ចាប់ពីពេលអាអូនកើតមក ម៉ាក់ប៉ាចំណាយពេលរយៈ១ឆ្នាំ ឬលើសនេះ ដើម្បីស្វែងយល់ពីសមាជិកគ្រួសារតូចថ្មី តាំងពីអ្វីដែលធ្វើឲ្យកូនសើច របៀបគេង ឬសំឡេងកូនយំម្ដងៗបញ្ជាក់ពីអ្វី យំឃ្លាន យំងងុយគេង ឬយំមិនស្រួលក្នុងខ្លួន។ល។ ដូចគ្នានេះដែរ ទារកក៏កំពុងស្វែងយល់ពីយើង ក៏ដូចជាបរិយាកាសខាងក្រៅជុំវិញខ្លួនអាអូនដូចគ្នា។ តាំងពីពេលកើតមក ទារកចាប់ផ្ដើមរៀនចំណាំសំឡេង ក្លិន និងមុខអ្នកដែលថែទាំខ្លួនគេញឹកញាប់ជាងគេ ពោលគឺអ្នកម្ដាយនេះឯង។
ទារកទើបនឹងកើត មានអារម្មណ៍ថាផាសុកភាព ស្រណុកសុខស្រួល ពោលគឺងាយស្រួលពេលនៅជាមួយអ្នកម្ដាយជាងពេលនៅជាមួយអ្នកណាទាំងអស់ ព្រោះមិនមែនតែក្លិន និងសំឡេងម៉ាក់ៗដែលអាអូនចំណាំនោះទេ ពេលដែលអាអូនមើលបានច្បាស់ អាអូនមើលឃើញមុខរបស់ម៉ាក់ៗមុនគេ។ ម៉្យាងវិញទៀត ទារកនៅក្បែរម៉ាក់ៗច្រើនជាងអ្នកណាទាំងអស់ ហេតុនេះហើយទើបកូនចំណាំ និងតាមម៉ាក់ៗជាងប៉ាៗ ឬសមាជិកគ្រួសារណាទាំងអស់។

ពេលទារកកើតបានអាយុ៣ខែ អាអូនអាចបែងចែកបានរវាងមុខម៉ាក់ៗ និងមុខសមាជិកគ្រួសារប្លែកមុខដទៃទៀត។ បន្ថែមពីលើនេះ ទារកក៏អាចបែងចែកក្លិនរបស់ម៉ាក់ៗពួកគេ ពីក្លិនរបស់មនុស្សដទៃនៅជុំវិញខ្លួន ហើយក្លិនម៉ាក់ៗអាចជួយឲ្យអាអូនមានអារម្មណ៍ស្ងប់ស្ងាត់ និងធូរស្បើយបានផងដែរ។
ក្នុងនាមជាម៉ាក់ប៉ាថ្មីថ្មោង យើងអាចបារម្ភថាតើ កូនតូចចំណាំមុខយើងហើយឬនៅ។ តែយើងមិនបាច់បារម្ភទេ ព្រោះទារកគ្រប់រូបមិនដូចគ្នា ហើយអាអូនមានការអភិវឌ្ឍន៍ទៅតាមរយៈពេលត្រឹមត្រូវរបស់អាអូន។ នៅក្នុងរយៈពេល២-៣ខែដំបូង ឬអំឡុងពេលលូតលាស់របស់អាអូន ពួកគេនឹងត្រូវមើលមុខ និងស្ដាប់សំឡេងរបស់ម៉ាក់ប៉ាជារៀងរាល់ថ្ងៃ ដែលផ្ដល់ឱកាសឲ្យកូនសិក្សាពីម៉ាក់ប៉ា ប្រៀបបាននឹងយើងខំប្រឹងស្វែងយល់ពីអាអូនដូចគ្នា។