភ្នែកទាំងពីរ ចេញទៅសងខាងភ្នែក ដោយធ្វើជារាងអក្សរV រួចចាប់ទាញផ្នែកត្របកភ្នែកក្រោមឡើងលើ។ សម្រាកមួយសន្ទុះ រួចចាប់ធ្វើបន្តសកម្មភាពដដែលឲ្យបាន ៦ដង។ ត្រូវចាំថា មុននឹងបញ្ចប់ការម៉ាស្សា គ្នាយើងត្រូវបិទភ្នែក រួចសម្រាកបន្ធូរអារម្មណ៍ប្រហែល ១០ វិនាទី។
២- ម៉ាស្សាចលនា
ជាម៉ាស្សាចលនា ជាតិចនិកមួយយកចេញពីវិធីហាត់បែបយ៉ូហ្កា ដោយគ្រាន់តែធ្វើមាត់រាងជាអក្សរ O បន្ទាប់មកព្យាយាមបើកបបូរមាត់ខាងលើ ក្រោមឃ្លាតចេញពីគ្នាបន្តិចម្ដងៗ រួចដាក់ម្រាមចង្អុលដៃ បញ្ឈរលើស្នាមជ្រួញត្របកភ្នែកក្រោម រួចសម្លឹងទៅលើដើម្បីបន្តឹងស្បែកត្របកភ្នែកទាំងពីរ និងបន្តធ្វើបែបនេះ ឲ្យបាន ៣០នាទី រៀងរាល់ថ្ងៃ។
៣- ម៉ាស្សាផ្លាស់ប្តូររហ័ស
តិចនិកម៉ាស្សាប្រភេទនេះ តម្រូវឲ្យរក្សាលំនឹងក្បាល ក និងមុខ បន្ទាប់មកតម្រង់ភ្នែកមើលទៅស្តាំដៃ រួចងាកទៅឆ្វេង ដោយបន្ទាប់មកសម្លឹងពិដាន រួចមើលចុះមកក្រោម។ ចាំថា ត្រូវបិទភ្នែករយៈពេល ៥វិនាទី មុនពេលចាប់ផ្ដើមម្ដងទៀត។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកម៉ាស្សាមុខ ជួយបំបាត់ស្នាមជ្រីវជ្រួញ មើលទៅកាន់តែក្មេងជាងវ័យ
- តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង
៤- ម៉ាស្សាចលនាភ្នែក
ដាក់ម្រាមចង្អុលដៃនៅខាងក្រៅចិញ្ចើម ស្ទាបថ្នមៗជុំវិញរង្វង់ភ្នែក បន្ទាប់មកធ្វើចលនាបញ្ច្រាសទៅបញ្ច្រាសមកច្រើនដង រួចយកចង្អុលដៃអង្អែលថ្នមៗលើស្នាមជ្រួញក្រោមភ្នែក ៗ ចាប់ពីច្រមុះចេញទៅក្រៅ និងបន្តធ្វើបែបនេះ ឲ្យបានយ៉ាងតិច ៤ ដង។
៥- ម៉ាស្សាបាតដៃ
វិធីនេះ គ្នាយើង គ្រាន់តែបិទភ្នែក រួចត្រដុសម្រាមដៃដើម្បីបង្កើតកម្ដៅ បន្ទាប់មក យកបាតដៃទាំងពីរ សង្កត់លើភ្នែកថ្នមៗ ដើម្បីត្របកភ្នែកស្រូបយកកម្ដៅជាការស្រេច។
តិចនិកម៉ាស្សាខាងលើនេះ អាចជួយពង្រឹងសាច់ដុំជុំវិញភ្នែក ហើយបើស្រីៗគ្នាយើង អនុវត្តបានទៀងទាត់ ស្បែកយើងនឹងរំញោច ដើម្បីផលិតសារធាតុខូឡាជែននិងអេឡែស្ទីនកាន់តែច្រើន អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]