backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Kidney Dialysis (ស្វែងយល់ពីការលាងឈាម)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jul 25, 2019

Kidney Dialysis (ស្វែងយល់ពីការលាងឈាម)

និយមន័យ

១- អ្វី​ជា​ការ​លាង​​ឈាម?​

តម្រងនោម គឺ​ជា​សរីរាង្គ​មួយគូ ​មាន​ទំហំ​ប៉ុន​ក្តាប់ដៃ​ ស្ថិត​នៅ​អម​សងខាង​ឆ្អឹងខ្នង ​មាន​មុខងារ​ច្រោះ​កាក​សំណល់​ចេញ​ពី​ឈាម។ នៅ​ពេល​តម្រង​នោម​​ដំណើរការមិន​​ប្រក្រតី​ ការ​លាងឈាម ​ត្រូវ​ធ្វើ​ដើម្បីជំនួស​មុខងារ​តម្រងនោម​ ​ហៅថា​ជា​ភាសា​បច្ចេកទេស Kidney Dialysis ខណៈការ​លាង​ឈាម មាន​ច្រើ​នវិធី​ដូចជា៖

– លាង​ប្រព័ន្ធឈាម ​(Hemodialysis)៖ ឈាម​ច្រោះ​តាម​ប្រព័ន្ធច្រោះ​ និង​ម៉ាស៊ីន​ច្រោះឈាម។

– លាង​ក្នុង​ស្រោមពោះ ​(Peritoneal dialysis)៖ ឈាមត្រូវគេ​​ច្រោះ​នៅ​ក្នុង​រាងកាយ បន្ទាប់​ពី​បញ្ចូល​ទឹកសម្អាត​ពិសេស​ក្នុងពោះ។

បច្ចុប្បន្ន មាន​ការ​កើនឡើង​ចំនួន​អ្នក​ជំងឺ​ជុំវិញ​ពិភពលោក​ ទាំងប្រុស ​ទាំងស្រី ដែល​​កើត​ជំងឺតម្រងនោម ​ហើយ​ចាំ​បាច់​ត្រូវ​លាងឈាម។

២- ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាងឈាម?

បើ​តម្រងនោម​ដំណើរការ​មិន​ប្រក្រតី​ ឧទាហរណ៍ មាន​ជំងឺតម្រងនោម​រ៉ាំរ៉ៃ​ (ខូចតម្រងនោម) ដូច្នេះ​តម្រងនោម​មិនអាច​ច្រោះ​ឈាម​បានល្អ​ ធ្វើ​ឲ្យ​កាក​សំណល់​ និង​សារធាតុ​ពុល​កើនឡើងក្នុង​រាងកាយ​ ​អាចបង្ក​គ្រោះថ្នាក់​ ហើយ​បើ​មិន​ព្យាបាល អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ការ​លាង​ឈាម ក្នុង​គោលដៅ​តែ​មួយ​គត់ គឺ​​ច្រោះ​កាកសំណល់​ផ្សេងៗ​ចេញ​ពីឈាម។ ផ្អែក​លើ​កត្តា​ខាងក្រោម ពេទ្យ​នឹង​ប្រាប់​ពេលណា​យើង​​ត្រូវ​ធ្វើការ​លាងឈាម៖

– សុខភាព​ទូទៅ

– មុខងារ​តម្រងនោម

– រោគ​សញ្ញា

– គុណភាព​ជីវិត

– តម្រូវការ​ផ្ទាល់ខ្លួន។

យើង​​អាច​កត់​សម្គាល់​រោគ​សញ្ញា​​ខូច​តម្រងនោម​ (កើន​ជាតិពុលក្នុងឈាម)​ ដូចជា ចង់ក្អួត ក្អួត ហើម និងអស់កម្លាំង។ គ្រូពេទ្យ​នឹង​ប្រើ​អត្រា​កម្រិត​ច្រោះ​ឈាម (eGFR) ដើម្បី​វាស់​ពី​​មុខងារ​តម្រងនោម ហើយ​អត្រា​កម្រិត​ច្រោះ​ឈាម (eGFR) គឺអាច​គណនា ​លទ្ធផល​ក្រេអាទីនីន (Creatinine) នៅ​ក្នុង​ឈាម តាម​រយៈកត្តា ភេទ អាយុ និងកត្តា​ផ្សេងៗ។

កត្តាប្រឈម

៣- លាង​ឈាម​បង្ក​ឲ្យ​មាន​កត្តា​ប្រឈម​អ្វី​ខ្លះ?

ទោះបីការ​លាងឈាម​តាម​ការលាង​ប្រព័ន្ធឈាម (Hemodialysis) និង​ការ​លាង​ក្នុងស្រោមពោះ (Peritoneal dialysis) វិធី​ព្យាបាល​​អាច​ជួយ​ជីវិតក៏ពិត​មែន ប៉ុន្តែ​វិធី​នេះក៏មាន​កត្តា​ប្រឈមដូចគ្នា។

– លាង​ក្នុង​ស្រោមពោះ​៖ អាច​បង្ក​មេរោគ​នៅ​ជុំវិញ​កន្លែង​ដាក់ទុយោ​ចូលក្នុង​ពោះ។ ឧទាហរណ៍ អ្នកជំងឺ​អាចកើត​ជំងឺ​រលាកស្រោមពោះ ចម្លងមេរោគ​ក្នុងជញ្ជាំងពោះ ជាដើម បន្ទាប់​ពី​ដាក់​ទុយោ។ កត្តា​ប្រឈម​ផ្សេង​ទៀត​ ពាក់​ព័ន្ធ​ការ​លាង​ឈាម មាន​ដូច​ជា៖

  • សាច់ដុំពោះ​ចុះខ្សោយ
  • កើនឡើង​ជាតិស្ករ​ក្នុងឈាម
  • ឡើង​គីឡូ

– លាងឈាម​ដោយ​​ប្រព័ន្ធចម្រោះ (Hemodialysis)៖ វិធី​លាង​ឈាម​បែប​នេះ ទោះ​បី​ជា​ទំនើប​ក៏ពិត​មែន​ ប៉ុន្តែ​​កត្តា​ប្រឈមនៅ​តែ​មាន ​ដូចជា៖

  • សម្ពាធ​ឈាមធ្លាក់ចុះ
  • ស្លេក ឬខ្វះ​គ្រាប់​ឈាមក្រហម
  • រមួល​សាច់ដុំ
  • គេង​មិនលក់
  • រមាស់
  • លើសជាតិប៉ូតាស្យូម​ក្នុង​ឈាម
  • ជំងឺបាក់​ទឹកចិត្ត
  • រលាកស្រោម​បេះដូង ជាការ​រលាក​ស្រទាប់​នៅជុំវិញ​បេះដូង

​បើ​​មាន​រោគសញ្ញា​ទាំងនេះអំឡុង​ពេល​លាងឈាម​ ត្រូវ​ប្រាប់​គ្រូពេទ្យ​​ជាបន្ទាន់។ អ្នកលាង​ឈាម​រយៈពេល​យូរ ប្រឈម​​កើតជំងឺផ្សេង​ទៀត​ ដូចជាជំងឺ​ Amyloidosis ។ ជំងឺនេះ​កើត​ឡើង​ពេល​ដែល​ប្រូតេអ៊ីន​ Amyloid​ ផលិត​នៅក្នុង​ខួរឆ្អឹង ហើយកក​នៅ​ក្នុង​តម្រងនោម ថ្លើម បេះដូង និងសរីរាង្គ​ផ្សេងទៀត។ សំខាន់បំផុត យើង​​ត្រូវយល់​ពី​កត្តា​ប្រឈម​ និង​ផលវិបាក​មុនពេល​សម្រេច​ចិត្ត​លាង​ឈាម ហើយ​​បើ​​មាន​ចម្ងល់ អាច​ពិភាក្សាជាមួយ​គ្រូពេទ្យជំនាញ សម្រាប់​ព័ត៌មាន​បន្ថែម។

អត្ថបទ​ពាក់​ព័ន្ធ៖

ដំណើរការលាង​ឈាម

៤- ​ត្រូវ​ត្រៀម​អ្វីខ្លះ មុន​ពេល​​លាងឈាម?

​ការ​ត្រៀម​ខ្លួន​ដើម្បី​លាងឈាមដំបូង​ អាច​ចាប់​ផ្តើម ៤-៥ អាទិត្យ ទៅរាប់​ខែ មុនពេល​លាង​ឈាម​ចូល​មក​ដល់។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​លាង​ឈាម?

លាងឈាម ​គឺជា​ការ​ជួយ​ជីវិត​ដោយ​​ម៉ាស៊ីន​ពិសេស​ ដើម្បី​ច្រោះ​ចេញ​កាកសំណល់ ជាតិពុល អំបិល និង​សារធាតុ​រាវ ដែល​លើស​ពី​ក្នុងឈាម ដើម្បី​​រក្សា​តុល្យភាព​ឈាម​ឲ្យ​នៅ​ល្អ​ជានិច្ច។ ការ​លាងឈាម ធ្វើ​ឡើង​ដើ​ម្បី​ជំនួស​មុខងារ​សំខាន់ៗ​របស់​តម្រង​នោម​ នៅ​ពេលតម្រង​នោម​មិន​អាច​បំពេញ​មុខ​ងារ​តទៅទៀត។

– លាងឈាមតាម​ប្រព័ន្ធ​ចម្រោះ (Hemodialyzer)៖ វិធី​លាង​ឈាម​មួយនេះ គឺ​ពេញនិយមជាង​គេ ដោយ​ប្រើ​ប្រព័ន្ធ​ចម្រោះ​ឈាម (Hemodialyzer) អាច​ហៅ​បាន​ថា ជា​តម្រងនោម​សិប្បនិម្មិត ដើម្បី​ច្រោះ​ចេញ​កាកសំណល់ និង​សារធាតុ​គីមី​ពីក្នុង​ឈាម។

ដើម្បី​ងាយស្រួល​ចូល​ក្នុង​ចរន្តឈាម គ្រូពេទ្យនឹង​​វះកាត់​បង្កើត​សរសៃ​ឆ្លងកាត់​ ​អាច​ឲ្យឈាម​មួយ​ចំនួន​ធំ​ឆ្លងកាត់​រាងកាយអំឡុងពេល​លាងឈាម ដើម្បី​ច្រោះ​ និង​សម្អាត ជាតិពុល។ លាងឈាម​តាម​ប្រព័ន្ធ​ចម្រោះ​ឈាម ​ត្រូវ​ការ​ពេល​ប្រហែល​ ​៣-៥ ម៉ោង ហើយ​អាច​លាង ៣ ដង/អាទិត្យ។ ទោះបី​ជា​ការលាងឈាម​ អាច​ធ្វើ​ក្នុង​រយៈពេល​ខ្លី ឬ​ញឹកញាប់ក៏ពិត​មែន ប៉ុន្តែ​ការ​លាងឈាម​ភាគច្រើន ត្រូវ​​ធ្វើ​នៅ​មន្ទីរពេទ្យ​ គ្លីនិក ឬ​មជ្ឈមណ្ឌល​លាងឈាម ហើយ​រយៈពេល​​ព្យាបាល​ អាស្រ័យ​លើ​ទំហំ​រាងកាយ​ និង​បរិមាណ​កាកសំណល់ជាតិ​ពុល​។

– លាងឈាម​ក្នុង​ស្រោមពោះ ​(Peritoneal Dialysis)៖ ជា​វិធី​​លាងឈាម​ក្នុង​ស្រោមពោះ ​រួម​ទាំង​ការ​វះកាត់​ដាក់​ទុយោ​ក្នុងពោះ។ អំឡុង​ដំណើរ​ការ សារធាតុរាវ​ពិសេស ​ហៅថា Dialysate ត្រូវ​ពេទ្យ​បង្ហូរ​ចូល​ក្នុង​ពោះ ដើម្បី​ចាប់​យក​កាកសំណល់​ពី​ប្រព័ន្ធឈាម​ ហើយ​បញ្ចេញ​ពីក្នុង​ពោះ។ ​មាន​ប្រភេទ​ផ្សេងៗ​នៃ​ការ​លាងឈាម​តាម​ស្រោមពោះ​ ប៉ុន្តែ​សំខាន់​ជាងគេ​ វិធីលាងឈាម​ ជា​ភាសា​បច្ចេកទេស Continuous ambulatory peritoneal dialysis និង​Continuous cycler-assisted peritoneal dialysis។

  • Continuous ambulatory peritoneal dialysis៖ ស្រោមពោះ​ត្រូវ​បង្ហូរ​ទឹក​ចូល ​និង​បង្ហូរចេញ​មក​វិញ​ច្រើនដង​រៀងរាល់​ថ្ងៃ។
  • Continuous cycler-assisted peritoneal dialysis៖ ប្រើ​ម៉ាស៊ីន​ដើម្បី​បង្ហូរ​ទឹក​ចូល​ និងចេញ​ពីពោះ​ ដែល​ធ្វើ​ជា​ទូទៅ​នៅ​ពេល​យប់ អំឡុង​​ពេល​គេង។

ការ​លាងឈាម​តាម​ស្រោមពោះ ​(Peritoneal dialysis) អាច​ធ្វើ​នៅ​ផ្ទះ​ ហើយ​​គ្រូពេទ្យ​ នឹង​បង្រៀន​ពី​របៀបលាង​ឲ្យ​យើង​ដឹង។ ​បើ​មាន​ចម្ងល់​​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ឬគ្រូពេទ្យ​វះកាត់​បន្ថែម។

ថែទាំក្រោយលាង​ឈាម

៦- មាន​អ្វីកើត​ឡើង​ក្រោយលាង​ឈាម?

បើ​​ឈប់​លាង​ឈាម តម្រងនោម​នឹងខូច​បន្តទៀត យើង​មិនអាច​រស់បានទេ បើ​គ្មាន​តម្រងនោម​នៅ​ល្អ ​សូម្បីខូច​​តែមួយក៏​ដោយ ត្រូវ​ធ្វើការ​ផ្លាស់់ប្តូរ​តម្រងនោម​ បើ​មិន​ប្តូរ​តម្រងនោម​ ចាំបាច់​ត្រូវ​លាងឈាម​ពេញ​មួយ​ជីវិត។

​ត្រូវ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ខាងអាហារ ​ដើម្បី​បង្កើន​ថាមពល​​ចំណីអាហារ ជួយ​ឲ្យ​សុខភាព​ប្រសើរ ហើយ​ការ​​ហាត់ប្រាណ​ទៀងទាត់​ក៏អាច​ជួយបាន​ដូច​គ្នា។ ​បើ​នឿយហត់​ ហើយ​ត្រូវ​លាងឈាម​ អាច​ពិបាក​ក្នុង​ការ​ហាត់ប្រាណ​ ប៉ុន្តែ​​បើ​​ព្យាយាម យើង​នៅ​តែ​អាច​ធ្វើ​បាន។ ហាត់ប្រាណ​ស្រូប​ខ្យល់​បរិសុទ្ធ ​ដូចជា ជិះកង់​ រត់ ដើរ​ ឬ​ហែលទឹក ​គឺល្អ​បំផុត ខណៈ​គ្រូពេទ្យ​នឹង​ណែនាំ​ពី​លំហាត់​ប្រាណ​​សក្តិសម​សម្រាប់យើង។ បញ្ហា​ឡើង​គីឡូ​ ​ជា​ផលវិបាក​មកពី​លាងឈាម​តាម​ស្រោមពោះ ​បើ​​បារម្ភ​ពីការ​ឡើង​គីឡូ​ច្រើន​ពេក អាច​ប្រាប់​ក្រុមអ្នក​លាងឈាម​ ដើម្បី​ឲ្យ​គេ​អាច​ណែនាំ​អាហារ និង​ការធ្វើ​លំហាត់ប្រាណ ចៀសវាង​ការញ៉ាំអាហារ​សម្រក​ទម្ងន់ ​ដែល​សម្រក​គីឡូ​លឿន អាច​ប៉ះពាល់​ដល់​រាងកាយ​ និង​អាច​ឲ្យឈឺ។

៧- ផលវិបាក​ក្រោយ​លាង​ឈាមមាន​អ្វី​ខ្លះ?

ទាំងវិធីលាង​ឈាម​តាម​ប្រព័ន្ធឈាម ​(Hemodialysis) និង​លាង​ឈាម​តាម​ស្រោមពោះ (Peritoneal Dialysis) សុទ្ធ​តែ​មាន​ផលវិបាក។ ជាធម្មតា ​យើង​នឹង​មាន​អារម្មណ៍​ល្ហិតល្ហៃ​​បណ្តាល​មកពី៖

– បាត់បង់​មុខងារ​តម្រងនោម

– រងឥទ្ធិពល​​ដោយ​សារ​លាងឈាម​លើរាងកាយ

– អត់ឃ្លាន​អាហា​រ

– ស្រ្តេស និង​​ថប់​បារម្ភ (មនុស្ស​ភាគច្រើន​ជួបប្រទះ)

– សម្ពាធ​ឈាម​ធ្លាក់ចុះ

– ឆ្លងមេរោគ​ក្នុងឈាម

– ក្តៅខ្លួន ៣៨ អង្សារសេ ឬ​ខ្ពស់ជាង

– រមួល​សាច់ដុំ

– រមាស់​ស្បែក

– ពិបាក​គេងលក់

– ឈឺ​ឆ្អឹង និង​សន្លាក់

– បាត់បង់​ចំណង់​ផ្លូវភេទ និងអសមត្ថភាព​ផ្លូវភេទ

– ស្ងួត​មាត់

– ជំងឺថប់បារម្ភ។

ផល​វិបាក​បណ្តាល​មក​ពី​ការលាង​ឈាមតាម​ស្រោមពោះ៖

– រលាក​ស្រោមពោះ​ដោយសារ​បាក់តេរី

– ក្លន

– ឡើង​គីឡូ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jul 25, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម