វេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ថា កូនតូចចាប់ពីអាយុ ៦ ខែឡើងទៅ មិនត្រូវឲ្យញ៉ាំអាហារដែលសល់ច្រើនថ្ងៃឡើយ បើទោះជាបានកម្ដៅរួចហើយក៏ដោយ។ ត្រូវធ្វើអាហារសម្រាប់ញ៉ាំ ១ ថ្ងៃ ឬ ១ ពេលៗប៉ុណ្ណោះ ព្រោះអាហារដែលសល់យូរអាចផ្អូម ជូរ បង្កជាឈឺ ឬចុកពោះ រាករូស ក្អួតចង្អោរ។
មួយវិញទៀតវេជ្ជបណ្ឌិតឯកទេសទូទៅផ្ដាំមិនឲ្យកូនតូចផឹកភេសជ្ជៈកំប៉ុង ទឹកក្រូច ស្ករសូកូឡា ឬទឹកកកឡើយ ព្រោះភេសជ្ជៈច្រើនតែនាំឲ្យ គ្រុនក្ដៅ ឈឺក រហូតរលាកបំពង់ក។ មិនត្រឹមតែប៉ុណ្ណោះគ្រឿងកំប៉ុងមានជាតិស្ករច្រើន បើញ៉ាំយូរៗទៅនាំឲ្យកូនកើតជំងឺធាត់លើសទម្ងន់ និងបញ្ហាសុខភាពទៅថ្ងៃមុខទៀតដូចជាទឹកនោមផ្អែម ស្ទះសរសៃឈាមបេះដូង។
ចំណែករឿងនំ ស្ករគ្រាប់ នំបន្ទះស្រួយ ឬនំកញ្ចប់ៗក៏ត្រូវហាមឃាត់មិនឲ្យកូនញ៉ាំដែរ ព្រោះអាហារទាំងនោះបានផលិតចូលគ្នានូវស្ករ អំបិល ខ្លាញ់ និងសារធាតុគីមីយ៉ាងច្រើនទៀត ដើម្បីរក្សាទុក។ បើបណ្ដោយឲ្យកូនញ៉ាំអាហារឥតប្រយោជន៍ទាំងនោះ បណ្ដាលឲ្យពុកធ្មេញ ហើយថ្ងៃមុខអាចមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពផ្សេងៗទៀត។