ទាក់ទងនឹងបញ្ហានេះ មន្ទីរពេទ្យ កាល់ម៉ែត បានបង្ហោះនៅលើទំព័រហ្វេសប៊ុក ឲ្យដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើង ហើយវាអាចបណ្ដាលឲ្យកើតមានដំបៅជើងបានដោយផ្អែកលើកត្តាជាច្រើន ដែលជាមូលហេតុបង្កដូចជា៖
ទី១. ដំបៅជើងដែលកើតដោយសារប្រព័ន្ធវិញ្ញាណនៅជើងរបស់អ្នកជំងឺមានការប្រែប្រួល (Neuropathy)។ នៅពេលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរ មានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់អ្នកជំងឺ។ ជើងទៅជាស្ពឹក លែងដឹងក្ដៅត្រជាក់ លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចជាមានស្រមោចវារ បន្ទាប់មកទៀតអ្នកជំងឺអាចប្រឈមនឹងមានដំបៅ។ ដំបៅប្រភេទនេះ ភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង ឬមួយរឹបដោយស្បែកជើងដែលចង្អៀត ហើយមានគែមក្រាស។ នៅពេលចាប់ផ្ដើមដំបូង អ្នកជំងឺមិនមានការឈឺចាប់នោះទេ ជូនកាលទៀតបើមិនបានចាប់អារម្មណ៍ ឬមិនបានមកប្រឹក្សាជាមួយគ្រូពេទ្យ គឺអាចមានបង្កជាការក្លាយរោគ (Infection)។
អត្ថបទពាក់ព័ន្ធ៖លម្អិតរឿងទឹកនោមផ្អែមគ្រប់ប្រភេទ និងមូលហេតុយើងងាយកើត ទោះនៅក្មេងក៏ដោយ
ទី២. ការដំបៅជើងបណ្ដាលមកពីការស្ទះសរសៃឈាម នៅពេលជំងឺទឹកនោមផ្អែមវិវត្តរ៉ាំរ៉ៃយូរឆ្នាំ។ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺស្ទះ ក្រិន ដូច្នេះហើយ អុកស៊ីសែន និងចំណីអាហារដែលរត់ទៅតាម សរសៃឈាមនោះមិនអាចទៅចិញ្ចឹមកោសិកានៅចុងជើងរបស់អ្នកជំងឺបានទេ ដែលជាហេតុអាចធ្វើឲ្យអ្នកជំងឺមានដំបៅ (Arteiopathy)។ ដំបៅប្រភេទនេះ ដំបូងឡើយគឺមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មកជើងអ្នកជំងឺប្រែពណ៌ទៅជាពណ៌ស្វាយ ឡើងត្រជាក់ រួចហើយចាប់ឡើងពណ៌ខ្មៅ។ ជួនកាលម្រាមមួយ ដែលអាចប៉ះពាល់ ឬពេលខ្លះម្រាមពីរ ហើយអ្នកជំងឺមិនបានមកប្រឹក្សាជាមួយគ្រូពេទ្យនោះទេ គឺអាចមានមេរោគបង្កក្លាយរោគផងដែរ។