ឆ្ងល់អត់ ម៉ាក់ប៉ាគួរនាំកូនតូចទៅពិនិត្យសុខភាពពេលណាខ្លះ? ចាំបាច់ ឬទេ?

    ឆ្ងល់អត់ ម៉ាក់ប៉ាគួរនាំកូនតូចទៅពិនិត្យសុខភាពពេលណាខ្លះ? ចាំបាច់ ឬទេ?

    ចំពោះ​ក្មេង​តូច យើង​មិន​អាច​វិនិច្ឆ័យ​ថា​តើ​អា​អូន​មាន​សុខភាព​ល្អ ឬ​លូតលាស់ និង​អភិវឌ្ឍ​តាម​ស្តង់ដារ​ឬ​អត់​ ដោយ​គ្រាន់មើល​នឹងភ្នែក ឬ​ការ​តាម​ដាន​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ស្ថាន​ភាព​សុខភាព និង​ការ​លូតលាស់​មួយ​ចំនួន ទាល់​តែ​យើង​នាំ​កូន​តូច​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ ទើប​អាច​ដឹង​ថា​កូន​មាន​សុខភាព​ល្អ​ពិត​ប្រាកដ ឬដឹង​ថា​យើង​ជា​ម៉ាក់​ប៉ា​ថ្លោះ​ធ្លោយ​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន ឬ​ក៏​អត់។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    អត្ថប្រយោជន៍​នៃ​ការ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព

    • ការ​បង្ការ៖ អា​អូន​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​តាម​កាល​វិភាគ​ត្រឹម​ត្រូវ (ទាំង​ក្រៅ និង​ក្នុង​ថ្នាក់​ជាតិ) ដើម្បី​ការពារ​ជំងឺ។ ម៉្យាង យើង​ជា​ម៉ាក់​ប៉ា​ក៏​អាច​សួរ​នាំ​គ្រូពេទ្យ​ពី​អាហារូបត្ថម្ភ​កូន និង​សុវត្ថិភព​នៅ​ក្នុង​ផ្ទះ ក៏​ដូច​ជា​នៅ​ក្នុង​សាលារៀន​ផង​ដែរ។
    • តាម​ដាន​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ៖ យើង​អាច​ដឹង​ថា​តើ​កូន​បាន​លូតលាស់​ដល់​កម្រិត​ណា​ហើយ​តាំង​ពី​ការ​ពិនិត្យ​សុខភាព​លើក​មុន ហើយ​យើង​អាច​ពិភាក្សា​ពី​ការ​លូតលាស់ និង​អភិវឌ្ឍ​ ជាមួយ​អ្នក​ជំនាញ​ដូច​ជា អាកប្បកិរិយា​សង្គម និង​ការ​រៀន​សូត្រ​របស់​អា​អូន។
    • ប្រាប់​ពេទ្យ​ពី​ក្ដី​ព្រួយ​បារម្ភ៖ យើង​អាច​កត់​ទុក​រាល់​កង្វល់​ទាក់​ទង​នឹង​សុខភាព​កូន មុន​ទៅ​ពិនិត្យ​រួច​សឹម​ប្រាប់​គ្រូពេទ្យ​ពី​ក្ដី​បារម្ភ​ទាំង​នោះ ឧទាហរណ៍​ដូច​ជា ការ​លូតលាស់ អាកប្បកិរិយា ការ​គេង ការ​ញ៉ាំ ឬ​ការ​ចុះ​សម្រុង​ជាមួយ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​របស់​កូន។
    • បង្កើន​ភាព​ស្និទ្ធស្នាល​ជា​ក្រុម៖ ការ​​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ទៀងទាត់ បង្កើត​ទំនាក់​ទំនង​ដ៏​រឹងមាំ និង​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​ចំណោម​គ្រូពេទ្យ ម៉ាក់​ប៉ា និង​កុមារ។ AAP (American Academy of Pediatrics) ណែ​នាំ​ការទៅ​ជួប​ពេទ្យ​កុមារ​ថាជា​មធ្យោបាយ​មួយ​សម្រាប់​គ្រូពេទ្យ​កុមារ និង​ឪពុក​ម្ដាយ ដើម្បី​បម្រើ​តម្រូវ​ការ​ទៅ​តាម​សុខភាព​កូន។ វិធីសាស្រ្ត​នេះ​ជួយ​អភិវឌ្ឍ​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត និង​សង្គម​ដ៏​ល្អ​ប្រសើរ​របស់​កុមារ។

    ​នាំ​កូន​តូច​ទៅ​ពិនិត្យ​សុខភាព

    តើ​គួរ​នាំ​កូន​តូច​ទៅ​ពិនិត្យ​សុខភាព​ប៉ុន្មាន​ដង?

    នាយកដ្ឋាន​សុខភាព​របស់​សហរដ្ឋអាមេរិក​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​នាំ​កូន​តូច​ទៅ​ពិនិត្យ​សុខភាព ៧ ដង​ដែល​មាន​អាយុ​ចន្លោះ​ពី ១ឆ្នាំ​ដល់ ៤ឆ្នាំ គឺ​នៅ​ពេល៖

    • ១២ខែ
    • ១៥ខែ
    • ១៨ខែ
    • ២៤ខែ
    • ៣០ខែ
    • ៣ឆ្នាំ
    • ៤ឆ្នាំ។

    បន្ទាប់​ពី​អាយុ ៤​ឆ្នាំ នាយកដ្ឋាន​ដដែល​បាន​ណែនាំ​ឲ្យ​កុមារ​ទៅ​ជួប​គ្រូពេទ្យ​កុមារ ដើម្បី​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ។

    ចំណុចសំខាន់

    នាយកដ្ឋាន​សុខភាព​របស់​សហរដ្ឋអាមេរិក​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​នាំ​កូន​តូច​ទៅ​ពិនិត្យ​សុខភាព ៧ ដង​ដែល​មាន​អាយុ​ចន្លោះ​ពី ១ឆ្នាំ​ដល់ ៤ឆ្នាំ គឺ​នៅ​ពេល ១២ ខែ ១៥ ខែ ១៨ខែ ២៤ខែ ៣០ខែ ៣ឆ្នាំ ៤ឆ្នាំ។ អត្ថប្រយោជន៍​នៃ​ការ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព៖
    • ការ​បង្ការ
    • តាម​ដាន​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍
    • ប្រាប់​ពេទ្យ​ពី​ក្ដី​ព្រួយ​បារម្ភ
    • បង្កើន​ភាព​ស្និទ្ធស្នាល​ជា​ក្រុម ៕

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 15/03/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត