ការពារជំងឺកូវីដ-១៩ នៅក្នុងការិយាល័យ
១. លាងសម្អាតដៃឲ្យបានញឹកញាប់
គ្នាយើងគប្បីលាងសម្អាតដៃឲ្យបានយ៉ាងតិច២០វិនាទី ដោយប្រើទឹក ជាមួយនឹងសាប៊ូ។ ប៉ុន្តែប្រសិនបើគ្មានសាប៊ូទេនោះ យើងអាចប្រើទឹកអាកុល ឬជែលលាងសម្អាតដៃជំនួសវិញ។ ជាទូទៅ យើងចាំបាច់ត្រូវលាងសម្អាតដៃ៖
- នៅពេលដែលយើងទៅដល់ក្រុមហ៊ុន
- បន្ទាប់ពីក្អក កណ្ដាស់ ឬញើសសម្បោរ
- នៅពេលដៃកខ្វក់
- បន្ទាប់ពីប្រើប្រាស់ទីតាំងរួមគ្នា ដូចជានៅពេលប្រជុំ
- នៅពេលប៉ះពាល់វត្ថុផ្សេងៗដូចជាលុយ ឯកសារ ជណ្ដើរយន្ត
- មុនពេល និងបន្ទាប់ពីញ៉ាំអាហារ
- មុនពេល និងបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក
- បន្ទាប់ពីកាន់សំរាម
២. រក្សាគម្លាតពីអ្នកដទៃ
គន្លឹះសំខាន់មួយទៀត ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នៅក្នុងការិយាល័យ គឺត្រូវរក្សាគម្លាតពីគ្នា១ម៉ែត្រកន្លះឡើងទៅ។ ប្រសិនបើមានការប្រជុំ យើងគប្បីរៀបចំកៅអីឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ យើងគប្បីជៀសវាងប៉ះពាល់នឹងអ្នកដែលមិនស្រួលខ្លួន។
៣. សម្លាប់មេរោគរបស់ប្រើប្រាស់រួមគ្នានៅក្នុងការិយាល័យ
ដើម្បីបញ្ចៀសជំងឺកូវីដ-១៩ យើងគប្បីជូតសម្អាតតុ និងសម្ភារៈដទៃទៀត ដូចជាសម្អាតកុំព្យូទ័រ ឬទូរស័ព្ទ ជាពិសេសនៅពេលដែលប្រើប្រាស់រួមគ្នា។

៤. ពាក់ម៉ាស និងជៀសវាងប៉ះពាល់មុខ
យោងតាមWHO យើងចាំបាច់ពាក់ម៉ាសជាប់ជានិច្ច នៅពេលដែលមិនអាចរក្សាគម្លាតបាន ព្រមទាំងជៀសវាងប៉ះពាល់ផ្ទៃមុខ ជាពិសេសភ្នែក ច្រមុះ និងមាត់។
៥. រៀបចំផែនការ ពេលត្រលប់មកផ្ទះវិញ
បន្ទាប់ពីត្រលប់មកដល់ផ្ទះវិញ យើងគប្បីចាត់វិធានការការពារមួយចំនួន ដូចជា៖
- ងូតទឹក និងផ្លាស់ប្ដូរសំលៀកបំពាក់
- បោកសំលៀកបំពាក់ ឬដាក់ត្រាំចោលភ្លាមៗ
- ទុកស្បែកជើងនៅខាងក្រៅ
- សម្លាប់មេរោគចេញពីកាបូប ឬកាតាប ទូរស័ព្ទដៃ និងកាបូបមុនពេលចូលទៅក្នុងផ្ទះ។
យ៉ាងណាមិញ យើងចាំបាច់ចាត់វិធានការមួយចំនួនទៀត ដើម្បីជួយពង្រឹងសុខភាពរបស់យើង ដូចជាញ៉ាំអាហារដែលមានសារធាតុចិញ្ចឹម គេងឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណជាដើម។