ដូចនេះហើយទើប ប្រទេសជឿនលឿនគេផលិតវ៉ាក់សាំងឲ្យបង្កើតតែអង់ទីករប្រឆាំងនឹងព្រុយ ដោយមិនខ្វល់នឹងអង់ទីករផ្សេងទៀតទេ។ វ៉ាក់សាំងកូវីដ-១៩ ទាំងនោះមាន Pfizer (អាមេរិក/អាល្លីម៉ង់) Moderna (អាមេរិក) AstraZeneca (អង់គ្លេស) ជាដើម។ វ៉ាក់សាំងទាំងនេះនឹងបង្កើតអង់ទីករប្រឆាំងនឹងព្រុយ និងបង្កើតកោសិកា B និង T បានខ្លាំងល្អ (Very immunogenic)។ ចំណែកឯ វ៉ាក់សាំង Sinopharm ឬ Sinovac ដោយហេតុជាមេរោគទាំងមូល (វាងាប់ទេ) ដូច្នេះឲ្យដុះអង់ទីករប្រឆាំងនឹងព្រុយផង និងសំបកផង និងសាច់ផង។ ដូច្នេះ ដើម្បីដឹងថាឆ្លងមេរោគហើយមានដុះអង់ទីករការពារ ឬអត់ គេត្រូវវាស់អង់ទីករប្រឆាំងនឹងព្រុយ (neutralizing antibodies) តែមកដល់ពេលនេះគេមិនទាន់អាចចែកឲ្យដាច់ថា កម្រិតណាការពារបាន ១០០ ឬ ១០០០ ឬ ១លាននោះទេ។
២. តើតេស្ដរកអង់ទីករចង់ដឹងពីអ្វី?
វេជ្ជបណ្ឌិតបន្តថា បើតេស្ដរកអង់ទីករប្រឆាំងនឹងសំបក (Envelope ដែលមានប្រូតេអ៊ីន E និង M) ឬប្រឆាំងនឹងសាច់ (Nucleocapsid) គឺមិនអាចរកឃើញអង់ទីករប្រឆាំងនឹងព្រុយទេ (Spike Protein ឬហៅថា neutralizing antibodies) ដូច្នេះគ្រាន់តែអាចប្រាប់ថា ធ្លាប់មានឆ្លងមេរោគ។ អ្នកចាក់វ៉ាក់សាំង AstraZeneca, Pfizer, Moderna, Sputnik V ដុះតែអង់ទីករប្រឆាំងនឹងព្រុយតែប៉ុណ្ណោះ បើយកតេស្ដខាងលើមកប្រើនឹងឃើញអវិជ្ជមាន ទាល់តែយកតេស្ដរកអង់ទីករប្រឆាំងនឹងព្រុយបានអាចវិជ្ជមាន តែដូចបានរៀបរាប់ខាងលើ តែអត់ដឹងការពារបាន ឬអត់ផង? ចំណែកអ្នកដែលបានយកតេស្ដ អង់ទីករប្រឆាំងនឹងនឹងព្រុយ (Spike Protein ឬហៅថា neutralizing antibodies) មកធ្វើតេស្ដ ដើម្បីរកអង់ទីករក្រោយចាក់វ៉ាក់សាំង Sinopharm ឬ Sinovac មិនខុសពីយកឧបករណ៍ស្វែងរកមីន ទៅរករ៉ែពេជ្រនោះទេ។ និយាយឲ្យស្រួលយល់ គឺថាជួនកាលយើងអាចមិនដុះអង់ទីករប្រឆាំងនឹងព្រុយ ឬអង់ទីករដុះតិច ប៉ុន្តែយើងអាចដុះអង់ទីករប្រឆាំងនឹងសំបក ឬដុះអង់ទីករប្រឆាំងនឹងសាច់មេរោគ។