Breast Augmentation (វះកាត់​ពង្រីក​សុដន់)

Breast Augmentation (វះកាត់​ពង្រីក​សុដន់)

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​វះកាត់​ពង្រីកសុដន់​?

ការ​ពង្រីកដោះ​គឺ​ជា​ការ​វះកាត់​ដាក់​ស៊ីលីកូនឬ​ថង់​ទឹក​ដែល​មាន​ជាតិ​អំបិល​ក្រោម​ដើម​ទ្រូង​​ដើម្បី​ពង្រីក​វា​ឲ្យ​ធំ​និង​ប្ដូរ​ទម្រង់​​ដែល​ធ្វើ​ឲ្យ​វា​កាន់​តែ​មើល​ទៅ​ធំ​ស្មើ​គ្នា។ ​

២- ហេតុអី​ត្រូវ​វះកាត់​ពង្រីក​សុដន់?

វះកាត់​ពង្រីកសុដន់ ភាគច្រើនធ្វើឡើង​​ក្នុង​គោល​បំណង​ចម្បងពីរ​ មាន៖

– ដើម្បីប្ដូរ​ទម្រង់​​​ដើម​ទ្រូង​​ ក្រោយ​កាត់​ដោះ​ចេញ​ចំពោះស្រីៗ​កើត ​ជំងឺ​មហារីក​សុដន់
– ​វះកាត់​កែ​​​សោភ័ណ​ភាព​ ពង្រីក ​ឬ​កែ​រូប​រាង​សុដន់ឲ្យ​មើល​ទៅ​ស្អាត គួរឲ្យ​ទាក់ទាញ។

ថង់ដោះសម្រាប់​ដាក់​ពង្រីក​​ទាំង​អស់ ​សុទ្ធ​តែ​មាន​ស្រោម​ធ្វើ​ពី​ស៊ីលីកូន​ ដូច្នេះ​ផ្នែក​ខាង​ក្នុង​របស់​វា ​គេ​អាច​បំពេញ​ដោយ​ស៊ីលីកូន​ ឬ​ទឹក​បាន។ គេ​​ប្រើ​ស៊ីលីកូន​ ដើម្បី​ធ្វើ​ជា​​កន្សោម​ដោះ ​អាចមាន​សភាព​​រាវ ​​​ឬ​ជា​​ចាហួយ​ (​ស៊ីលីកូន​ដែល​ស្អិត​)​ ដោយ​ឡែក​ស៊ីលីកូន​រាវ ​និង​ថង់​ទឹក ​មាន​លក្ខណៈ​ទន់​ និង​ដូច​ជា​របស់​ធម្មជាតិ​ រីឯ​ស៊ីលីកូន​ប្រភេទ​ចាហួយ​មាន​សភាពរឹង ​និង​មាន​រាង​ស្អាត​ជាង។ ថង់​សុដន់គ្រប​ដណ្តប់​ដោយ​សារធាតុ Polyurethane ដែល​ទន់​បាន​យូរ ​ហើយ​អាច​កាត់​បន្ថយ​ហានិភ័យ​ ជាលិកា​ជុំវិញ​កន្សោម​ដោះ​ឡើង​ក្រិន​ និង​​ស្អិតបាន​។

ការ​សិក្សា​មួយ​ចំនួន​​ ធ្វើឡើង​​ដើម្បី​កំណត់​ថា ​តើ​កន្សោម​ដោះ​ធ្វើ​ពី​​ស៊ីលីកូ​ន មាន​សុវត្ថិភាព​ ឬ​អត់?​ លើស​ពី​នេះ​ ​មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​​បង្ហាញ​ថា​ សុដន់ធ្វើ​ពី​ស៊ីលីកូន​ អាច​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​ប្រព័ន្ធ​ការពារ​ខ្លួន​ប្រឆាំង​រាង​កាយ​ខ្លួនឯង ដូច​ជា ​មហារីក​ដោះ ​និង​រលាក​សន្លាក់ នៅ​ឡើយ​ទេ។ ប៉ុន្ដែ​មាន​របាយ​ការណ៍​ខ្លះ​ អះអាង​​ថា​ ការ​ផ្ស៊ាំ​កន្សោម​ដោះ ​អាចធ្វើ​ឲ្យ​​កើត​ជំងឺ​មហារីក​ដ៏​កម្រ​មួយ ​ហៅ​ថា​ Anaplastic large cell lymphoma តែ​អត្រា​កើត​មានមហារីក​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​​ទាប​បំផុត។

កត្ដាប្រឈម

៣- ​កត្តា​ប្រឈម​មាន​អ្វី​ខ្លះ?

មុន​វះកាត់​ អ្វី​ស្រីៗ​​គួរ​ដឹង​ឲ្យ​ច្បាស់ គឺ​កត្តា​​ប្រឈម​គ្រោះ​ថ្នាក់ ​និង​ក៏​ដូច​ជាតម្លៃសេវា​វះកាត់​ពង្រីក​សុដន់​ជា​មុន​សិន។ ប៉ុន្ដែ​បើ​យើង​សម្រេច​ចិត្ត​ចង់​វះកាត់ ​ដើម្បី​កែ​សម្ផស្ស ​គួរ​ពិចារណា​លើ​ដំណោះ​ស្រាយ​ផ្សេងៗ​ ​ដូច​ជា ​ពាក់​អាវ​ទ្រនាប់ជួយ​សុដន់​ ផឹក​ថ្នាំ​ពង្រីក​ទំហំ​ ឬ​រក្សា​រូប​រាងសុដន់​ជា​ដើម។ យ៉ាង​ណា​មិញ​ ថ្នាំ​ពង្រីក​សុដន់ ក៏​មិនទាន់​​បាន​ទទួល​ស្គាល់​ជាផ្លូវ​ការ​នៅ​ឡើយ​ដែរ ខណៈផលវិបាក​ទូទៅ​ពេល​វះកាត់​មាន​ដូច​ជា៖​

– ឈឺ​ចាប់
– ហូរ​ឈាម
– មាន​ការ​បង្ក​រោគ​តិច​តួច
– មាន​ស្នាម
– កំណក​ឈម​។

ផលវិបាក​ជាក់​លាក់​ពេល​វះកាត់​មានដូច​ជា​៖

– មាន​ឈាម​ និង​ទឹក​នៅ​កន្លែង​ដាក់​កន្សោម​ដោះ
– មាន​មេរោគ​ឆ្លង​នៅ​នឹង​កន្សោម​ដោះ​
– ស្អិត​ និងមាន​​ស្នាម​នៅ​នឹង​ជាលិកា
– បាត់​បង់​អារម្មណ៍​លើ​សុដន់ ​និង​ចុងសុដន់
– គាំង​ស្មា
– ស្ពឹក​យូរ ​ឬ​ឈឺ​ក្រៅ​ដោះ
– បែក ​ឬ​លេច​កន្លែង​ផ្ស៊ាំ
– ដាក់​កន្សោម​ដោះ​មិន​បាន​ត្រឹម​ត្រូវ​

គប្បី​យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ​ និង​ផលវិបាក​ទាំង​អស់​ មុន​ពេល​វេះកាត់ ហើយ​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​គ្រូពេទ្យ ក្នុង​​ករណី​មាន​មន្ទិល​សង្ស័យ​ណា​មួយ។

ស្វែងយល់​មុន​ពេលវះកាត់

៤- គួរ​ត្រៀម​មុនអ្វីខ្លះ?

ការ​វះកាត់ ​ធ្វើ​ឡើង​ដោយ​ប្រើ​ថ្នាំ​សន្លប់​ ហើយយើងត្រូវ​ត្រៀម​ខ្លួនជាមុន ​ដូច​ការញ៉ាំ​អាហារ ៣-៤ ​ម៉ោង​មុន​ការ​វះកាត់។ ភាគ​ច្រើនស្រីៗ ​គួរ​តម​អាហារ​រយៈពេល​ ៦ ​ម៉ោង​មុន ​ប៉ុន្ដែនៅ​​អាច​ផឹក​កាហ្វេ ឬទឹក ៣-៤ ​ម៉ោង​មុន​ការ​វះកាត់ចូលមក​ដល់។​

៥- មាន​អ្វីកើត​ឡើង​អំឡុង​ពេលវះកាត់?

ដំណើរ​ការ ចំណាយ​ពេល​ប្រហែល​ ៩០នាទី​ ដោយ​គ្រូពេទ្យ​នឹង​ដាក់​ថង់​ដោះ​ ចូល​ក្រោម​ដោះ​ ដើម្បី​ពង្រីក​ទំហំ​​ទៅ​តាម​ចំណង់​ចំណូល​ចិត្ដ​យើង​បាន ​ហើយ​ភាគ​ច្រើនមាន​​រាង​ដូចដោះ​​ធម្មជាតិ។ យ៉ាង​ណា​ បើ​ស្បែក​ និង​ជាលិកា​ដោះ​ តិច​ពេក​មិន​អាច​គ្រប​ថង់​ដោះ​ជិត ពេទ្យ​តែង​ដាក់ថង់​ដោះ​​ក្រោម​សាច់​ដុំ​ដោះ​វិញ។ ពេទ្យ​តែង​សម្រេច​ចិត្ដ​បំបែក​ដោះ​ ហើយ​ចែក​ជាលិកា​នៅ​ជុំវិញ​វា ដើម្បី​​បង្កើត​លំហ​មួយ​សម្រាប់​ដាក់​ថង់ស៊ី​លីកូន​​ចូល។ បើ​​មាន​ចម្ងល់​ទាក់​ទង​នឹង​ដំណើរ​ការវះកាត់ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្ ​ដើម្បី​យល់​ច្បាស់ និង​ទទួល​បាន​ការ​ណែ​នាំ។

វះកាត់ពង្រីកសុដន់ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

វិធីថែទាំ

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​វះកាត់​ពង្រីក​សុដន់?

យើង​​អាច​ត្រលប់​ទៅ​ផ្ទះ​វិញបាន​នៅ​ថ្ងៃ​ដដែល​ ហើយអាច​ធ្វើ​សកម្មភាព​​ប្រចាំ​ថ្ងៃ​ដូច​ធម្មតាវិញ​ ​ក្នុង​រយៈពេល​ ២​-៣​សប្ដាស៍​បន្ទាប់ និង​អាចត្រលប់​ទៅ​​ប្រកប​ការងារ​វិញ​ក្នុង​រយៈពេល​ ១​សប្ដាហ៍ ​អាស្រ័យ​លើ​ប្រភេទ​ការងារ​យើង​ផ្ទាល់​។ ប៉ុន្ដែ​អាច​កំណត់​សកម្មភាព​មួយ​ចំនួន​ ដូច​ជា ​អោប​កូន ឬអ្វី​មួយ ​ក្រោយ​ ២​សប្ដាហ៍ បន្ទាប់​ពី​វះ​កាត់។ ជា​ទូទៅ​ វះកាត់​ពង្រីក​សុដន់ ត្រូវ​ចំណាយ​ពេល ៣-៤ ​សប្ដាហ៍ ​ដើម្បី​ឲ្យ​សុដន់​ជា​សះ​ស្បើយ​វិញ​ និង​មាន​រាង​ដូច​ធម្មជាតិ ​ហើយ​អាច​ជាប់​បាន​យូរ។ ​ហាត់​ប្រាណ​ទៀង​ទាត់​ អាច​ជួយ​គ្នា​យើង ឆាប់​បាន​​ត្រលប់​ទៅ​ធ្វើ​ការងារ​​ដូច​ដើម តែ​​​មុន​ពេល​ចាប់​ផ្ដើម​ហាត់ ​​គួរ​សួរ​នាំ​គ្រូពេទ្យ​ជា​មុន​សិន។ ​​

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Breast implants (augmentation). https://www.betterhealth.vic.gov.au/health/conditionsandtreatments/breast-implants-augmentation. Accessed July 16, 2016.

Breast augmentation surgery. https://medlineplus.gov/ency/article/002984.htm. Accessed July 16, 2016.

Breast Implants. http://www.webmd.com/beauty/breast-implants/cosmetic-procedures-breast-augmentation. Accessed July 16, 2016.

Breast enlargement (implants). http://www.nhs.uk/Conditions/cosmetic-treatments-guide/Pages/breast-enlargement.aspx. Accessed July 16, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Prem Satya កែសម្រួល​ចុងក្រោយ 19/06/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត