តើអូនតូចប្រែប្រួលអ្វីខ្លះនៅអាយុ ៣០ សប្តាហ៍នេះ? ម៉ាក់ប៉ាអាចប្រាប់កូនថា ទូរសព្ទមិនមែនជារបស់ក្មេងលេងទេ និងអាចគប់នោះទេ កូនកុំទាញសក់ម៉ាក់ប៉ា ឬអាបងណា។ នៅអាយុប៉ុណ្ណឹង អូនតូចផ្តើមធ្វើតេស្តប្រតិកម្មដោយបដិសេធមិនធ្វើតាមអ្វីដែលយើងប្រាប់។ នេះមិនមែនមានន័យថា កូនមិនស្តាប់តាមម៉ាក់ប៉ានោះទេ អាអូនគ្រាន់តែចង់ដឹងតែប៉ុណ្ណោះ។
នៅសប្តាហ៍ទី ៣០ កូនយើងនឹងអាច៖

– អង្គុយតែឯងដោយគ្មានការជួយ
– ព្យាយាមទប់ខ្លួនប្រសិនបើយើងលើក
– ជំទាស់បើយើងយករបស់លេងចេញពីខ្លួន
– ស្វែងរកវត្ថុដែលធ្លាក់
– ប្រើម្រាមដៃចាប់វត្ថុ ហើយក្តាប់ក្នុងដៃ
– រកមើលប្រភពនៃសំឡេង
– ញ្ចេញសំឡេងដូចជាហ្កាហ្កា បាបាបា ម៉ាម៉ាម៉ា ដដាដា
– ចេះលេងបិទពួន។
ម៉ាក់ប៉ាត្រូវដឹងថាអាអូនមិនអាចចាំបាននូវអ្វីដែលយើងបាននិយាយនោះទេ យកល្អ យើងត្រូវប្រើពាក្យសាមញ្ញៗ ដូចជា “No’ ដូច្នេះកូននឹងយល់ថា មិនអាចធ្វើអ៊ីចឹងបានទេ។ ល្បែងសាមញ្ញ Peekaboo (បិទពួន) អាចនឹងធ្វើឲ្យក្មេងៗតូចចាប់អារម្មណ៍បាន។ អូនតូចប្រហែលជាចូលចិត្តល្បែង មនុស្ស ឬវត្ថុបាត់ហើយមកវិញ ដូច្នេះម៉ាក់ប៉ាគួរតែបង្កើតការលេងល្បែងបែបនេះឲ្យបានច្រើន ដើម្បីបង្ហាញពីវត្តមានរបស់មនុស្សនៅជុំវិញខ្លួន។

គ្រូពេទ្យមិនណាត់ជួបដើម្បីពិនិត្យសុខភាពអូនតូចនៅខែនេះឡើយ ប៉ុន្តែក្នុងករណីមានបញ្ហាគួរឲ្យបារម្ភនោះ ត្រូវប្រញាប់ណាត់ជួបភ្លាម មិនត្រូវរង់ចាំដល់ខែក្រោយនោះទេ។
ដល់ពេលដែលម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ចំពោះរបបអាហារកូនឲ្យច្រើន នោះទើបសុខភាពល្អ មិនប្រឈមនឹងជំងឺដង្កាត់ផ្សេងៗ។
ភាពស្លេកស្លាំង៖ ភាពស្លេកស្លាំងកើតពេលទារកមានកោសិកាឈាមក្រហមទាប បណ្តាលឲ្យបរិមាណ អេម៉ូក្លូប៊ីនទាប ធ្វើឲ្យអស់កម្លាំង រាងកាយមិនអាចដំណើរការបានល្អ។ ភាពស្លេកស្លាំងអាចបណ្តាលមកពីកង្វះអាហារូបត្ថម្ភ ជំងឺតពូជ ថ្នាំ ឆ្លងរោគ ជំងឺរ៉ាំរៃមួយចំនួន។ ឯមូលហេតុចំបងនៃភាពស្លេកស្លាំងបណ្តាលមកពីកង្វះជាតិដែកក្នុងអាហារ ការស្រូបយកជាតិដែកពីអាហារទៅក្នុងពោះវៀនដំណើរការមិនបានល្អ ឬហូរឈាមមិនឈប់ (ហូរឈាមតាមអញ្ចាញធ្មេញ)។
កុំថាឡើយទារកកើតមិនគ្រប់ខែតែងមានភាពស្លេកស្លាំងតាំងពីកំណើត សូម្បីទារកធម្មតាក៏ត្រូវការជាតិដែកដែរ។ ក្នុងរយៈពេល ៦ ខែដំបូងកំហាប់ជាតិដែករបស់ទារកធ្លាក់ចុះយ៉ាងឆាប់រហ័ស ធ្វើឲ្យពួកគេត្រូវការអាហារូបត្ថម្ភ។ ជួនកាលនៅចន្លោះខែទី ៩ និង ទី ១៣ ពេលយើងយកកូនទៅពិនិត្យសុខភាពជាប្រចាំគ្រូពេទ្យអាចមើលអេម៉ូក្លូប៊ីន ដើម្បីដឹងថា កូនយើងមានជំងឺខ្វះឈាមដែរឬទេ។
រោគសញ្ញានៃភាពស្លេកស្លាំងរួមមាន៖
– អស់កម្លាំង
– មិនឃ្លានបាយ
– ស្បែក និងបបូរមាត់ស្លេក
– រោគសញ្ញាធ្ងន់ធ្ងរមានដូចជា៖
– ដកដង្ហើមញាប់
– ជំងឺបេះដូង
– បញ្ហាផ្លូវកាយ និងផ្លូវចិត្ត។
បើការធ្វើតេស្តឈាមឃើញជាតិដែកនៅក្នុងខ្លួនទាប នោះគ្រូពេទ្យនឹងឲ្យប្តូរអាហារ ឬបន្ថែមជាតិដែកសម្រាប់កូន។ យើងត្រូវជ្រើសរើសអាហារដែលមានជាតិដែកគ្រប់គ្រាន់តាមការណែនាំរបស់គ្រូពេទ្យយ៉ាងប្រុងប្រយ័ត្ន ការប្រើប្រាស់ជាតិដែកលើសកំណត់ក៏អាចគ្រោះថ្នាក់ដល់ទារក។
យើងអាចការពារ ឬព្យាបាលភាពស្លេកស្លាំងខ្វះជាតិដែកបានដោយផ្តល់ឲ្យកូននូវអាហារដែលមានជាតិដែកទៅតាមតម្រូវការរបស់ពួកគេ។ ចំណុចដែលយើងត្រូវធ្វើនោះមានដូចជា៖
កូនមានកត្តាប្រឈមខ្ពស់ធ្វើឲ្យស្លេកស្លាំងទេ៖ កត្តាប្រឈមទាំងនោះមានដូចជា កើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ កង្វះជាតិដែកនៅក្នុងអាហារ បើសិនជាទារកបៅដោះម្តាយ ឬម្សៅទឹកដោះគោដែលខ្វះជាតិដែក។
បំបៅដោះកូនយូរតាមដែលអាចធ្វើបាន៖ ទឹកដោះម្តាយមានផ្ទុកជាតិដែក អាចឲ្យទារកស្រូបយកបានយ៉ាងស្រួលជាងជាតិដែកដែលមាននៅក្នុងអាហារដទៃ។
កុំឲ្យកូនក្រោមអាយុ ១ ឆ្នាំបៅទឹកដោះគោ៖ ទឹកដោះគោមានជាតិដែកតិចតួច អាចធ្វើឲ្យរលាកពោះវៀន។
ផ្តល់ម្សៅធញ្ញជាតិដែលមានជាតិដែកបន្ថែម៖ នៅខែទី ៨ យើងអាចឲ្យកូនញ៉ាំអាហារដែលមានជាតិដែកខ្ពស់ ដូចជា សណ្តែក ស្ពៃ ស៊ុត (ផ្នែកក្រហម) សាច់សុទ្ធ សាច់សត្វស្លាប និងត្រី។
ផ្តល់អាហារសម្បូរវីតាមីន C៖ ញ៉ាំអាហារសម្បូរវីតាមីន C ជួយដល់ការស្រូបយកជាតិដែក មានដូចជា ម្ទេសប្លោកក្រហម ល្ហុង ត្រសក់ស្រូវសាលី Broccoli ស្ត្រប៊ឺរី និងក្រូច។
អាហារសម្រន់៖ ម៉ាក់ៗជាច្រើនមិនចង់ឲ្យកូនញាំផ្អែមនៅចន្លោះអាហារកូននោះទេ។ តាមពិតទៅអាហារសម្រន់ដើរតួសំខាន់ក្នុងរបបអាហារ ជាពិសេសអាហារកុមារ។
អំឡុងអាហារសម្រន់ កូនយើងនឹងមានឱកាសកាន់ចំណិតនំប៉័ង ឬនំ ដោយដៃ ហើយអាចដាក់ចូលមាត់ដោយមិនបាច់ខ្វល់ថា វាធំពេក ឬក៏អត់។ ពេលខ្លះរបៀបនៃការញាំរបស់កូនពិបាកមើលបន្តិចហើយ ដូច្នេះយើងត្រូវបង្រៀនអាអូនពីរបៀបញ៉ាំ។
ក្មេងៗមានក្រពះតូច ញ៉ាំរហ័សឆ្អែត ហើយក៏រហ័សឃ្លានវិញ។ អាហារចម្បងកម្រនឹងរក្សាការឆ្អែតពីមួយពេលរហូតដល់មួយពេលទៀតបាន ដូច្នេះអាហារសម្រន់នឹងក្លាយជាអាហារដ៏ចាំបាច់មួយសម្រាប់បំពេញតម្រូវការអាហារទារក។
អាហារសម្រន់នឹងផ្តល់ពេលវេលាឲ្យទារកសម្រាក បើយើងមិនផ្តល់អាហារសម្រន់នៅចន្លោះអាហារចម្បងទាំង ៣ ពេលដល់ទារកនោះទេ អាអូននឹងបៅដោះម្តាយ ឬបៅដោះគោជាមិនខាន។ អាហារសម្រន់នឹងជួយកូនយើងកាត់បន្ថយតម្រូវការបៅដោះម្តាយ និងជួយផ្តាច់ទឹកដោះម្តាយបាន។
ទោះជាយ៉ាងណាអាហារសម្រន់ក៏អាចមានគុណវិបត្តិខ្លះដែរ យើងគួរតែកត់សម្គាល់បន្ទាប់ពីកូនញ៉ាំរួច៖
ញាំអាហារសម្រន់កៀកម៉ោងអាហារ៖ អាចធ្វើឲ្យទារកឆ្អែត និងមិនញ៉ាំអាហារ ដូច្នេះម៉ាក់ប៉ាត្រូវព្យាយាមរៀបចំអាហារសម្រន់នៅចន្លោះអាហារ។ អាហារសម្រន់អាចធ្វើឱ្យទារកមានអ្វីនៅក្នុងមាត់ នេះជាទម្លាប់មួយដែលអាចមានផលប៉ះពាល់អវិជ្ជមានលើរាងកាយ និងសុខភាពរបស់ទារកក្នុងពេលកុមារភាព និងវ័យជំទង់។
អាចបណ្តាលឲ្យពុកធ្មេញ៖ កូនយើងតែងមានអាហារក្នុងមាត់ ទោះបីជាម្សៅនំប៉័ងមានសុវត្ថិភាពដល់សុខភាពក្តី វានឹងក្លាយទៅជាជាតិស្ករនៅពេលដែលប៉ះនឹងទឹកមាត់។ ពេលវេលាដែលគួរឲ្យអាហារសម្រន់ គឺនៅពេលព្រឹក ឬថ្ងៃត្រង់ អាហារពេលល្ងាច និងមុនពេលចូលគេងត្រូវមានគម្លាតគ្នាទើបល្អ។
ជៀសវាងផ្តល់អាហារសម្រន់ដល់កូនពេលហត់ ឬជារង្វាន់៖ មធ្យោបាយល្អបំផុតយើងអាចសាកល្បងនិយាយលេង ឬទះដៃជាលើកទឹកចិត្តប្រសើរជាង។
ឲ្យកូនញ៉ាំអាហារសម្រន់នៅកន្លែងមានសុវត្ថិភាព៖ ការផ្តល់ចំណីអាហារខណៈកូនគេង លូន វារ អាចធ្វើឱ្យកូនស្លាក់ចំណីអាហារបាន។ អូនតូចគួរអង្គុយ និងញ៉ាំតាមរបៀបត្រឹមត្រូវ ដូចជាអង្គុយលើកៅអី ជាដើម។
កូនបង្ហាញអាកប្បកិរិយាខុសប្លែក៖ ពេលយើងត្រលប់ពីកន្លែងធ្វើការមកជួបកូនតូចនៅផ្ទះ ក្នុងពេលអាអូនរករឿងឃ្លាន ហើយខឹងល្មម ជួនពេលយើងមានភាពតានតឹងពីកន្លែងការងារផង ត្រូវមកជួបបញ្ហាកូនតូចនៅផ្ទះទៀត។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្នពីការបញ្ចេញអារម្មណ៍មិនល្អ ព្រោះអាចប៉ះពាល់ឥរិយាបថកូនតូច។ បើយើងមិនខ្វល់ពីចិត្តកូនទេ អាអូនអាចបង្ហាញអាកប្បកិរិយាមិនសមរម្យដើម្បីបានការយកចិត្តទុកដាក់បន្ថែមពីយើង។
ដំណោះស្រាយ៖
មិនគួរត្រលប់ទៅផ្ទះវិញនៅពេលកូនឃ្លាន ឬង៉ិកង៉ក់៖ យើងគួរឲ្យមេដោះ ឬអ្នកមើលថែផ្តល់អាហារឲ្យកូនមុនពេលយើងត្រលប់មកផ្ទះវិញមុន ១ ម៉ោង។
សម្រាកមុនពេលទៅផ្ទះ៖ គួរធ្វើលំហាត់ប្រាណដើម្បីឲ្យធូរស្រាល មុនពេលយើងចូលផ្ទះហើយប្រើពេលវេលាគិតពីការងារដែលយើងមិនទាន់បានបញ្ចប់។
ជៀសវាងការថប់បារម្ភ៖ ធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយសប្បាយចិត្ត ជៀសវាងការថប់អារម្មណ៍ពេលត្រលប់ទៅផ្ទះវិញ។
ចំណាយពេល ១៥ នាទីជាមួយកូន៖ មកដល់ផ្ទះកុំប្រញាប់រៀបចំធ្វើម្ហូបអាហារពេលល្ងាច បើកមើលសារ ឬបត់សម្លៀកបំពាក់ភ្លាមៗ ខណៈទើបមកដល់ផ្ទះទម្លាក់កាបូបចុះ រួចចំណាយពេល ១៥ នាទីនៅជាមួយកូនតូច ដើម្បីផ្តល់ការយកចិត្តទុកដាក់ចំពោះកូន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 370-384.
កំណែប្រែបច្ចុប្បន្ន
19/02/2021
អត្ថបទដោយ Oum Voutha
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ