បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?

    បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?

    បញ្ហា​ស្បែក​ស្ងួត​លើ​បេប៊ី​គឺជា​រឿង​ធម្មតា​ទៅ​ហើយ ដោយ​កូន​ខ្លះ​ទើប​នឹង​កើត​ភ្លាម​មាន​បញ្ហា​នេះ​ភ្លែត និង​ខ្លះ​ទៀត​ចាស់​ថ្ងៃ​បន្តិច ទើប​មាន​ស្បែក​ស្ងួត​ខ្លះ​នៅ​លើ​មុខ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា ក្នុង​ករណី​ភាគច្រើន​ស្បែក​ស្ងួត​នេះ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ចំពោះ​កូន​ទេ ហើយ​វា​ច្រើន​តែ​ជា​ទៅ​វិញ​ទាំង​គ្មាន​ការ​ព្យាបាល។

    លោក​បញ្ជាក់​ទៀត​ថា ជា​រឿយ​ៗ​ទារក​មាន​ស្បែក​ស្ងួត​នៅ​លើ​ផ្ទៃមុខ ព្រោះ​ស្បែក​គេ​ងាយ​នឹង​រលាក​ជាង​មនុស្ស​ពេញ​វ័យ និង​យូរ​ៗ​ទៅ​ស្បែក​កូន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ខាង​ក្រៅ​ស្បូន ហើយ​បើ​សិន​ទោះជា​ស្ងួត​ក៏​ប្រហែល​មកពី​ប្រតិកម្ម ឬ​អាលែកហ្ស៊ី​ជាមួយ​ផលិតផល ឬ​សម្លៀកបំពាក់​របស់​កូនដែរ។ មួយ​វិញ​ទៀត​ការ​ខ្សោះ​ជាតិ​ទឹក និង​ស្ថានភាព​ស្បែក​ខ្លួនឯង​ក៏​អាច​បណ្ដាល​ទៅ​ជា​ស្ងួត​បែប​នោះ​ផង​ដែរ។

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា អំឡុង​ពេល​សង្កេត​ឃើញ​ស្បែក​កូន​មាន​បញ្ហា​នោះ​ បើយើង​​នៅតែ​បារម្ភត្រូវ​រក​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល និង​តាមដាន​ការ​វិវត្តន៍​បន្ត​របស់​ស្បែក​កូន។ ដំបូន្មានជា​ជំហាន​ដំបូង​ គឺ​ការ​ប្រើប្រាស់​​ទឹកក្ដៅឧណ្ហ៍ៗ សម្រាប់​ងូត និង​លាប​ឡេ ឬ​ប្រេង​ផ្ដល់​សំណើម តែ​ត្រូវ​ជ្រើសរើស​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​សិន ចៀសវាង​ឡេ​ដែល​មាន​ជាតិ​អាល់កុល សារធាតុកាត់ ព្រោះ​វា​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ខាង​ក្រៅ។

    ទារកស្បែកស្ងួត

    ចំពោះ​កូន​ដែល​មាន​បញ្ហា​ស្បែក​ស្ងួត គួរ​កុំ​ងូត​ទឹកយូរពេក ព្រោះ​អាច​លាង​សម្អាត​ប្រេង​ដែល​មាន​ពី​ធម្មជាតិ​តាម​ស្បែក បង្កើន​ហានិភ័យ​ឲ្យ​ស្បែក​កាន់តែ​ស្ងួត និង​របក។ បន្ទាប់​ពី​ងូត​ទឹក​រួច ម៉ាក់​ៗ​ត្រូវ​យក​កន្សែង​ដ៏​ទន់​មក​ផ្ដិល​ជាតិ​សំណើម ចៀសវាង​ការ​ជូត​ជា​មួយ​កន្សែង​ក្រាស់ៗ នាំឲ្យកកិត​ធ្វើឲ្យ​ស្បែក​កាន់តែ​យ៉ាប់យ៉ឺន។

    លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ទារក​ទើប​នឹង​កើត ​ទឹកដោះ​យើង​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​កូន​មាន​ជាតិ​ទឹក និង​មាន​សុខភាព​ល្អ ដោយ​ឧស្សាហ៍​បំបៅ ហើយ​ពេល​កូន​បាន​ទទួល​ទឹក​ដៅ​ច្រើន ធ្វើឲ្យ​ឆាប់​ថ្លោស ស្បែក​ប្រែជា​ភ្លឺរលោង​ ស្អាតឡើង​វិញដោយ​ឯង​ៗ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 18/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត