ស្លៀក​ខោទឹកនោមឲ្យកូនមើលទៅស្រួល តែត្រូវដឹងចំណុចតូចៗនេះ

    ស្លៀក​ខោទឹកនោមឲ្យកូនមើលទៅស្រួល តែត្រូវដឹងចំណុចតូចៗនេះ

    ស្រីៗ​គ្នា​យើង​ណា​ខ្លះ​​ទើប​ក្លាយ​ជា​ម្តាយ​គេ​លើក​ដំបូង​? ដឹង​​វិធី​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ហើយឬនៅ​​? ការស្លៀក​ខោទឹក​នោម​ឲ្យ​កូន​នៅ​ក្នុង​អត្ថបទ​នេះ​សំដៅតែ​លើ​អូនៗ​​តូច​ទើប​តែ​កើត​ មិន​មែន​អូនៗ​ចេះ​រត់ ចេះដើរនោះទេ​។​ អត្ថបទនេះ​នឹង​ប្រាប់​ម៉ាក់​ថ្មី​ថ្មោង​ទើប​មាន​អាអូន​លើក​ដំបូង។​ ស្រីៗ​យើង​​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​មិនខាន​​ដោយ​គ្រាន់​តែ​ធ្វើ​តាម​គន្លឹះ​ទាំង​នេះ។

    ១.ត្រៀមរបស់​ត្រូវ​ប្រើ​

    មុន​នឹង​ចាប់​ផ្តើមស្លៀក​ខោទឹក​នោម​ឲ្យ​កូន​ ម៉ាក់ៗ​​ត្រូវ​តែ​មាន​អ្វី​ទាំង​អស់​ក្នុង​ដៃ​ឲ្យ​​ហើយ ព្រោះ​ថា​យើង​មិន​អាច​ឃ្លាត​ពី​ទារក​សូម្បី​តែ​មួយ​វិនាទី។ យើង​​ត្រូវ​ការខោ​ទឹក​នោម​ស្អាត​មួយ ទឹក​ក្តៅ​ឧណ្ហៗមួ​យចាន​​​ ក្រណាត់​សម្រាប់​​ជូត​សម្អាត​​មួយ ថ្នាំ​លាប​គូទ​កូន និងក្រណាត់​ទ្រាប់​​ពី​ក្រោម​ទារក​ពេល​ធ្វើ​ការ​ផ្លាស់​ប្តូរ។

    ២.ឱប​កូន​នៅ​លើ​ដៃ

    សូម​ចង​ចាំ​ថា​ ម៉ាក់ៗ​ត្រូវ​តែ​សម្អាត​​ដៃ​មុន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​កន្ទប​ ឬខោកូន។ ដំបូង​ឡើយ​ត្រូវ​ដាក់​កូន​លើ​កន្លែង​រាប​ស្មើមួយ។ បន្ទាប់​មក​ដាក់​ដៃ​ម្ខាង​លើ​កូន​ដើម្បី​កុំ​ឲ្យ​រមៀល​ធ្លាក់។ ជំហ៊ាន​បន្ទាប់​ដោះ​ខោ​ទឹក​នោម​​ដែល​គគ្រិច​នោះ​ចេញ​ ហើយ​លើក​កូន​ឡើង។ ប្រើ​ដៃ​ម្ខាង​ទៀត​ទាញ​កន្ទប់​នោះ​ចេញ​ពី​ខាង​មុខ។

    ស្លៀកខោកូន

    ៣.ជូត​សម្អាត​​ទារក​ទាំង​មុខ​ទាំង​ក្រោយ

    ជ្រលក់​ក្រណាត់​ស្អាត​នោះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយជូតគូទ​កូន​​ពី​មុខ​ទៅ​ក្រោយ។ សូម​ចងចាំ​ថា​ មិន​ត្រូវ​ជូត​ពី​ក្រោយ​មក​មុខ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​​បាក់​តេរី​រាលដាលពីគូទ​មក​ប្រដាប់ភេទ​ និងធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ទឹក​នោម​កូន ជា​ពិសេស​ចំពោះ​ទារិកា។ ប្រសិន​បើជាកូន​ប្រុស​យើង​​ត្រូវ​ដាក់​ខោទឹក​នោម​ថ្មី​លើ​ប្រដាប់​ភេទ​របស់​កូន​​ ដើម្បី​កុំ​ឲ្យ​កូន​នោម​ដាក់យើង​។ ចុង​ក្រោយយើង​​គួ​ដាក់​កូន​លើ​ក្រណាត់​ក្រាល​ស្អាត និង​​ស្ងួត​ ហើយ​លាប​ថ្នាំ​សម្រាប់​​​ការពារ​គូទ​ឲ្យ​កូន​ មុន​នឹង​ស្លៀក​ខោ​ថ្មី​ទៀត​​។

    ៤.សាក​ទំហំ​ខោ​ទឹក​នោម​ទារក

    ប្រសិន​បើយើង​​មិន​ច្បាស់ ថា​ខោ​ទឹក​នោម ឬ​កន្ទប​ត្រូវ​ជាមួយ​កូន​​ឬ​អត់​នោះ យើង​​អាច​ឆែក​ដោយ​យក​ម្រាម​ដៃ​ពីរ​សង្ខាង​របស់​យើង​ទាញ​វាស់​ជាមួយ​ចង្កេះ​កូន។ សំរាប់​ទារក​ទើប​នឹង​កើត យើង​​គួរ​តែ​ទាញ​ផ្នែក​ខាង​លើ​នៃ​កន្ទប​ឲ្យ​​ផុត​ពី​ផ្ចិត​ដើម្បី​ឲ្យ​​កូន​អាច​ដើរ​ខ្យល់​បាន​ល្អ។

    ៥.វិធី​ការ​ពារ​កុំឲ្យ​​​រោលខោទឹក​នោម

    ការ​រោល​ដោយ​កន្ទប​ គឺ​ជា​បញ្ហា​ដែល​កើត​ញឹកញាប់​​បំផុត​លើ​​ទារក។ ដើម្បី​ការពារ​ការ​រោល​នេះ​យើង​​ត្រូវ​តែ​ផ្លាស់​ប្តូរ​កន្ទប​ ឬ​ខោ​កូន​ឲ្យ​បាន​ញឹកញាប់ លាប​ថ្នាំ​ការពារ និងអាច​ថា​កុំ​ប្រើ​កន្ទប​ប្រសិន​បើ​អាចធ្វើ​​ទៅ​បាន។ ប្រសិន​បើ​ការ​រោល​នេះ​មាន​លក្ខណៈ​យូរ ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។ ប្រសិន​បើ​កូន​គ្រុន ស្រប​​​ពេល​ជាមួយ​គ្នា​នឹង​ការ​រោល​នេះ ឬ​ប្រសិន​បើ​ការ​រោល​នេះ​ធ្វើ​ឲ្យ​​ឈឺ​ចាប់ ឡើង​ក្រហម​ជាមួយ​ខ្ទុះ ត្រូវ​នាំ​កូន​ទៅ​ជួប​​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​បាន។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    How to diaper your baby? http://www.webmd.com/parenting/treat-diaper-rash-16/slideshow-diapering. Accessed April 28, 2017.

    Baby basics: diapering your baby. http://kidshealth.org/en/parents/diapering.html#. Accessed April 28, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 11/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត