ចំណេះដឹងមូលដ្ឋាន
អ្វីទៅជាការដាក់ថ្នាំសណ្ដំ?
ថ្នាំសណ្ដំ ឬគ្នាយើងខ្លះតែងហៅថាថ្នាំសន្លប់ ជាថ្នាំឬសារធាតុដែលធ្វើឲ្យយើងបាត់ស្មារតីទាំងស្រុងឬដោយផ្នែក។ ថ្នាំសណ្ដំមានបីប្រភេទគឺ ថ្នាំដាក់ឲ្យសន្លប់ ថ្នាំដាក់ឲ្យស្ពឹកតាមតំបន់ និងថ្នាំស្ពឹកធម្មតា។ ពេលដាក់ថ្នាំសណ្ដំ អ្នកជំងឺនឹងបាត់បង់ស្មារតី និងការដឹងញ្ញាណ ហើយយើងនឹងមិនដឹងពីការឈឺចាប់ពេលវះកាត់នោះទេ។ ថ្នាំសណ្ដំធ្វើការបង្អាក់ការនាំពត៌មានតាមសរសៃប្រសាទ ដែលនេះមានន័យថាការភ្ញោចលើរាង្គកាយរបស់យើង និងខួរក្បាលមិនបានទទួលនោះទេ។ ថ្នាំសន្លប់នេះអាចប្រើក្នុងទម្រង់ជាថ្នាំចាក់ ឬជាឧស្ម័នដោយគ្រូពេទ្យជំនាញខាងថ្នាំសណ្តំ។
ហេតុអ្វីបានជាត្រូវប្រើថ្នាំសណ្តំ?
សម្រាប់ការវះកាត់មួយចំនួន ការដាក់ថ្នាំសណ្តំគឺជាការចាំបាច់ដោយសារវាមានសុវត្ថិភាពជាង ឬជួយឲ្យអ្នកជំងឺមានផាសុខភាពដែលមិនដឹងថាខ្លួនបានវះកាត់យ៉ាងណាខ្លះ។ ជាពិសេសថ្នាំសណ្ដំជួយចំពោះការវះកាត់យូរ និងឈឺចាប់ខ្លាំង ដូចជា កាត់ថង់ទឹកប្រមាត់ វះដេរក្លនលូន បូមខ្លាញ់ពោះ ឬកាត់ស្បូនជាដើម។
កត្តាប្រឈម
កត្តាប្រឈមនៃការដាក់ថ្នាំសណ្ដំ
គ្នាយើងដែលមានសុខភាពល្អមិនសូវជាមានបញ្ហាជាមួយការដាក់ថ្នាំសណ្ដំនេះទេ។ ជាទូទៅ ផលលំបាកក្រោយពេលដាក់ថ្នាំសណ្ដំអាស្រ័យនឹងប្រភេទនៃការវះកាត់ និងសុខភាពទូទៅ មិនអាស្រ័យតែលើការដាក់ថ្នាំតែឯងទេ។
មានមនុស្សប្រមាណពី១ឬ២ក្នុងចំណោម១០០០នាក់ អាចនឹងភ្ញាក់កំឡុងពេលដាក់ថ្នាំសណ្ដំ។ ជាធម្មតាអ្នកជំងឺនឹងមិនដឹងពីការឈឺចាប់ តែអាចដឹងពីអ្វីៗនៅជុំវិញខ្លួន។
ផលរំខានដែលអាចមានដោយកម្ររួមមាន៖
· របួសនៅកន្លែងចាក់ថ្នាំ
· ការបង្ករោគ
· បញ្ហាក្នុងការដកដង្ហើម
· ប៉ះពាល់ដល់សរសៃប្រសាទរយៈពេលខ្លី
· ប្រតិកម្ម កើតហឺត
· ដឹងពីការឈឺពេលកំពុងវះកាត់
· របួសមាត់ ធ្មេញ បបូរមាត់ឬអណ្តាត
· របួសលើប្រអប់សំឡេង
· របួសលើសួត
· របួសដល់ខួរក្បាល
· ដាច់សរសៃឈាមខួរក្បាល
· ខូចថ្លើម
· ពិការអវៈយវៈខាងក្រោម
· ពិការទាំងអវៈយវៈទាំងមូល
យើងគួរយល់ដឹងពីកត្តាប្រឈមនិងផលលំបាកជាមុន នៅមុនពេលវះកាត់។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានលម្អិត។
ស្វែងយល់មុនពេលវះកាត់
គួរត្រៀមខ្លួនបែបណា?
ត្រូវប្រាប់គ្រូពេទ្យពីថ្នាំដែលយើងបានប្នាពេលរើថ្មីៗនេះ ការប្រតិកម្មឬអាលែកហ្ស៊ីមុនពេលវះកាត់ និងពិភាក្សាជាមួយគ្រូពេទ្យថ្នាំសណ្តំផងដែរ។ សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យអំពីការអត់អាហារ និងទឹកមុនពេលវះកាត់។
យើងនឹងទទួលបានការណែនាំពីការញ៉ាំអាហារនិងទឹកមុនពេលវះកាត់។ ជាទូទៅយើងនឹងត្រូវអត់អាហារ ៦ម៉ោងមុនពេលវះកាត់ ហើយអាចញ៉ាំទឹកនិងអាហារបានវិញពីរ ទៅបីម៉ោងក្រោយវះកាត់។
មានអ្វីកើតឡើងពេលដាក់ថ្នាំសណ្ដំ?
គ្រូពេទ្យជំនាញខាងថ្នាំសណ្តំជាអ្នកដាក់ថ្នាំឲ្យយើង។ វាអាចជាទម្រង់៖
· ទឹក៖ ចាក់ទៅក្នុងសរសៃវ៉ែន
· ឧស្ម័ន៖ ស្រូបចូលតាមដង្ហើមតាមម៉ាស។
គ្រូពេទ្យផ្នែកថ្នាំសណ្តំនឹងនៅជាមួយយើងរហូតដល់ការវះកាត់ចប់។ គាត់នឹងពិនិត្យនិងតាមដានការសណ្តំ។ ក្រោយពេលវះកាត់ចប់គ្រូពេទ្យនឹងបញ្ឈប់ថ្នាំសណ្តំហើយអ្នកជំងឺនឹងដឹងខ្លួនមកវិញ។
វិធីថែទាំក្រោយវះកាត់
មានអ្វីកើតឡើងក្រោយពីការដាក់ថ្នាំសណ្ដំ?
ពេលដែលយើងក្រោកមកវិញ យើងនឹងមានអារម្មណ៍ថាវង្វេងវង្វាន់ ឬគិតអ្វីមិនចេញ ហើយវាអាចត្រូវការពេលមួយចំនួនមុននឹងបាត់ទៅវិញ ប៉ុន្តែតែកុំបារម្ភអី គ្រូពេទ្យនឹងជូនយើងទៅបន្ទប់សម្រាកវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]