ជំងឺអេពីឡឹបស៊ី ដែលពលរដ្ឋយើងស្គាល់ និងចំណាំតែហៅថា ឆ្កួតជ្រូកនោះ តើបណ្តាលមកពីមូលហេតុអី? យើងត្រូវជួយអ្នកជំងឺដោយរបៀបណា ទើបមិនមានគ្រោះថ្នាក់ដល់ជីវិត?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺអេពីឡឹបស៊ី ដែលពលរដ្ឋយើងស្គាល់ និងចំណាំតែហៅថា ឆ្កួតជ្រូកនោះ តើបណ្តាលមកពីមូលហេតុអី? យើងត្រូវជួយអ្នកជំងឺដោយរបៀបណា ទើបមិនមានគ្រោះថ្នាក់ដល់ជីវិត?
តាមពិតជំងឺអេពីឡឹបស៊ី មិនមែនជាជំងឺឆ្កួតជ្រូកដូចដែលគេហៅនោះឡើយ ជំងឺនេះពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃចរន្តអគ្គិសនីនៅក្នុងកោសិកាខួរក្បាល។ ជំងឺអេពីឡឹបស៊ី មានច្រើនទម្រង់ ដូចជា ការប្រកាច់ដោយផ្នែក ការភ្លឹក ការកន្ត្រាក់សាច់ដុំ និងការប្រកាច់ពេញទាំងខ្លួនជាដើម។
សមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា នាពេលកន្លងមកបានស្នើឲ្យបានសំណូមពរឲ្យពលរដ្ឋខ្មែរយើងប្រើឈ្មោះ អេពីឡឹបស៊ី ជំនួសឲ្យជំងឺឆ្កួតជ្រូក ដើម្បីកុំឲ្យមានការរើសអើង ពេបជ្រាយលើអ្នកជំងឺ។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត មិនថានៅស្រុកខ្មែរ ឬបរទេសនោះទេ អ្នកជំងឺអេពីឡឹបស៊ី ច្រើនមិនបានមកទទួលការព្យាបាល ដោយសារទម្លាប់ និងកង្វះការយល់ដឹងអំពីជំងឺនេះ ពេលខ្លះអ្នកជំងឺត្រូវខកខានមិនបានបញ្ចប់ការសិក្សា ឬត្រូវបញ្ឈប់ពីការងារ។ ឯមូលហេតុដែលបណ្តាលឲ្យមានជំងឺអេពីឡឹបស៊ីមានច្រើន ហើយអ្នកជំងឺលេចចេញជារោគសញ្ញាម្តងៗ គឺដោយសារមានការប្រែប្រួលខុសពីធម្មតា នៃបន្ទុកចរន្តអគ្គិសនីរបស់កោសិកាខួរក្បាល។
– ធ្លាប់មានជំងឺគ្រោះថ្នាក់សរសៃរឈាមខួរក្បាល
– ធ្លាប់មានគ្រោះថ្នាក់ប៉ះក្បាល
– ធ្លាប់រលាកខួរក្បាល រលាកស្រោមខួរក្បាល
– មានដុំសាច់ មហារីក ដុំមេរោគរបេង ឬដុំពងតេនញ៉ា នៅក្នុងខួរក្បាល
– ការវិវត្តខុសប្រក្រតីរបស់ខួរក្បាលដោយសារកត្តាផ្សេងៗ តាំងពីទារកនៅក្នុងផ្ទៃម្តាយ
– ពុលដោយសារផឹកគ្រឿងស្រវឹងច្រើនពេក ឬប្រើថ្នាំញៀនផ្សេងៗ។
ចំពោះវិធីជួយសង្គ្រោះអ្នកជំងឺ អេពីឡឹបស៊ី នៅពេលមានអាការៈប្រកាច់ សន្លប់បាត់ស្មារតីដួលម្តងៗ យើងត្រូវជួយអ្នកជំងឺឲ្យដេកផ្អៀង ចៀសវាងការដាក់ឲ្យគេងត្រង់ ឬផ្ងារ ដើម្បីបង្ការពេលអ្នកជំងឺច្រាលអាហារចេញមកអំឡុងពេលប្រកាច់ បង្កទៅជាស្ទះដង្ហើម ប៉ះពាល់ដល់ជីវិត។ ក្នុងនោះត្រូវចៀសវាងការចាប់ដៃចាប់ជើងអ្នកជំងឺ ត្រឹមយកវត្ថុមុតស្រួច ឬអ្វីដែលអាចបង្កគ្រោះថ្នាក់ចេញឲ្យឆ្ងាយពីអ្នកជំងឺ។
ដើម្បីបង្ការការប្រកាច់ អ្នកជំងឺអេពីឡឹបស៊ី ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ចៀសវាងការផឹកគ្រឿងស្រវឹង និងការងារ ឬស្ថានភាពផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ដូចជាឡើងទីខ្ពស់ នៅក្បែរទឹក ភ្លើង ជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ