ប៉ាម៉ាក់គ្រប់រូបទំនងជាខ្វាយខ្វល់ច្រើន ដោយសារតែកូនៗមិនសូវផ្ដោតអារម្មណ៍ពេលធ្វើ ឬលេងអ្វីមួយ។ ដូចនេះ ក្នុងអត្ថបទខាងក្រោម Hello គ្រូពេទ្យ នឹងប្រាប់អំពីវិធីឲ្យប៉ាម៉ាក់ជួយឲ្យកូនៗអាចផ្ដោតអារម្មណ៍បានល្អពេលធ្វើអ្វីមួយ។
១– បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ពេលធ្វើកិច្ចការអ្វីមួយ
យើងច្បាស់ជាដឹងខ្លួនឯងហើយថា ដើម្បីផ្ដោតអារម្មណ៍ និងធ្វើកិច្ចការណាមួយបានល្អ លុះត្រាតែយើងចាប់អារម្មណ៍ជាមួយការងារមួយនោះ។ ក្មេងៗក៏ដូចយើងដែរ។ ដូចនេះប៉ាម៉ាក់ត្រូវចេះបង្កើតបរិយាកាសឲ្យកូនៗចាប់អារម្មណ៍ ដូចជាប៉ាម៉ាក់បង្ហាញអារម្មណ៍ចឹងដឹង ចង់ឮ ឬចង់ឃើញស្នាដៃអ្វីមួយដែលកូនបានធ្វើ ឬកំពុងធ្វើជាដើម។ ឧទាហរណ៍ថាពេលកូនកំពុងផាត់ពណ៌លើរូបភាព យើងអាចនិយាយថា “មិនដឹងថាពេលណាទើបផាត់ពណ៌ហើយទេ ហើយពេលផាត់ហើយតើរូបនេះនឹងស្អាតយ៉ាងម៉េចទៅ”។ ការនិយាយបែបនេះអាចធ្វើឲ្យកូនកាន់តែចាប់អារម្មណ៍លើការផាត់រូបជាងមុន ដោយគេជឿថាស្នាដៃរបស់គេ កំពុងទទួលបានការគាំទ្រ។
អត្ថបទពាក់ព័ន្ធ៖
- ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ
- សញ្ញាទាំង ៦ នេះបង្ហាញថាអូនៗអាយុមិនដល់មួយខួបចេះមានអារម្មណ៍ស្រឡាញ់ម៉ាក់ប៉ាហើយ
- ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច
- កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ?
២– បង្កើនការផ្ចង់អារម្មណ៍របស់កូន
ដើម្បីឲ្យកូនអាចផ្ដោតអារម្មណ៍បានល្អ គឺមិនមែនជារឿងដែលយើងអាចធ្វើបានក្នុងរយៈពេលត្រឹមប៉ុន្មានសប្ដាហ៍នោះទេ។ រឿងនេះតម្រូវឲ្យមានការចូលរួមរបស់ប៉ាម៉ាក់ជាមួយកូនៗ។ ប៉ាម៉ាក់អាចបង្កើត “វិធីហ្វឹកហាត់ដើម្បីផ្ចង់អារម្មណ៍” សម្រាប់កូនៗ។ ការធ្វើបែបនេះអាចជួយឲ្យក្មេងៗ បង្កើនការផ្តោតអារម្មណ៍របស់គេបាន។
ក្នុងវិធីដែលយើងបង្កើតបាននោះ គឺអាចមានរយៈពេលពី ៥ នាទី ទៅ ១០ ទៅ ១៥ ទៅ ៣០ នាទី ឬអាចលើសពីនេះ។ ប៉ាម៉ាក់អាចឲ្យកូនលេងហ្គេមដែលជួយដល់ការផ្ចង់អារម្មណ៍មានដូចជាផ្គុំរូបភាព សាងសង់ផ្ទះជ័រ ឬផាត់ពណ៌ជាដើម។
ពេលយើងកំណត់ពេលឲ្យកូនៗអាចបញ្ចប់ហ្គេមក្នុងរយៈពេល ៥ នាទី គឺតម្រូវឲ្យកូនអាចសម្រេចវាត្រឹមរយៈពេល ៥ នាទី អាចលើសឬខ្វះត្រឹមមួយនាទីអីបានហើយ។ ក្នុងអំឡុងពេលនោះ ប៉ាម៉ាក់ត្រូវទ្រាំ និងយកចិត្ដទុកដាក់លើសកម្មភាពរបស់កូនៗ ដើម្បីជួយឲ្យកូនអាចផ្ដោតអារម្មណ៍បានកាន់តែល្អ។
៣– លេងជាមួយកូនៗ និងរៀបចំពេលលេង
ក្រោយពេលផ្ចង់អារម្មណ៍ (៥ ទៅ ១០នាទី ឬលើសពីនេះ) ត្រូវឲ្យកូនសម្រាកសិន ដើម្បីកុំឲ្យកូនមានសម្ពាធពេក។ បន្ទាប់ពីសម្រាក យើងអាចឲ្យគាត់លេងហ្គេមផ្ចង់អារម្មណ៍សារជាថ្មី។ ដូចនេះប៉ាម៉ាក់ គួរតែបង្កើតកាលវិភាគសម្រាប់កូនៗ នៅឯផ្ទះ។ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យក្មេងអាចមានការត្រៀមខ្លួនសម្រាប់ធ្វើសកម្មភាពរបស់គេនោះទេ វាក៏ក្លាយជាទម្លាប់ល្អមួយរបស់កូនដែរ។ ដូចនេះពេលដល់ម៉ោង កូនៗរបស់យើងច្បាស់ជាមានអារម្មណ៍សប្បាយ និងចង់ផ្ដោតអារម្មណ៍ច្រើនជាងមុន។
៤– រៀបចំកន្លែងស្ងប់ស្ងាត់សម្រាប់សិក្សា
ប៉ាម៉ាក់អាចរៀបបន្ទប់មានពន្លឺច្រើន រៀបចំរបស់របរមានសណ្ដាប់ធ្នាប់ និងមានធ្នើរដាក់សៀវភៅស្អាតៗសម្រាប់កូន។ ក្នុងបន្ទប់យើងអាចដាក់ឧបករណ៍បន្សុទ្ធខ្យល់ ដែលខ្យល់នោះនឹងធ្វើឲ្យអារម្មណ៍របស់ក្មេងកាន់តែល្អ។ រៀបចំបន្ទប់បែបនេះ ជួយឲ្យក្មេងមានអារម្មណ៍ចង់រៀន និងផ្ដោតអារម្មណ៍បានល្អជាងធម្មតា។
ពេលក្មេងចូលក្នុងបន្ទប់ ហើយឃើញអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការបានរៀបចំស្អាតស្រេចក្នុងបន្ទប់ អារម្មណ៍ក្មេងច្បាស់ជាកាន់តែចង់រៀនហើយ។ បើចង់ឲ្យកូនៗទទួលបានជោគជ័យទៅថ្ងៃខាងមុខ ប៉ាម៉ាក់ត្រូវបង្រៀនឲ្យកូនចេះផ្ដោតអារម្មណ៍បានល្អតាំងពីក្មេង។
[embed-health-tool-vaccination-tool]