backup og meta

​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 28, 2022

    ​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​

    មាន​កត្តា​ជា​ច្រើន​ ​អាច​ធ្វើ​ឲ្យស្ត្រី​មាន​ផ្ទៃពោះ​គេង​អត់​លក់ ខណៈ​​ការ​គេង​ ​ជា​រឿង​អាទិភាព ដើម្បី​ឲ្យគភ៌​ក្នុង​ផ្ទៃ​អាច​លូត​លាស់​បាន​ល្អ។ ចុះ​​ករណី​ប្រើ​គ្រប់​វិធី​នៅ​តែ​គេង​មិន​លក់ អាច​ប្រើ​ថ្នាំ​ងងុយ​គេង​បាន​អត់? តើមកពី មូលហេតុ​ពិបាក​គេង​ពេល​មាន​ផ្ទៃ​ពោះ?

    ១- មូលហេតុ​ពិបាក​គេង​ពេល​មាន​ផ្ទៃ​ពោះ

    មាន​មូលហេតុ​ជាច្រើន ធ្វើ​ឲ្យ​ស្រីៗ​មាន​បញ្ហា​គេង​មិន​លក់​អំឡុង​​ពពោះ​ដូច​ជា៖

    – បញ្ហា​ផ្លូវ​អារម្មណ៍៖ បាក់​ទឹក​ចិត្ត ព្រួយ​បារម្ភ​ច្រើន និង​បញ្ហា​ស្ត្រេស សុទ្ធ​តែ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​អំឡុង​ពេល​ពពោះ។

    គេង​មិន​ដក​ដង្ហើម (Sleep Apnea)៖ បញ្ហា​ការ​គេង​មិន​ដក​ដង្ហើម រួម​មាន ស្រមុក​ខ្លាំងៗ និង​ឈប់​ដង្ហើម​ញឹក​ញាប់​អំឡុង​ពេល​គេង។ ចំពោះ​ករណី​ស្ត្រី​មាន​ផ្ទៃ​ពោះ អាច​បណ្ដាល​មក​ពីម៉ាក់ៗ​ហើម​រន្ធ​ច្រមុះ (Nasal Passage)។

    គេងមិនដកដង្ហើម ឬនាំឲ្យដេកស្លាប់ អាចទាក់ទងនឹងជំងឺប៉ុន្មាននេះ

    – បណ្ដុំ​រោគ​សញ្ញា​គេង​មិន​លក់​ដោយ​សារ​ឈឺ​ជើង (Restless leg syndrome)៖ បញ្ហា​ឧស្សាហ៍​មាន​បំផុត​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ គឺ​មាន​ម្នាក់​ក្នុង​ចំណោម​ស្រីៗ​មាន​ផ្ទៃ​ពោះ ៤នាក់ ហើយ​ចាប់​ផ្ដើម​ត្រី​មាស​ទី​៣។ គេ​អាច​សម្គាល់​នេះ​បាន ដោយសារ​មាន​អារម្មណ៍​ឈឺ និង​ក្រហាយ​ក្នុង​ជើង ឬ​កំភួន​ជើង​ម្ខាង ធ្វើ​ឲ្យ​យើង​តែង​បម្រះ​ជើង​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ បញ្ហា​បង្ក​លើ​ស្រី​មាន​ផ្ទៃ​ពោះ​មួយ​នេះ ច្រើន​បាត់​ទៅ​វិញ​អំឡុង ៣០​ថ្ងៃ ក្រោយ​សម្រាល​រួច។ ទោះ​យ៉ាង​ណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​បញ្ហា​នេះ ដោយ​គ្រាន់​តែ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់។

    រមួល​ក្រពើ (Leg cramps)៖ រមួល​ក្រពើ ច្រើន​កើត​នៅ​ពេល​មាន​ផ្ទៃ​ពោះ​អំឡុង​ត្រី​មាស​ទី២ និង​ត្រី​មាស​ទី៣ ជា​ពេល​ស្បូន​ចាប់​ផ្តើម​រីក​ធំ និង​ចាប់​ផ្ដើម​បង្កើន​សម្ពាធ​ទៅ​លើ​សាច់​ដុំ​ជើង។ បញ្ហា​នេះ ក៏​អាច​កើត​ឡើង​ដោយសារ​បញ្ហា​ខ្វះ​ជីវជាតិ​ផង​ដែរ។

    ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ

    ម៉េចបានយប់ឡើងចេះតែរមួលក្រពើ គួរដោះស្រាយបែបណា?

    – មូល​ហេតុ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ រួម​មាន ក្រហាយ​ទ្រូង (Heartburn) ពិបាក​រំលាយ​អាហារ ចង្អោរ និង​នោម​ច្រើន​នៅ​ពេល​យប់ (Nocturia)។

    ២- ប្រើ​ថ្នាំ​ងងុយ​គេង​ពេល​មាន​ផ្ទៃ​ពោះ មាន​សុវត្ថិភាព​ដែរទេ?

    យក​ល្អ គួរ​កុំ​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ រួម​ទាំង​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា អំឡុង​ពេល​កំពុង​មាន​ផ្ទៃ​ពោះ ជា​ពិសេស​នៅ​ត្រីមាស​ទី១ ឬ​ត្រី​មាស​ចុង​ក្រោយ។ ទោះ​យ៉ាង​ណា យើង​អាច​លេប​ប្រភេទ​ថ្នាំ​ងងុយ​គេង​មួយ​ចំនួន​ម្ដង​ម្កាល បើ​វិធី​ផ្សេង​ទៀត​មិន​អាច​ជួយ​បាន។ ខាង​ក្រោម​នេះ ជា​អ្វី​យើង​គួរ​ចង​ចាំ ពេល​សម្រេច​ប្រើ​ថ្នាំ​ងងុយ​គេង​អំឡុង​ពេល​ពពោះ៖

    – ទោះ​ជា​ថ្នាំ​ប្រភេទ​ណា ឱសថ​រុក្ខជាតិ ឬ​ថ្នាំ​បំប៉ន​ក៏​ដោយ ត្រូវ​តែ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជាមុន មុន​សម្រេច​ចិត្ត​លេប។ ថ្នាំ​មួយ​ចំនួន ​មាន​សុវត្ថិភាព​ចំពោះ​ស្រី​មាន​ផ្ទៃ​ពោះ ខណៈ​ថ្នាំ​មួយ​ចំនួន​ទៀត ក៏​អាច​មាន​ផល​រំខាន​ប៉ះពាល់​ដល់​គភ៌​ដូច​គ្នា។

    – បើ​ថ្នាំ​នេះ​គ្រូពេទ្យ​ឲ្យ​ប្រើ គឺ​តម្រូវ​ឲ្យ​យើង​ប្រើ​ក្នុង​កម្រិត​ទាប​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន និង​ក្នុង​រយៈពេល​ខ្លី​បំផុត។ ការ​ប្រើ​ថ្នាំ​រយៈពេល​យូរ អាច​ធ្វើ​ឲ្យ​រាង​កាយ​ត្រូវ​ពឹង​ផ្អែក​លើ​ថ្នាំ​ទាំង​ស្រុង (Overdependence) ហើយ​បញ្ហា​នេះ អាច​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​រាង​កាយ​របស់​ទារក​ក្នុង​ផ្ទៃ​បាន។

    – ថ្នាំ​ងងុយ​គេង ដូច​ជា ពពួក​ថ្នាំ Benzodiazepines ពពួក​ថ្នាំ Non-benzodiazepines និង​ពពួក​ថ្នាំ Amobarbital សុទ្ធ​សឹង​គេ​ចាត់​ទុក​មាន​សុវត្ថិភាព និង​ច្រើន​តែ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ប្រើ។ ទោះ​យ៉ាង​នេះ​ក្ដី ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០១៥ បង្ហាញ​ថា ថ្នាំ​ទាំង​នេះ អាច​បង្កើន​គ្រោះ​ថ្នាក់ នាំ​ឲ្យ​ទារក​កើត​មិន​គ្រប់​គីឡូ កើត​មុន​ខែ និង​ទារក​កើត​មិន​គ្រប់​លក្ខណៈ (Birth Defect) ជា​ដើម។ អ្នក​ប្រើ​ថ្នាំ​នេះ​ញឹក​ញាប់ ភាគ​ច្រើន​ត្រូវ​សម្រាល​កូន​ដោយ​សារ​វះ​កាត់។

    ពិបាកគេងពេលពពោះ Hello គ្រូពេទ្យ

    ៣- វិធី​សាស្ត្រ​ជួយ​ស្រីៗ​ពពោះ​គេង​លក់​ស្រួល

    បើ​មាន​បញ្ហា​ពិបាក​គេង ប៉ុន្តែ​មិន​សូវ​ធ្ងន់ធ្ងរ ល្អ​បំផុត​គួរ​សាក​ល្បង​វិធី​ទាំង​នេះ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដោយសារ​ប្រើ​ថ្នាំ​ពេទ្យ៖

    – គេង​ផ្អៀង​ទៅ​ម្ខាង និង​ដាក់​ខ្នើយ​នៅ​ចន្លោះ​ជង្គង់​ពេល​គេង

    – មិន​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​ពេក មុន​ពេល​គេង

    – គួរ​ញ៉ាំ​ទឹក​ដោះ​គោ​មួយ​ពែង​មុន​ចូល​គេង

    – ប្រើ​វិធី​សម្រួល​អារម្មណ៍​ផ្សេងៗ ដូច​ជា វិធី​ដកដង្ហើម ឬ​សម្រួល​សាច់​ដុំ (Stretching) ដើម្បី​ជួយ​បង្កើន​ការ​គេង​លក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Nov 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម