
កត្តាប្រឈមធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែម មានដូចជា តំណពូជ អាយុច្រើន ធាត់លើសទម្ងន់ មានបញ្ហាលើសសម្ពាធឈាម លើសជាតិខ្លាញ់ មិនសូវមានសកម្មភាពរាងកាយ ជាដើម។ ទោះបីជាយើងមិនអាចផ្លាស់ប្តូរប្រវត្តិគ្រួសារក៏ពិតមែន តែយើងអាចផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនដែលអាចឈានទៅកើតជំងឺទឹកនោមផ្អែមបាន។
១. សម្រកទម្ងន់
យើងដឹងហើយថា ការធាត់លើសទម្ងន់ ជាកត្តាប្រឈមមួយធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែមប្រភេទ ២ ដូច្នេះហើយយើងម្នាក់ៗត្រូវបន្ថយទម្ងន់ដែលលើសនោះឲ្យបាន ទោះតិចតួចក៏ដោយ ក៏អាចកាត់បន្ថយគ្រោះថ្នាក់ដែរ។ ចង់ដឹងថា យើងធាត់លើសទម្ងន់អត់ លោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យជំនាញជំងឺទឹកនោមផ្អែមក្នុងសហគមន៍ ណែនាំឲ្យគណនាសន្ទស្សន៍ BMI ដោយយកកម្ពស់គិតជាម៉ែត្រ គុណនឹងកម្ពស់ បន្ទាប់មកទម្ងន់មកចែកនឹងលទ្ធផលកម្ពស់ បើសិនជាឃើញលទ្ធផលតូចជាង ១៨.៥ មានន័យស្គមពេក តែបើលទ្ធចេញមកចន្លោះពី ១៨.៥-២២.៩៩ មានន័យថាគីឡូត្រឹមត្រូវ មានសុខភាពល្អ ផ្ទុយទៅបើគីឡូចាប់ពី ២៥ ឡើងទៅមានន័យថា ធាត់លើសទម្ងន់។
២. ហាត់ប្រាណជាប្រចាំ
យើងត្រូវឆ្លៀតពេលថែទាំសុខភាពដោយការហាត់ប្រាណ។ ការហាត់ប្រាណដែលត្រឹមត្រូវ គឺការហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់ក៏ ៣០នាទី/ថ្ងៃដែរ។ ការធ្វើបែបនេះមិនត្រឹមកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមនោះទេ សុខភាពក៏ល្អ ជំងឺផ្សេងៗទៀតក៏មិនសូវហ៊ានមកបៀតបៀន។
៣. ផ្លាស់ប្តូររបបអាហារ
ក្នុងរបបអាហារយើងម្នាក់ៗត្រូវកាត់បន្ថយជាតិប្រៃ អាហារផ្អែម និងអាហារមានជាតិខ្លាញ់ ហើយកុំជក់បារី ចៀសវាងគ្រឿងស្រវឹង ដោយជំនួសមកវិញនូវការញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិឲ្យបានច្រើន និងអាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ លោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ ថា កើតជំងឺទឹកនោមផ្អែម បើយើងគិតតែរឿងផ្អែមម្យ៉ាង ក៏មិនកើតដែរ វានឹងមានផលប៉ះពាល់ទៅសុខភាព ពិសេសប៉ះពាល់ទៅលើសរសៃឈាម និងបេះដូងជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕