យើងដឹងស្រាប់ហើយថា អាអូនតូចៗឧស្សាហ៍ក្ដៅខ្លួនណាស់ ព្រោះអាអូនងាយនឹងឆ្លងមេរោគបណ្ដាលឲ្យកើតជំងឺផ្សេងៗច្រើន។ មានវិធីសាមញ្ញមួយដែលម៉ាក់ប៉ានិយមប្រើពេលកូនៗក្ដៅខ្លួន គឺយកកន្សែងសើមមកជូតខ្លួន ឬរុំខ្លួនឲ្យកូន ដើម្បីជួយឲ្យកម្ដៅខ្លួនអាអូនចុះ។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីប្រទេសបារាំងពន្យល់ឲ្យដឹងថា នៅពេលអាអូនឈឺហើយមានអាការៈក្ដៅខ្លួនខ្លាំង ការដណ្ដប់កន្សែងសើម និងការងូតទឹកក្ដៅឧណ្ហៗ គឺជាមធ្យោបាយមួយដែលជួយបញ្ចុះកម្ដៅកូនបន្ទាប់ពីបានប្រើថ្នាំបញ្ចុះកម្ដៅរួចហើយ។
តើការរុំកន្សែងសើមនេះយូរ អាចធ្វើឲ្យទឹកចូលសួតអាអូនអត់?
បើម៉ាក់ប៉ាបារម្ភពីបញ្ហាទឹកចូលសួតអាអូនដោយសារការរុំកន្សែងនេះ មិនបាច់ព្រួយទេ។ លោកស្រីបន្តថា ការដែលរុំកន្សែងសើមឲ្យកូនពេលក្ដៅខ្លួនមិនមានអ្វីប៉ះពាល់ដល់កូនទេ ព្រោះជាតិទឹកមិនអាចជ្រាបចូលទៅក្នុងស្រោមសួត តាមរយៈរន្ធញើសដូចដែលម៉ាក់ប៉ាធ្លាប់បានគិតនោះទេ។ ចំណែកឯករណីទឹកចូលសួតអាអូននោះ អាចកើតឡើងបណ្ដាលមកពីមូលហេតុច្រើន ដែលក្នុងនោះរួមមាន ជំងឺរលាកសួតធ្ងន់ធ្ងរ និងការព្យួរសេរ៉ូមច្រើនជ្រុលលើសពីតម្រូវការរាងកាយរបស់អាអូនជាដើម។
វេជ្ជបណ្ឌិតជំងឺកុមាររូបនេះ បញ្ជាក់ថា យកល្អ ពេលអាអូនក្ដៅខ្លួន ម៉ាក់ប៉ាត្រូវរកមូលហេតុបង្កឲ្យបានច្បាស់លាស់ ព្រោះជូនកាលវាជាបញ្ហាធម្មតា តែវាក៏អាចជារោគសញ្ញារបស់ជំងឺមួយចំនួនដែរ។ ក្នុងករណីដែលអាអូនក្ដៅខ្លួនធម្មតា ម៉ាក់ប៉ាអាចដោះស្រាយដោយ៖
១.ស្លៀកពាក់ស្ដើងៗឲ្យកូន និងកុំឲ្យកូនឃ្លុំភួយក្រាស់ៗ
២.ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
៣.ផ្ដល់ថ្នាំត្រឹមត្រូវដល់កូន។
បើសិនផ្ដល់ថ្នាំផង ជូតខ្លួនផង កម្ដៅខ្លួនអាអូននៅតែមិនចុះ យកល្អ ម៉ាក់ប៉ាគួរនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យភ្លាម កុំទុកយូរ ដើម្បីចៀសវាងអាអូនក្ដៅខ្លួនខ្លាំងរហូតអាចប្រកាច់ គ្រោះថ្នាក់ធ្ងន់បាន។
[embed-health-tool-vaccination-tool]