
៤- អន់ចិត្ត៖ ធម្មតាទេ ក្មេងអាចអន់ចិត្តច្រើន ងរច្រើនបើគេ អត់បានសប្បាយ ឬយើងអត់ឲ្យអ្វីដែលគេចង់បាន។ ចំណុចនេះ យើងជាឪពុកម្ដាយ គួរប្រើទ្រឹស្ដី “ស្រឡាញ់កុំឲ្យដឹងចិត្ត” ព្រោះថាគ្មានឪពុកម្ដាយណាចង់ឲ្យកូនមិនសប្បាយចិត្តទេ។ ក្មេងទោះបីខឹង ក៏អត់យូរប៉ុន្មានដែរ ដូច្នេះបើធ្វើឲ្យគេអន់ចិត្តខ្លះ អាចជារឿងល្អ។ អមដោយហេតុផល ៣ចំណុចខាងលើ ពេលអង្កេតមើលចរិតតួឯករបស់លោកកូន ថយចុះបន្តិចហើយ គួរឆ្លៀតពេល ទៅលួងគេវិញ ដោយពន្យល់ហេតុផល ឲ្យកូនយល់ ថាហេតុអី បានជាយើងមិនឲ្យគេធ្វើចឹង។ ទៅថ្ងៃមុខទៀត គេអាចទទួលខុសត្រូវ និងដោះស្រាយបញ្ហាបានដោយខ្លួនឯង។
៥- ទម្លាប់ឲ្យកូនចង់ចេះចង់ដឹងដោយខ្លួនឯង៖ បង្កើតទម្លាប់បណ្ដុះការគិត ការពន្យល់ ដោយផ្ដើមសំណួរថា ហេតុអ្វី? ឧទាហរណ៍សួរគេលេងៗថា “ធំឡើងកូនចង់ធ្វើអី? ម៉េចបានកូនចង់ក្លាយជាគ្រូពេទ្យ…?” ឬ “បើកូនចង់បានអីមួយ កុំបានតែស្រមៃ ត្រូវដឹងពីរបៀបរៀបចំខ្លួន ធ្វើឲ្យការស្រមៃ សម្រេចពិតប្រាកដ”។
មានវិធីមួយចំនួនដើម្បីជំរុញទឹកចិត្តគេឲ្យខិតខំ ដូចជាបើកូនអ្នកចង់បានឡានជ័រថ្មី ឬរបស់អីមួយក៏ដោយ យើងអាចបង្កើតទម្លាប់គេ ឲ្យរៀនសន្សំលុយទៅទិញដោយខ្លួនឯង។
គួរអាន៖
ម្យ៉ាងទៀតផែនការឲ្យរង្វាន់ក៏ជាគំនិតល្អមួយដែរ។ យើងអាចធ្វើតារាងមួយ ហើយរាល់ពេលដែលកូនមានអាកប្បកិរិយាល្អ អ្នកបិទរូបផ្កាយឲ្យគេមួយ។ ប្រាប់កូនថា ចំនួនផ្កាយទាំងនេះមានន័យថាពួកគេនឹងទទួលបានរង្វាន់។ នៅពេលកូនបានរង្វាន់ នោះគេនឹងមានអារម្មណ៍ថាជោគជ័យហើយរៀនស្រឡាញ់អ្វីដែលបានមកពីការខំប្រឹងប្រែង។
ចំណុចសំខាន់
ម្ដាយឪពុកណាមិនស្រឡាញ់កូន? ប៉ុន្តែប្ដីប្រពន្ធ ទើបមានកូនថ្មីថ្មោង ស្រឡាញ់ ថ្នាក់ថ្នម បណ្ដែតបណ្ដោយតាមចិត្តគេច្រើនពេក រហូតបានចិត្ត ឬហៅថា ទម្រើស។ គេតែងនិយាយថា ស្រឡាញ់កុំឲ្យដឹងចិត្ត ទើបកូនខ្លាច មិនចេះតែទារតាមហ៊ាន ឬធ្វើតាមចង់។ បញ្ហានេះ ប្រហែលសំខាន់ ដែលប៉ាម៉ាក់មានកូនតូចៗ ពូកែងរង៉ក់ គួរស្វែងយល់ ដើម្បីទប់ទល់ជាមួយលោកកូន។