និយមន័យ
១- អ្វីទៅជាជំងឺស្លេកស្លាំងដោយការខ្វះវីតាមីន B12?
ជំងឺនេះ គឺសំដៅនៅពេលរាងកាយយើងខ្វះវីតាមីន B12 ទើបបណ្តាលឲ្យស្លេកស្លាំង ដោយសារវីតាមីន B12 មាននាទីផលិតគ្រាប់ឈាមក្រហម ហេតុនេះបើយើងខ្វះវីតាមីន B12 មានន័យថា រាងកាយមានអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ទេ ធ្វើឲ្យយើងឆាប់នឿយហត់ អស់កម្លាំង។ លើសពីនេះទៀត ក៏បណ្តាលឲ្យខូចសរសៃប្រសាទ អាចប៉ះពាល់ដល់ការចងចាំ និងការគិតផងដែរ។
២- ជំងឺនេះកើតឡើងញឹកញាប់ប៉ុនណា?
ភាគច្រើនជំងឺនេះ ច្រើនកើតមានក្នុងប្រទេសអភិវឌ្ឍន៍ ពិសេសចំពោះមនុស្សចាស់។ យ៉ាងណាមិញ យើងនៅតែអាចគ្រប់គ្រងជំងឺនេះបាន ដោយកាត់បន្ថយនូវកត្តាប្រឈម។ បើមានចម្ងល់ សូមពិភាក្សាជាមួយគ្រូពេទ្យ។
រោគសញ្ញា
៣- រោគសញ្ញាជំងឺឲមានអ្វីខ្លះ?
បើយើងបាត់បង់វីតាមីន B12 ក្នុងកម្រិតតិចតួច នោះនឹងគ្មានលេចរោគសញ្ញាអ្វីធ្ងន់ធ្ងរទេ ខណៈរោគសញ្ញាជំងឺមានលក្ខណៈស្រដៀងគ្នានឹងភាពចាស់ជរាដែរ។
ក្នុងករណីស្ថានភាពជំងឺធ្ងន់ធ្ងរជាងមុន រោគសញ្ញាអាចនឹងមានដូចជា៖
– មានអារម្មណ៍ខ្សោយ ហត់ និងធេងធោង
– ស្បែកស្លេក
– ឈឺអណ្តាត ហើយក្រហម ឬមានហូរឈាមតាមអញ្ចាញ
– ឈឺក្រពះ និងស្រកគីឡូ
– រាក ឬទល់លាមក
បើកម្រិតវីតាមីន B12 ចុះទាបក្នុងរយៈពេលយូរ អាចធ្វើឲ្យសរសៃប្រសាទខូចខាត ក្នុងករណីនេះ អាចមានរោគសញ្ញាមួយចំនួនដូចជា៖
– ស្ពឹកចុងដៃ ចុងជើង
– បាត់បង់លំនឹង
– បាក់ទឹកចិត្ត
– បាត់បង់ការចងចាំ បាត់បង់សមត្ថភាពខួរក្បាល
៤- ពេលណាគួរទៅជួបពេទ្យ?
វាអាចមានរោគសញ្ញាដទៃទៀត មិនបានរៀបរាប់ខាងលើ ដូចនេះគួរសួរគ្រូពេទ្យចំពោះរោគសញ្ញាផ្សេងៗ បើមានការក្តីបារម្ភ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីន B12 មានអ្វីខ្លះ?
តាមការស្រាវជ្រាវបានបង្ហាញថា មនុស្សភាគច្រើនបានទទួលវីតាមីន B12 គ្រប់គ្រាន់តាមរយៈរបបអាហារប្រចាំថ្ងៃដូចជា សាច់ ស៊ុត ទឹកដោះគោ និងឈីស។ អ្នកខ្វះវីតាមីន B12 ច្រើនតែបណ្តាលមកពីប្រព័ន្ធរំលាយអាហារ មិនអាចស្រូបបានល្អ។ ជំងឺនេះអាចកើតឡើង បើយើង៖
– មានជំងឺ Pernicious Anemia៖ ជំងឺស្លេកស្លាំងប្រភេទនេះ អាចបំផ្លាញកោសិកានៅក្នុងក្រពះ ដែលមាននាទីជួយស្រូបយកវីតាមីន B12 ចូលរាងកាយ។
– ធ្លាប់វះកាត់៖ ធ្លាប់ធ្វើការវះកាត់យកផ្នែកណាមួយនៃក្រពះ ឬផ្នែកខាងក្រោមពោះវៀនតូចចេញ រួមបញ្ចូលទាំងការវះកាត់សម្រាប់អ្នកលើសគីឡូ។
– មានបញ្ហាប្រព័ន្ធរំលាយអាហារ៖ មានបញ្ហាជាមួយការរំលាយអាហារ ជំងឺ Sprue ឬហៅថា Celiac Disease ជំងឹ Crohn’s disease បាក់តេរី ឬប៉ារាស៊ីតនៅក្នុងពោះវៀនតូច។
កត្តាប្រឈម
៦- អ្វីខ្លះកត្តាប្រឈមងាយជំងឺនេះ?
ជាទូទៅ កត្តាប្រឈមធ្វើឲ្យខ្វះវីតាមីន B12 កាន់តែខ្ពស់មានដូចជា៖
– អាហារវីតាមីនពីធម្មជាតិតិចតួច ឬគ្មានទាល់តែសោះ ដូចជា សាច់ អាហារទឹកដោះគោ ផ្លែឈើ និងបន្លែ
– មានបញ្ហាពោះវៀន ឬបញ្ហាផ្សេងៗទៀត ប៉ះពាល់ដល់ការស្រូបវីតាមីន
– ផឹកស្រាច្រើន
– ប្រើប្រាស់ថ្នាំមួយចំនួន រារាំងដល់ការស្រូបវីតាមីន។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងសួរនាំទាក់ទងបញ្ហាសុខភាពពីមុន ក៏ដូចជាអាការៈបច្ចុប្បន្ន ហើយបើពេទ្យសង្ស័យយើងមានជំងឺនេះ ពេទ្យអាចនឹងស្នើធ្វើតេស្តឈាមខ្លះ ដើម្បីពិនិត្យមើលចំនួនគ្រាប់ឈាមក្រហម និងរកមើលថា យើងមានវីតាមីន B12 គ្រប់គ្រាន់ដែរទេ។ ពេទ្យក៏ពិនិត្យរកមើលកម្រិតអាស៊ីដហ្វូលិក ដែលជាពពួកវីតាមីន B ព្រោះអ្នកមានជំងឺនេះមួយចំនួន ពេលខ្វះវីតាមីន B12 ក៏មានការថយចុះកម្រិតអាស៊ីដហ្វូលិកដូចគ្នា។ បញ្ហាទាំងពីរនេះ មានរោគសញ្ញាស្រដៀងគ្នា ប៉ុន្តែវិធីព្យាបាល គឺខុសគ្នា។
៨- ព្យាបាលដោយវិធីណា?
ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីន B12 អាចព្យាបាលបាន ដោយត្រូវលេបថ្នាំបំប៉នវីតាមីន B12។ ការលេបថ្នាំនេះ ជាវិធីព្យាបាលចម្បង អាចធ្វើឲ្យកម្រិតវីតាមីន B12 មកធម្មតាវិញ និងបន្ថយរោគសញ្ញាផ្សេងៗ។ យ៉ាងណា អ្នកជំងឺ ត្រូវលេបថ្នាំបែបនេះអស់មួយជីវិត ដើម្បីរក្សាកម្រិតវីតាមីន B12 ឲ្យនៅធម្មតា ព្រោះបើឈប់លេបពេលណា ជំងឺស្លេកស្លាំងនឹងវិលត្រលប់មកវិញ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
នៅផ្ទះអាចញ៉ាំអាហារឲ្យបានគ្រប់មុខ ជាពិសេស សាច់ ទឹកដោះគោ ឈីស និងស៊ុត ដែលសម្បូរវីតាមីន B12។ យើងក៏គួរតែញ៉ាំអាហារសម្បូរអាស៊ីដហ្វូលិកផងដែរ រួមមាន បន្លែស្លឹកពណ៌បៃតង ផ្លែឈើរសជាតិជូរ នំប័ុង និងគ្រាប់ធញ្ញជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]