ពេលកូនរាក កុំចង់​បាន​ថ្នាំ​ដាក់​ភ្លាម​បាត់​ភ្លែត ប្រយ័ត្នប៉ះថ្នាំប្រភេទនេះ គ្រោះថ្នាក់ធ្ងន់

    ពេលកូនរាក កុំចង់​បាន​ថ្នាំ​ដាក់​ភ្លាម​បាត់​ភ្លែត ប្រយ័ត្នប៉ះថ្នាំប្រភេទនេះ គ្រោះថ្នាក់ធ្ងន់

    ជំងឺ​រាករូស​កើតមាន​​ចំពោះ​ទារក​គ្រប់​គ្នា ចៀស​មិន​រួច​ឡើយ ក្នុង​នោះ​ដែរ​ការ​ជ្រើសរើស​គ្រូពេទ្យ​សម្រាប់​ព្យាបាល​កូន ពិតជា​សំខាន់​ណាស់ បើ​ប៉ះ​ចំ​អ្នក​មិន​ច្បាស់​អាច​នាំ​ទុក្ខ​ដល់​កូន​ទៅ​វិញ ហើយ​ពេល​គ្រូពេទ្យ​ឲ្យ​ថ្នាំ​ត្រូវ​លេប​តាម​វេជ្ជបញ្ជា​ផង កុំបង្ខំ​រកតែ​ថ្នាំ​ខ្លាំង​ដាក់​ម្ដង​បាត់​ឈឹង​នោះ។

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ថា ជំងឺ​រាក​លើ​កុមារ និង​ទារក ម៉ាក់ប៉ា​កុំ​ចង់​បាន​ថ្នាំ​ដាក់​ភ្លាម​បាត់​ភ្លាម ព្រោះ​ពេទ្យ​ខ្លះ​នឹង​ឲ្យ​ថ្នាំ​ប្រភេទ Loperamide ដែល​ថ្នាំ​នេះ​វា​ទៅ​ទប់​ចលនា​ពោះវៀន មិន​ឲ្យ​មាន​ចលនា នៅ​ពេល​ពោះវៀន​គ្មាន​ចលនា​វា​នឹង​លែង​រាក​ទៀត​ហើយ។ នៅ​ពេល​ដែល​ពោះវៀន​លែង​មាន​ចលនា ជា​មូលហេតុ​ងាយ​ធ្វ់ឲ្យពោះវៀន​ស្ទះ ពោះវៀន​លូន​ចូល​គ្នា រលាក​ពោះវៀន​កាន់​តែ​ខ្លាំង ខូច​ភាព​ធន់​រឹង​មាំ​នៃ​ពោះវៀន និង​ប្រឈម​ការ​ធ្លាយ​ពោះវៀន ដែល​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បាន។

    ថ្នាំ​ Loperamide​ ជាថ្នាំទប់រាកទឹក មិនមែនថ្នាំព្យាបាលរាកទឹកនោះទេ ហើយថ្នាំប្រភេទនេះដែរត្រូវបានគេហាមមិនឲ្យប្រើប្រាស់សម្រាប់​ព្យាបាលជំងឺរាកលើទារកដែលមានអាយុក្រោម ៦ ឆ្នាំ ព្រោះអាចឲ្យក្មេងមានផលប៉ះពាល់ក្រោយប្រើវា។

    វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បន្ថែម​ទៀត​ថា គ្រប់​ការ​រាក​ គឺ​អ្នក​ជំងឺ​ត្រូវការ​ជាតិ​ស័ង្កសី ដើម្បី​កាត់​បន្ថយ​កម្លាំង​នៃ​ការ​មេរោគ បន្ថយ​ចំនួន​នៃ​ការ​រាគ និង​បន្ថយ​ជំងឺ​រាក​នៅ​ពេល​ក្រោយ​ទៀត។ មួយ​វិញ​ទៀត​ជំងឺ​រាក​ត្រូវ​ការ​ព្យាបាល​យ៉ាង​សន្សឹម​ៗ យ៉ាងហោចណាស់​ក៏ ២ ថ្ងៃ​ដែរ ហើយ​បើ​លេប​លើស​វេជ្ជបញ្ជា មាន​តែ​នាំ​គ្រោះថ្នាក់​ចំពោះ​កូន។ ឧទាហរណ៍​ពេទ្យ​ឲ្យ​លេប​ថ្នាំ ១​ថ្ងៃ ៣ ដង បើ​យើង​ដាក់​ដល់ ៤ ដង​លើស​កម្រិត​ថ្នាំ ឬ​លេប​មិន​ដល់​ចំនួន​កំណត់​របស់​គ្រូពេទ្យ ដែល​ធ្វើឲ្យ​សភាព​ជំងឺ​មិន​ថមថយ។

    ចំណែក​រឿង​សំខាន់​មួយ​ទៀតពេល​កូន​រាក​ត្រូវ​បន្ថែម​ជាតិ​ទឹក​ឲ្យ​កូន​ឲ្យកាន់តែ​ច្រើន ហើយ​ចំពោះ​ក្មេង​បៅ​ដោះ​ត្រូវ​បន្ថែម​ចំនួន​បៅ​ឲ្យ​ញឹក កុំឲ្យ​ខ្សោះ​ជាតិ​ទឹក។ នៅ​ពេល​កូន​បាត់បង់​ជាតិ​ទឹក​ច្រើន បណ្ដាល​ឲ្យ​ក្ដៅ​ខ្លួន ឈឺ​ដេក​ស្ទិក គ្មាន​កម្លាំង​កំហែង និង​មិន​ញ៉ាំ​អ្វី​ទាំងអស់។ ក្រៅ​ពី​ទឹក​ធម្មតា គ្រូពេទ្យ​នឹង​បន្ថែម​អូរ៉ាលីត​ទៀត។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត