backup og meta

មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ

    ក្រោយ​ពី​សម្រាល​កូន​ហើយ ម៉ាក់ៗ​ចាំបាច់​ត្រូវ​បំបៅ​ដោះ​កូនកូន តែ​បើ​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ ដូច​ជា​ ម៉ាក់ៗ​មាន​បញ្ហា​សុខភាព ពុំ​មាន​ទឹក​ដោះ ទឹកដោះ​ចេញ​តិច​តួច​មិន​គ្រប់គ្រាន់​សម្រាប់​ឲ្យ​កូន​បៅ ឬ​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ​នោះ ​ច្បាស់​ជា​ត្រូវ​ឲ្យ​ម៉ឹម​ទឹកដោះ​គោ​ជំនួស​ហើយ។

    និយាយ​ដល់​រឿង​ម្សៅ​ទឹកដោះគោ ម៉ាក់ៗ​ច្បាស់​ជា​ពិបាក​សម្រេច​ចិត្ត​ថា ត្រូវ​ជ្រើស​រើស​ប្រភេទ​ណា​មួយ ព្រោះ​ម្សៅ​ទឹក​ដោះ​គោ​មាន​ច្រើន​ប្រភេទ​ណាស់​នា​ពេល​បច្ចុប្បន្ន។ អ៊ីចឹង មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​ទឹក​ដោះ​គោ​ឲ្យ​កូន​ញ៉ាំ ម៉ាក់ៗ​ត្រូវ​គិត​លើ​អ្វី​ជា​សំខាន់?

    តាម​រយៈ​ការ​សាកសួរ​ជាមួយ​អ្នក​ម្ដាយ​ច្រើន​រូប ដែល​មាន​ទាំង​អ្នក​ធ្វើការ អ្នក​លក់ដូរ រួម​ទាំង​ស្ត្រី​មេផ្ទះ ហើយ​ធ្លាប់​បំបៅ​កូន​ដោយ​ម្សៅ​ទឹកដោះ​គោ​នោះ ចម្លើយ​ដែល​ទទួល​បាន ​គឺ​របៀប​នៃ​ជ្រើស​រើស​របស់​ម៉ាក់ៗ​ខុសៗ​គ្នា។

    ម៉ាក់ៗ​ខ្លះ​ជ្រើស​រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ​ទៅ​តាម​គ្នា ដោយ​អ្នក​​ខ្លះ​​ឃើញ​សាច់​ញាតិ ឬ​មិត្តភក្តិ ប្រើ​ម៉ាក​ហ្នឹង​ កូន​លូត​លាស់​ល្អ ក៏​ប្រើ​តាម​ទៅ ឯ​ម៉ាក់ៗ​ខ្លះ​ទៀត​ជ្រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​ដែល​មាន​តម្លៃ​ថ្លៃ ព្រោះ​តែ​យល់​ថា របស់​ថ្លៃ​គុណភាព​ក៏​ល្អ​ដែរ ខណៈ​ម៉ាក់ៗ​មួយ​ចំនួន​ទៀត​បាន​គិត​ទៅ​លើ​ប្រេន និង​រូបមន្ត​ផ្សំ​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ជា​សំខាន់។

    ងាក​មក​វេជ្ជបណ្ឌិត​ជំនាញ អ៊ុន យូ ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​វិញ បាន​ឲ្យ​ដឹង​ថា មុន​នឹង​សម្រេច​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម ម៉ាក់ៗ​ចាំបាច់​ត្រូវ​​ជ្រើស​រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ​ដែល​មាន​គ្រប់​សារធាតុ​ចិញ្ចឹម​សម្រាប់​កុមារ មាន​សារធាតុ​ពិសេសៗ​ដូចជា Prebiotic, DHA និងកាល់ស្យូម ដែល​ជួយ​ទាំង​រាងកាយ​ ឆ្អឹង ជួយ​ទាំង​ប្រព័ន្ធ​ការពារ បញ្ញា​ស្មារតី និង​ខួរក្បាល​​កូន​។

    “ម្តាយ​ហ្នឹង​ត្រូវ​ស្វែង​យល់​ពី​ប្រភេទ​ម្សៅ​ទឹកដោះគោ​នីមួយៗ​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ឲ្យ​កូន​ម៉ឹម សួរ​ទៅ​ក្រុមហ៊ុន តើ​ទឹក​ដោះ​គោ​គាត់​ហ្នឹង​មាន​ជាតិ​ពិសេស​អីខ្លះ? ប្រើ​ទៅ អាច​ឆ្លាត​វៃ​ទេ ប្រើ​ទៅ​ក្តៀន​អត់?’ លោក​វេជ្ជបណ្ឌិត អ៊ុន យូ រៀប​រាប់។

    អត្ថបទពាក់ព័ន្ធ៖ 

    វេជ្ជបណ្ឌិត អ៊ុន យូ
    វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ

    ចំពោះ​ការ​ជ្រើស​ប្រភេទ​ម្សៅ​ទឹក​ដោះ​ទៅ​តាម​គ្នា​នោះ លោក​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង និង​កូរ៉េ រូប​នេះ បញ្ជាក់​ថា មិន​ត្រឹម​ត្រូវ​ទេ កូន​អ្នក​ដទៃ​ ប្រើ​ទៅ​កូន​ថ្លោស​ល្អ​នេះ តែ​មិន​ប្រាកដ​ថា កូន​យើង​ថ្លោស ឬ​លូតលាស់​ដូច​កូន​គេ​ទេ ព្រោះ​រាង​កាយ​ក្មេង​ម្នាក់ៗ​មិន​ដូច​គ្នា​ទេ ជួន​បៅ​ទៅ​ល្អ​ដូច​គេ ជួល​កាល​មិន​ល្អ​ដូច​គេ។

    ទោះ​ជា​បែប​នេះ លោក​វេជ្ជបណ្ឌិត​ថា ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹកដោះ​គោ​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ ទោះ​ជា​ម៉ាក់ៗ​រវល់​យ៉ាង​ណា​ក្តី ​ត្រូវ​ឆ្លៀត​បំបៅ​កូនដោះ​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ ដោយ​បូម​ទឹកដោះ​សម្រាប់​កូន​បៅ ពេល​យើង​រវល់ ឬ​មិន​នៅ​ក្បែរ​កូន​ពេល​ថ្ងៃ ព្រោះ​ទឹកដោះ​ម្តាយ​សម្បូរ​សារធាតុចិញ្ចឹម អង់ទីករ វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម