ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

យើងទាំងអស់គ្នា ពេលខ្លះ មានអារម្មណ៍​ថា ចាញ់​អាកាសធាតុ ប៉ុន្ដែ​ប្រសិនបើ​ស្ថានភាព​បែប​នេះ នៅតែ​បន្ដ​រយៈពេល​យូរ យើង​គួរទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព។ នេះដោយសារ​វាអាច​ជារោគសញ្ញា នៃ​បញ្ហា​ស្ត្រេស ហើយ​គ្រូពេទ្យ​ថា រោគសញ្ញា​ទាំងនេះ អាច​បណ្ដាល​ទៅជា​ជំងឺ​ផ្សេងៗ។

ខាងក្រោមនេះ ជាសញ្ញា​ចំនួន១០ យ៉ាង ដែល​ភាគច្រើន លេចចេញ​លើ​រាងកាយ​របស់​យើង បណ្ដាលមកពី​បញ្ហា​ស្ត្រេស។ សញ្ញា​ទាំងនេះ មាន​ដូចជា៖

១. ជំងឺស្បែក

ជំងឺរបកស្បែក មុន និង​ជំងឺស្បែក​ផ្សេងៗទៀត អាច​បណ្ដាល​មកពី​បញ្ហា​ស្ត្រេស។ អ្នក​វិទ្យាសាស្ត្រេ បកស្រាយ​ថា នេះបណ្ដាល​មកពី​ទំនាក់ទំនង​ផ្ទាល់​រវាង​ស្ត្រេស​ (Psychological Stress) និង​បញ្ហាស្បែក។

២. ទម្ងន់ប្រែប្រួល

បើយើង​ស្ត្រេស ពេលខ្លះ យើង​អាច​ឈាន​ដល់​ស្ថានភាព​មួយ ដែល​យើង​មិន​អាច​រក្សា​ទម្ងន់​បាន​នោះទេ។ នេះដោយសារ​ស្ត្រេស បង្កើន​ការ​ផលិត​អ័រម៉ូន Cortisol ដែល​វា​ធ្វើ​មេតាប៉ូលិស​សារធាតុ​ខ្លាញ់ និង​កាបូអ៊ីដ្រាត និង​ជួយ​បង្កើន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម។ បើសិន​យើង​មាន​អ័រម៉ូន​នេះ​ច្រើន យើង​នឹង​ញ៉ាំ​អាហារ​កាន់តែ​ច្រើន រាងកាយ​របស់​យើង នឹង​ផលិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​កាន់តែតិច ហើយ​រាងកាយ​យើង នឹង​ដុត​កាឡូរី​កាន់តែតិច​ផងដែរ។ នេះនឹងធ្វើ​ឲ្យយើង​កាន់តែ​ឡើង​ទម្ងន់។

តែ​ក្នុង​ករណី​ខ្លះ ស្ត្រេស​ក៏បណ្ដាល​ឲ្យ​យើង​ស្រក​ទម្ងន់ផងដែរ ដោយ​វា​បង្កើន​កម្រិត Adrenaline នៅ​ក្នុងឈាម។ Adrenaline ជួយ​បង្កើន​ល្បឿន​មេតាប៉ូលិស តែ​វា​កាត់បន្ថយ​ការផលិត​សារធាតុខ្លាញ់។

៣. ផ្ដាសាយញឹកញាប់

ស្ត្រេស អាចបង្ក​ការផលិត​អ័រម៉ូន Cortisol ដែល​វាអាច​រារាំង​ការ​រលាក​បាន។ តែបើ​មាន​ស្ត្រេសរ៉ាំរៃ ប្រព័ន្ធ​ការពារ​រាងកាយ មិន​ឆ្លើយតប​ជាមួយ​នឹង​អ័រម៉ូន​នេះទេ ហើយ​ជាលទ្ធផល វាបណ្ដាល​ឲ្យ​ការរលាក​កាន់តែ​ធ្ងន់ធរ។ ពេលនោះ រាងកាយ​របស់​យើង នឹង​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ផ្ដាសាយ។

៤. ឈឺ​ក្រពះ-ពោះវៀន

អ្នកវិទ្យសាស្ត្រ បញ្ជាក់​ថា បញ្ហា​ស្ត្រេស​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ផ្លូវ​ក្រពះ-ពោះវៀន។ ពេល​ខ្លះ ថ្នាំ​សម្រាប់​ព្យាបាល​ក្រពះ-ពោះវៀន មិនអាច​ជួយ​បាន​នោះទេ។

៥. ជ្រុះសក់

អ្នកវិទ្យសាស្ត្រ បញ្ជាក់​ថា ស្ត្រេស​អាចបណ្ដាល​ឲ្យ​យើង​ជ្រុះសក់ ហើយ​បើធ្ងន់ធ្ងរ ជ្រុះ​រហូត​ដល់​ទំពែក។ ប្រសិនបើ​យើង​កត់សម្គាល់​ថា យើង​ជ្រុះសក់​កាន់តែ​ច្រើន​ជាងមុន ហើយ​វីតាមីន​មិន​អាច​ជួយ​បាន​នោះទេ ដូច្នេះ ស្ត្រេស​អាច​ជាមូលហេតុ​បង្ក។

៦. ឈឺក្បាល

ឈឺក្បាល បណ្ដាល​មកពី​មូលហេតុ​ជាច្រើន ដូចជា គេង​ដោយ​ជំហរ​មិនត្រឹមត្រូវ សម្ពាធឈាម​ទាប ឬ​ខ្ពស់ខ្លាំង ពពោះ និង​បញ្ហា​មួយ​ចំនួន​ទៀត។ តែពេល​ខ្លះ ឈឺក្បាល​អាច​បណ្ដាល​មកពី​បញ្ហា​ស្ត្រេសអារម្មណ៍ (Emotional Stress) ដែល​យើងមាន​នៅកន្លែង​ធ្វើការ ឬនៅ​ផ្ទះ។

អត្ថបទពាក់ព័ន្ធ៖

៧. ចំណង់ផ្លូវភេទខ្សោយ

អ្នកមាន​ចំណង់ផ្លូវភេទ​ខ្សោយ ក៏អាច​បណ្ដាល​មកពី​បញ្ហា​ស្ត្រេស​ផងដែរ។ អ្នកវិទ្យាសាស្រ្ត បញ្ជាក់​ថា ក្នុង​ករណី​នេះ បើមិន​ចង់ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់ រឿងល្អ​គួរធ្វើ ត្រូវ​សម្រាក​ពីការងារ ឬកិច្ចការ​នានា និង​ចំណាយ​ពេល​ដើរលេង​ជាមួយ​ដៃគូ។

អត្ថបទពាក់ព័ន្ធ៖ 

៨. ​គេងមិន​លក់

ស្ត្រេស អាច​ជាមូលហេតុ​មួយ បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​គេង​មិន​លក់។ ស្ថានភាព​នេះ បណ្ដាល​ឲ្យ​យើង​បំពេញ​ការងារ​មិនសូវ​បាន​ល្អ​នោះទេ ហើយ​ជីវិត​ក៏មិន​សូវរីករាយ​ដែរ ដោយសារ​គេងមិន​លក់។

៩. ជំងឺសរសៃឈាមបេះដូង

ស្ត្រេស មាន​ឥទ្ធិពល​អាក្រក់​លើបេះដូង​របស់​យើង។ អ្នកវិទ្យាសាស្ត្រ បញ្ជាក់​ថា ស្ត្រេស​រ៉ាំរ៉ៃ ជាមូលហេតុ​មួយ នៃ​ជំងឺសរសៃឈាមបេះដូង។

១០. ពិបាក​ផ្ដោតអារម្មណ៍​លើ​ការងារ

អ្នកមាន​បញ្ហា​ស្ត្រេស​រយៈពេល​យូរ ភាគច្រើន ជួប​បញ្ហា​ពិបាក​ផ្ដោត​អារម្មណ៍​លើ​ការងារ​នានា។ ប្រសិន​បើយើង​កត់សម្កាល់​ថា យើង​ពិបាក​ផ្ដោត​អារម្មណ៍​ជាងធម្មតា ជម្រើស​ល្អ យើង​កាត់​បន្ថយ​ការងារ ឬ​សម្រាក​ខ្លះ។ បញ្ហា​ពិបាក​ផ្ដោត​អារម្មណ៍នេះ បណ្ដាល​មកពី​អារម្មណ៍​តានតឹង និង​ច្របូកច្របល់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 26, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 26, 2019

អ្នកអាចចូលចិត្ត