backup og meta

កូន​តូច​ចូលចិត្ត​ស្រែក​ខ្លាំង​ៗ ប៉ាម៉ាក់សាកដោះស្រាយ​បែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 23, 2021

កូន​តូច​ចូលចិត្ត​ស្រែក​ខ្លាំង​ៗ ប៉ាម៉ាក់សាកដោះស្រាយ​បែបនេះ

ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ភាព​នឿយហត់​ និង​ការ​ពិបាក​ក្នុង​ការ​ដោះស្រាយ​មិន​ខាន​ នៅ​ពេល​ដែល​អា​អូន​តែងតែ​ស្រែក​​ខ្លាំង​ៗ​ដោយ​ការ​មួម៉ៅ​​។​ ពិត​ណាស់​ ប៉ា​ម៉ាក់​​​ចាំបាច់​លួងលោម​កូន​ឲ្យ​ស្ងប់​ចិត្ត​ភ្លាម​ៗ​​ ដោយ​មិន​ត្រូវ​ប្រើ​អំពើ​​ហិង្សា​ ឬ​ពាក្យ​សំដី​មិន​ល្អ​ដាក់​ពួក​គេ​ឡើយ​។​ ជាក់​ស្ដែង​ អា​អូន​តូច​ៗ មិន​មែន​ចេះ​តែ​ស្រែក​ខ្លាំង​ៗ​ ដោយ​គ្មាន​មូលហេតុ​ឡើយ​។ ដូច​នេះ​​ យើង​គប្បី​ស្វែង​រក​មូលហេតុ​ជា​មុន​សិន ទើប​ព្យាយាម​រក​ដំណោះស្រាយ​តាម​ក្រោយ​។

មូលហេតុ​ដែល​កូន​តូច​ស្រែក​ខ្លាំង​ៗ​

​​​​​​​​១. ទាមទារ​ការ​​យក​ចិត្ត​ទុក​ដាក់​​

នៅ​ពេល​ខ្លះ ​អា​អូន​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​ទាំង​ស្រុង​ពី​ប៉ា​ម៉ាក់​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ស្រែក​ខ្លាំង​ៗ​ គ្រវែង​​របស់​របរ​ និង​យំ​ជា​ដើម​។​ ពួក​គេ​នឹង​ធ្វើ​អ្វី​​គ្រប់​យ៉ាង​ ដើម្បី​ទទួល​បាន​​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​យើង​។

២. លេង​

​ជាមួយ​គ្នា​នេះ​ដែរ អា​អូន​តូច​អាច​ចង់​លេង​សើច​ដោយ​ប្រើ​សំឡេង​​របស់​​ខ្លួន​។​ ពួក​គេ​អាច​បញ្ចេញ​សំឡេង​ ដោយ​ការ​ស្រែក​ ​ប្រឆាំង​តវ៉ា​ ដើម្បី​ឲ្យ​យើង​យល់​ និង​លួងលោម​​ដោយ​សំឡេង​ស្រទន់​។

៣. ចង់​ទាក់ទង​​

​ក្មេង​​ដែល​ទើប​ដើរ​តេះតះ​ មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​អ្វី​ដែល​ខ្លួន​ចង់​និយាយ​។​ ដូច្នេះ​ហើយ​ ទើប​ពួក​គេ​ស្រែក​ខ្លាំង​ និង​ធ្វើ​កាយវិការ​ ដើម្បី​ឲ្យ​ប៉ា​ម៉ាក់​យល់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន​។​

​​៤. មាន​ថាមពល​ពេញលេញ​

នៅ​ពេល​ដែល​កូន​តូច​មាន​ថាមពល​ពេញលេញ​ ពួក​គេ​អាច​នឹង​បញ្ចេញ​វា​តាម​រយៈ​ការ​ស្រែក​​​លឺ​ៗ​​ និង​មួម៉ៅ​ខ្លាំង​។

៥. ខឹង​នឹង​រឿង​អ្វី​មួយ

បន្ថែម​ពី​នេះ​ កូន​តូច​អាច​នឹង​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​រឿង​អ្វី​មួយ​ដែល​កំពុង​កើត​ឡើង​ ដូចជា​នៅ​ពេល​ដែល​យើង​មិន​ឲ្យ​ទូរសព្ទ​ទៅ​កូន​​ ឬ​នៅ​ពេល​ដែល​យើង​មិន​ឲ្យ​កូន​តូច​លេង​នៅ​ខាង​ក្រៅ​ជា​ដើម។​

​វិធីសាស្ត្រ​ដោះស្រាយ​ នៅ​ពេល​​កូន​តូច​ស្រែក​ខ្លាំង​ៗ​

ការ​ស្រែក​ខ្លាំង​ៗ​ គឺ​ជា​អាកប្បកិរិយា​ជាក់លាក់​ ដែល​ក្មេង​តូច​ៗ​តែងតែ​​បង្ហាញ​ឲ្យ​ប៉ា​ម៉ាក់​ឃើញ ជា​ពិសេស​គឺ​​នៅ​ពេល​ដែល​ក្មេង​មាន​​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ ដល់​៣​ឆ្នាំ​។​ ភាគ​ច្រើន​ អាកប្បកិរិយា​នេះ​​​​កើត​ឡើង​នៅ​ដំណាក់កាល​ដែល​ក្មេង​មិន​អាច​និយាយ​បាន​​ច្រើន​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ស្រែក​ខ្លាំង​ៗ​។ ប៉ា​ម៉ាក់​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​ តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។

១. អង្អែល​ខ្នង​កូន​តូច​ថ្នម​ៗ​

ប្រសិនបើ​អា​អូន​ស្រែក​ខ្លាំង​ៗ​ ដើម្បី​បញ្ចេញ​ថាមពល​របស់​ខ្លួន​ ចូរ​លើក​​អា​អូន​ឡើង​ និង​អង្អែល​ខ្នង​របស់​ពួក​គេ​ថ្នម​ៗ។​ ទង្វើ​នេះ​អាច​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​ និង​ជួយ​បង្វែរ​ចិត្ត​គំនិត​របស់​កូន​តូច​ ​ក៏​ដូចជា​ជួយ​ឲ្យ​ក្មេង​​​វិល​មក​រក​ឥរិយាបថ​ដើម​របស់​ខ្លួន​វិញ​។

​​២. ផ្ដល់​សេចក្ដី​ស្រលាញ់​

នៅ​ក្នុង​ករណី​ដែល​ក្មេង​ស្រែក​ ដើម្បី​ទាមទារ​ចំណាប់​អារម្មណ៍ ចូរ​ទុក​ការងារ​ដែល​យើង​កំពុង​ធ្វើ​មួយ​ឡែក​​សិន​ និង​មក​រក​កូន​ភ្លាម​ៗ​។​ ប៉ា​ម៉ាក់​គប្បី​ស្វែង​យល់​ពី​អារម្មណ៍​កូន​ និង​សាកសួរ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​ពួក​គេ​ស្រែក​ ប៉ុន្តែ​ព្យាយាម​លួងលោម​ក្មេង​ ជាជាង​ការ​ស្រែក​ដាក់​ពួក​គេ​វិញ។​ យ៉ាង​ណា​មិញ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​ឲ្យ​យល់​ថា ​យើង​មិន​អាច​ផ្ដល់​ចំណាប់អារម្មណ៍​ដល់​កូន​គ្រប់​ពេលវេលា​ឡើយ​។

កូនតូចស្រែក២

៣. បង្វែរ​ចំណាប់​អារម្មណ៍​កូន​

​​​​នៅ​ពេល​ដែល​កូន​តូច​ស្រាប់​តែ​ខឹង​ភ្លាម​ៗ​ និង​ស្រែក​ឮ​ខ្លាំង​ៗ​ ដើម្បី​បញ្ចេញ​កំហឹង​ ចូរ​កុំ​​ស្លន់ស្លោ​​ ឬ​ខឹង​នឹង​ពួក​គេ។​ ប៉ា​ម៉ាក់​គប្បី​បង្វែរ​ចំណាប់​អារម្មណ៍​កូន​ទៅ​រក​សកម្មភាព​​ដទៃ​ទៀត​ជំនួស​វិញ​ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ភ្លេច​រឿង​ដែល​ពួក​គេ​ស្រែក​យំ​មុន​ដំបូង​បាន​។​​

៤.​ ទុក​ពេលវេលា​ឲ្យ​កូន​ខ្លះ​

​​នៅ​ពេល​ខ្លះ​ ក្មេង​ត្រូវការ​បញ្ចេញ​​អារម្មណ៍​របស់​ពួក​គេ​ចេញ​មក​ក្រៅ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​មិន​គួរ​ស្រែក​តប​ត​ ឬ​ប្រើ​ហិង្សា​ចំពោះ​កូន​វិញ​ឡើយ​។​ ចូរ​ទុក​ពេលវេលា​ខ្លះ​ឲ្យ​កូន​ ក្នុង​ការ​បញ្ចេញ​អារម្មណ៍​​មក​ក្រៅ​ និង​ឲ្យ​ពួក​គេ​​​ត្រលប់​មក​រក​សភាព​ដើម​វិញ​ដោយ​ខ្លួន​ឯង​។​

ទោះបី​ជា​​កូន​​ស្រែក​ខ្លាំង​ៗ​យ៉ាង​ណា​ក្ដី​ ប៉ា​ម៉ាក់​ត្រូវ​តែ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ និង​វិភាគ​រក​មើល​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​។​ លើស​ពី​នេះ​ យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ បង្ហាញ​សេចក្ដី​ស្រលាញ់​ និង​លួងលោម​កូន​តាម​វិធីសាស្ត្រ​ផ្សេង​ៗ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 23, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម