ពេលខ្លះ បរិមាណឈាមនៅក្នុងខ្លួនមនុស្សអាចខុសគ្នាអាស្រ័យទៅលើទីកន្លែងដែលយើងរស់នៅ។ មនុស្សដែលរស់នៅតំបន់កម្ពស់ខ្ពស់មានបរិមាណឈាមច្រើនជាងមនុស្សរស់នៅតំបន់ធម្មតា។
ចុះមនុស្សយើងបាត់បង់ឈាមប៉ុន្មានទើបគ្រោះថ្នាក់ដល់ជីវិត?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា បើយើងបាត់បង់ឈាមច្រើនពេក ខួរក្បាលរបស់យើងនឹងខ្វះអុកស៊ីសែន ដើម្បីទ្រទ្រង់ដល់ជីវិតយើង។ មនុស្សធ្លាប់ជួបគ្រោះថ្នាក់ ឬរបួសធ្ងន់ធ្ងរដូចជាគ្រោះថ្នាក់ចរាចរណ៍ អាចបាត់បង់ឈាមច្រើនក្នុងរយៈពេលខ្លី។ ប្រសិនបើយើងបាត់បង់ឈាមច្រើនជាង ៤០% នៃរាងកាយ ស្មើនឹង ២លីត្រ យើងអាចស្លាប់បាន។
ចំពោះវិធីជួយសង្គ្រោះវិញ គ្រូពេទ្យនឹងមើលទៅលើទម្ងន់របស់យើង ប៉ាន់ស្មានថាយើងមានបរិមាណឈាមប៉ុន្មានក្នុងខ្លួន។ បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យមើលទៅលើចង្វាក់បេះដូង សម្ពាធឈាម និងអត្រានៃការដកដង្ហើម ថាតើរាងកាយបានបាត់បង់ឈាមប៉ុន្មាន ដើម្បីងាយស្រួលដឹងថាត្រូវបញ្ចូលឈាមប៉ុន្មានទើបគ្រប់គ្រាន់ឲ្យបានឆាប់បំផុត។