គ្នាយើងមួយចំនួនឧស្សាហ៍ថ្លោះ ឬគ្រេចដៃ គ្រេចជើង ជាពិសេស នៅត្រង់កជើង ដែលជាបញ្ហាធ្វើឲ្យមានការឈឺចាប់ ពិបាកធ្វើសកម្មភាពអ្វីមួយ។ តែអស់បារម្ភ! ប្រសិនបើជួបបញ្ហាថ្លោះ ឬគ្រេចកជើង អាចដោះស្រាយតាមវិធីសាស្ត្រសាមញ្ញៗនេះបាន។
យោងតាមការផ្សព្វផ្សាយឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត ការថ្លោះ ឬគ្រេច កជើងជារបួសស្រាលធម្មតាមួយ ដែលយើងគ្រប់គ្នាជួបប្រទះក្នុងជីវិតរស់នៅរាល់ថ្ងៃ។ ផ្ទុយទៅវិញ បើកជើងមានសភាពឈឺចាប់ និងហើម វាអាចមានបញ្ហា យារ ឬដាច់សរសៃដែលភ្ជាប់នឹងការទប់លំនឹងសន្លាក់ ហើយអាចក្លាយទៅជាឈឺសន្លាក់រ៉ាំរ៉ៃ និងចុះខ្សោយសមត្ថភាពសន្លាក់ ប្រសិនបើថ្លោះ ឬគ្រេចញឹកញាប់។
ក្នុងករណីដែលយើងមានបញ្ហា ការគ្រេច ឬថ្លោះកជើងអាចព្យាបាលតាមវិធីសាស្ត្រសាមញ្ញៗច្រើនយ៉ាងដូចជា៖
– ការប្រើប្រាស់ថ្នាំដើម្បីសម្រួលការឈឺចាប់ ព្រមទាំងបន្ថយការហើមសន្លាក់
- ការប្រើប្រាស់ទឹកកកស្អំដើម្បីស្អំកន្លែងដែលឈឺអាចជួយកាត់បន្ថយការឈឺចាប់ និងជួយឲ្យឆាប់ស្រកហើម (វិធីនេះមានប្រសិទ្ធិភាពខ្ពស់នៅពេលគ្រោះថ្នាក់ហើយភ្លាមៗ)
– ប្រើប្រាស់បង់រុំ ឬឧបករណ៍ផ្សេងៗសម្រាប់ជួយលំនឹងរបស់សន្លាក់ក្នុងអំឡុងពេលនៃការព្យាបាល
– អ្នកជំងឺត្រូវដាក់ជើងដែលឈឺខ្ពស់ជាងតួខ្លួនពេលសម្រាក (វិធីនេះជួយសម្រួលចលនាសរសៃឈាមត្រលប់ទៅបេះដូងដែលជួយឲ្យឆាប់ស្រកហើមកជើង)
– ព្យាបាលដោយចលនា៖ នេះជាវិធីសាស្ត្រព្យាបាលដែលចាំបាច់ដើម្បីជួយសម្រួលចលនាសន្លាក់ ក្នុងពេលកំពុងតែជាសះស្បើយ។ វាអាចការពារការជាប់គាំង និងធ្វើឲ្យសន្លាក់វិលទៅរកភាពប្រក្រតីវិញ។
លើសពីនេះ ខាងគ្រូពេទ្យនិងផ្ដល់ព័ត៌មានបន្ថែមពីវិធីសាស្ត្រនៃការព្យាបាលដែលទាមទារឲ្យអ្នកជំងឺធ្វើតាមឲ្យបានខ្ជាប់ខ្ជួនក្នុងគុណប្រយោជន៍នៃប្រសិទ្ធិភាពព្យាបាល។
មន្ទីរពេទ្យ កាល់ម៉ែត បន្ថែមថា ភាពថ្លោះ ឬគ្រេចនេះ អាចកើតឡើងនៅក្នុងស្ថានភាពនៃការលេងកីឡា ឬការធ្វើសកម្មភាពផ្សេងៗប្រចាំថ្ងៃដូចជាការដើរ រត់ ឬលោតជាដើម។ ជាទូទៅ ការព្យាបាលមានរយៈពេលពី ២-៦សប្ដាហ៍ទៅតាមសភាពធ្ងន់ ឬស្រាលរបស់របួស។
[embed-health-tool-bmi]