ប៉ាម៉ាក់ប្រហែលជានឹកស្មានមិនដល់ថា កូនៗក៏អាចជួបប្រទះនឹងបញ្ហាស្រ្តេសដូចទៅនឹងមនុស្សពេញវ័យដែរ ដោយអាស្រ័យលើកាលវិភាគរបស់ពួកគេ។ ប៉ុន្តែកុមារមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាស្រ្តេសប្រកបដោយប្រសិទ្ធភាពបាននៅឡើយទេ។ កុមារម្នាក់ៗអាចមានប្រតិកម្មខុសៗគ្នាចំពោះហេតុការណ៍ដែលនាំឲ្យកើតមានស្រ្តេសនេះ ដូចជាការប៉ាម៉ាក់លែងលះគ្នា ឬបញ្ហាក្នុងការសិក្សាជាដើម។ ពិតណាស់ កូនៗត្រូវការជំនួយពីប៉ាម៉ាក់ជាចាំបាច់ដើម្បីជម្នះបញ្ហាមួយនេះ។ ដូច្នេះហើយ ជំហានដំបូងដែលប៉ាម៉ាក់អាចជួយកូនបាន គឺត្រូវយល់ដឹងពីសញ្ញាមួយចំនួនដែលបញ្ជាក់ថាកូនរបស់យើងកំពុងប្រឈមមុខនឹងបញ្ហាស្រ្តេស។
សញ្ញាបង្ហាញថាកុមារមានបញ្ហាស្រ្តេស
ប្រសិនបើកូនដែលតែងតែមានអាកប្បកិរិយាល្អ ប្រែក្លាយទៅជាមួរម៉ៅខ្លាំង ឬមានបញ្ហានៅសាលារៀន វាអាចជាសញ្ញាបញ្ជាក់ថាពួកគេអាចប្រឈមមុខនឹងស្រ្តេស។ សញ្ញាដទៃទៀតដែលកើតឡើងចំពោះក្មេងមានដូចជាការខឹង អាកប្បកិរិយាព្រហើនកោងកាច យំមិនឈប់ ឬរឹងទទឹងជាដើម។ ជាមួយគ្នានេះដែរ ក្មេងៗក៏អាចមានអាការៈផ្សេងទៀតដូចជានោមដាក់ពូក ឈឺពោះ ឬឈឺក្បាល ព្រមទាំងមានបញ្ហាការសិក្សាផងដែរ។
ប៉ាម៉ាក់គួរធ្វើយ៉ាងម៉េចនៅពេលកូនបញ្ចេញឥរិយាបថមិនល្អ?
ប៉ាម៉ាក់គប្បីទទួលស្គាល់អារម្មណ៍របស់កូនៗ ប៉ុន្តែចូរពន្យល់ពួកគេអំពីវិធីសាស្ត្រដ៏សមស្រប ដើម្បីដោះស្រាយទៅនឹងការថប់បារម្ភ មួម៉ៅ និងកំហឹង។ នៅក្នុងករណីខ្លះ ប៉ាម៉ាក់អាចជ្រើសរើសការដើរចេញ ប៉ុន្តែចូរកុំព្រងើយកន្តើយនឹងកូនឲ្យសោះ ព្រមទាំងបង្ហាញពីក្ដីស្រលាញ់ចំពោះកូនឲ្យកាន់តែច្រើនឡើងនៅក្នុងអំឡុងពេលដែលពួកគេមានបញ្ហាស្រ្តេស។
កាត់បន្ថយអាការៈស្រ្តេសរបស់កូន
ការចំណាយពេលជាមួយគ្នា ពិតជាមានសារសំខាន់ណាស់ ប្រសិនបើកូនជួបប្រទះនឹងហេតុការណ៍ដែលបណ្ដាលឲ្យពួកគេមានស្រ្តេស ដូចជាការលែងលះរវាងប៉ាម៉ាក់ជាដើម។ នៅក្នុងករណីដែលស្ត្រេសកើតចេញពីការថប់បារម្ភដូចជាការប្ដូរលំនៅឋាន ឬចូលរៀនសាលាថ្មី ប៉ាម៉ាក់គប្បីណែនាំកូនឲ្យយល់ដឹងពីអ្វីដែលនឹងកើតឡើងជាមុន ដោយនាំចូលទៅលេងសាលារៀនថ្មី ឬបង្ហាញពីទេសភាពស្អាតនៃកន្លែងរស់នៅថ្មីជាដើម។
ជៀសវាងឲ្យកូនចំណាយពេលជាមួយឧបករណ៍អេឡិចត្រូនិកច្រើន
ពេលខ្លះ ប៉ាម៉ាក់គិតថាការឲ្យកូនចំណាយពេលនៅមុខកញ្ចក់ទូរទស្សន៍ ឬទូរសព្ទគឺជាដំណោះស្រាយក្នុងការលំហែខួរក្បាលដ៏ល្អមួយ ប៉ុន្តែការមើលទូរទស្សន៍ ឬលេងហ្គេមពុំអាចជួយដល់ការកាត់បន្ថយស្ត្រេសរបស់ក្មេងបានឡើយ។ សម្រាប់កុមារ ការធ្វើលំហាត់ប្រាណ ឬការធ្វើសមាធិអាចជាមធ្យោបាយដ៏ឈ្លាសវៃដែលប៉ាម៉ាក់មិនគួរមើលរំលងឡើយ។
[embed-health-tool-vaccination-tool]