ជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម ជាជំងឺឈាមមួយប្រភេទ កើតឡើងដោយសារតែគ្រាប់ឈាមក្រហមត្រូវខូចខាតលឿនជាងអាយុរបស់វា។ គ្រាប់ឈាមក្រហមមានតួនាទីនាំយកអុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ហើយនៅពេលដែលគ្រាប់ឈាមក្រហមមានតិចជាងចំនួនធម្មតា នោះយើងនឹងមានជំងឺស្លេកស្លាំង។
ពេលយើងមានជំងឺស្លេកស្លាំង ឈាមមិនអាចនាំយកអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ជាលិកា និងផ្នែកផ្សេងៗនៃរាងកាយបានទ។ គ្មានអុកស៊ីសែន រាងកាយមិនអាចដំណើរការបានល្អ ដូចប្រក្រតីនោះដែរ។ មូលហេតុអ្វីនាំឲ្យមានជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម?
១. មូលហេតុបង្ក
មូលហេតុបង្កឲ្យមានជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម មានពីរសំខាន់៖
ដំណពូជ
ជំងឺនេះអាចជាជំងឺដំណពូជ ដោយម្ដាយឬឪពុកបានបន្តហ្សែនមានជំងឺនេះមកកាន់កូនៗ។ មូលហេតុទូទៅចំនួនពីរបង្កឲ្យមានជំងឺស្លេកស្លាំងនេះ គឺការស្លេកស្លាំងកើតពីកោសិកាឈាមក្រហមរាងដូចកណ្ដៀវ (sickle cell anemia) និងជំងឺ thalassemia ។ បញ្ហាសុខភាពទាំងពីរយ៉ាងនេះ ធ្វើឲ្យការផលិតកោសិកាឈាមក្រហមមានអាយុខ្លីជាងធម្មតា។
បង្កដោយជំងឺផ្សេងៗ
ការស្លេកស្លាំងបែបនេះមិនមានជាជំងឺដំណពូជទេ បានន័យថាតាំងពីកើតមករាងកាយយើងផលិតកោសិកាឈាមក្រហមធម្មតា ប៉ុន្តែនៅពេលមួយកោសិកានេះក៏រងការខូចខាត។ ការណ៍នេះអាចកើតឡើងដោយ៖
- ការឆ្លងរោគណាមួយ អាចជាវីរុស ឬបាក់តេរី
- ការប្រើប្រាស់ថ្នាំជាក់លាក់មួយចំនួន
- ជំងឺមហារីកឈាម
- ជំងឺប្រព័ន្ធភាពស៊ាំខុសប្រក្រតី ដូចជាជំងឺឡុយពុស(lupus) ឬរលាកសន្លាក់រ៉ាំរ៉ៃជាដើម។
- មានដុំសាច់
- អណ្ដើករីកធំ
- ដំណើរការប្រឹសបេះដូង ដែលអាចធ្វើឲ្យកោសិកាឈាមក្រហមបែកពេលចេញពីបេះដូង
- ប្រតិកម្មធ្ងន់ធ្ងរពេលបញ្ចូលឈាម
ជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហមដែលបង្កឡើងដោយបញ្ហាសុខភាព ពេលខ្លះកើតឡើងក្នុងរយៈពេលខ្លី តែពេលខ្លះអាចជាបញ្ហារ៉ាំរ៉ៃ ដែលបាត់ហើយ កើតវិញ ជាបន្តបន្ទាប់។
២. អ្នកមានជំងឺប្រភេទនេះគួរប្រុងប្រយ័ត្នបែបណា?
បើយើងជាមនុស្សមានជំងឺបែបនេះជាការល្អគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកវិធីកាត់បន្ថយហានិភ័យនាំឲ្យបែកគ្រាប់ឈាមក្រហម និងការឆ្លងរោគផ្សេងៗ។ ឧទាហរណ៍ដូចជារដូវត្រជាក់ អាចធ្វើឲ្យយើងងាយផ្ដាសាយ នាំឲ្យបញ្ហាបែកគ្រាប់ឈាមក្រហមកើតឡើងបានដែរ។ ដូចនេះ យើងត្រូវការពារខ្លួនកុំឲ្យកើតជំងឺផ្ដាសាយ។
តិចនិកការពារខ្លួនកុំឲ្យងាយឆ្លងរោគ៖
- នៅឲ្យឆ្ងាយពីអ្នកមានជំងឺ
- ចៀសវាងកន្លែងណាមានមនុស្សច្រើន
- លាងសម្អាតដៃឲ្យបានញឹកញាប់
- កុំញ៉ាំអាហារឆៅ
- ដុសសម្អាតធ្មេញឲ្យបានទៀងទាត់
- ចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយ។
៣. រោគសញ្ញា
មនុស្សម្នាក់ៗអាចមានរោគសញ្ញាផ្សេងៗគ្នា។ ខាងក្រោមនេះជារោគសញ្ញាដែលអាចកើតមានចំពោះអ្នកមានជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម៖
- ស្បែកមានសភាពស្លេក
- កើតលឿងលើស្បែក ភ្នែក មាត់
- ទឹកនោមពណ៌ក្រមៅ
- ក្ដៅខ្លួន
- វិលមុខ
- វង្វេងវង្វាន់
- មិនអាចធ្វើចលនាបានស្រួល
- រីកអណ្ដើក និងថ្លើម
- បេះដូងលោតញាប់
- បេះដូងលោតមានឮសំឡេង
រោគសញ្ញាជំងឺស្លេកស្លាំងប្រភេទនេះអាចដូចទៅនឹងរោគសញ្ញានៃជំងឺឈាមផ្សេងទៀត ឬបញ្ហាសុខភាពផ្សេងដែរ។ គួរពិភាក្សាជាមួយគ្រូពេទ្យបើមានរោគសញ្ញាសង្ស័យណាមួយ។
[embed-health-tool-vaccination-tool]