ចំនួនរបួសលើទារកបង្កឡើងដោយរទេះក្មេងរៀនដើរបាននាំឲ្យរាជរដ្ឋាភិបាលប្រទេសកាណាដា ហាមឃាត់លក់ ផ្សាយពាណិជ្ជកម្ម និងនាំចូលឧបករណ៍សម្រាប់ក្មេងមួយនេះតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។
ត្បិតតែរទេះក្មេងរៀនដើរ ផ្ដល់ភាពងាយស្រួលដល់ម៉ាក់ប៉ា និងអាអូនបានសប្បាយ ដើរចុះឡើងដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ធ្ងន់ច្រើនដល់កូន ដោយសារតែវាមានកង់រទេះជួយឲ្យកូនដើរបានលឿន ហើយកូនក្មេងនៅមិនទាន់អាចទប់លំនឹងខ្លួនបានល្អដូចមនុស្សធំទេ ពោលគឺ តែលឿនគឺលឿនហើយ ចាប់មិនទាន់ទេ។
ពេលដែលអាអូនប្រើរទេះក្មេងរៀនដើរនេះ កូនអាចដើរទៅចាប់កាន់ ឬប៉ះរបស់របរគ្រោះថ្នាក់ដូចជា ចង្ក្រានក្ដៅ ខ្សែភ្លើង និងកាំបិតជាដើម។ បន្ថែមពីនេះ អាអូនអាចធ្លាក់ពីលើកាំជណ្ដើរ បណ្ដាលឲ្យបាក់ឆ្អឹង ឬប៉ះពាល់ក្បាលធ្ងន់ធ្ងរក៏ថាបាន។ ម្យ៉ាងវិញទៀត រទេះក្មេងរៀនដើរ មិនផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍ ឬជួយឲ្យកូនឆាប់ចេះដើរបានលឿន ដូចអ្វីដែលម៉ាក់ប៉ាមួយចំនួនធំគិតនោះទេ។ ក្នុងការលូតលាស់ កូនក្មេងទាមទារឲ្យមានឱកាសក្នុងការវារ តោងឈរ ដែលអាអូនមិនអាចធ្វើបាន បើម៉ាកប៉ាដាក់កូនក្នុងរទេះក្មេងរៀនដើរញឹកញាប់ និងយូរៗម៉ោងនោះ។