តេស្តHbA1c រកជំងឺ​ទឹកនោម​ផ្អែម អានលទ្ធផលបែបណា?

    តេស្តHbA1c រកជំងឺ​ទឹកនោម​ផ្អែម អានលទ្ធផលបែបណា?

    តេស្តA1C ឬតេស្ត HbA1c ជា​តេស្ត​ទូទៅ​មួយ​គេ​ធ្វើ​ឡើង​សម្រាប់​វិនិច្ឆ័យ​ថា​មាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១​ ឬ​ប្រភេទ​២ ឬ​យ៉ាងណា​។ បើ​សិន​ជា​យើង​កើត​ជំងឺទឹក​នោម​ផ្អែម​តេស្ត​នេះ ក៏​ប្រើ​ដើម្បី​តាម​ដាន​ថា​យើង​​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​កម្រិតណា​។ A1C​តេស្ត​គេ​អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា HbA1c តេស្ត​ដែរ​។​

    តេស្ត​អេម៉ូក្លូប៊ីន A1c គឺ​ជា​អ្វី?

    តេស្ត​អេម៉ូក្លូប៊ីន A1c (HbA1c) គឺ​ជា​ឧបករណ៍​សម្រាប់​វាស់​បរិមាណ​កម្រិត ជាតិ​ស្ករ​ក្នុង​ឈាម​ (គ្លុយកូស) ភ្ជាប់​ជា​មួយ​អេម៉ូក្លូប៊ីន។ អេម៉ូក្លូប៊ីន ​គឺ​ជា​ផ្នែក​មួយ​នៃ​កោសិកា​ឈាម​ក្រហម​យើង ​ដែល​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​សរីរាង្គ​ផ្សេង​ទៀត​។ ការ​ធ្វើ​តេស្ត HbA1c បង្ហាញ​ពី​ចំនួន​មធ្យម​នៃ​ជាតិ​គ្លុយកូស​ដែល​ភ្ជាប់​ជា​មួយ​អេម៉ូក្លូប៊ីន​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​។ គេ​គិត​​​ជា​មធ្យម​ ៣ ខែ​ពី​ព្រោះ​ វា​ជា​រ​យៈពេល​ទូទៅ​មួយ​ដែល​កោសិកា​ឈាម​ក្រហម​រស់​នៅ​បាន​។ ប្រសិន​បើ​កម្រិត HbA1c របស់​យើង​​ខ្ពស់​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម ​ដែល​ជា​ជំងឺ​រ៉ាំរ៉ៃ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​បេះដូង​ ជំងឺ​តម្រង​នោម​និង​ការ​ខូច​ខាត​សរសៃ​ប្រសាទ។

    តើ​គេ​ប្រើ​វា​ដើម្បី​អ្វី?

    ការ​ធ្វើ​តេស្ត HbA1c អាច​ត្រូវ​ធ្វើ​​ដើម្បី​ពិនិត្យ​រក​ជំងឺ​ទឹកនោមផ្អែម​ឬត្រៀមកើត​ជំងឺ​ទឹកនោមផ្អែម​ ​ដែល​អាច​កើត​ចំពោះ​មនុស្ស​ពេញ​វ័យ។ ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​មាន​ន័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់យើង​ ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម។ប្រសិន​បើ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​រួច​ហើយ​ការ​ធ្វើ​តេស្ត HbA1c អាច​ជួយ​តាម​ដាន​ស្ថាន​ភាព​ និង​កម្រិត​ជាតិ​គ្លុយកូសក្នុង​ឈាម​របស់​យើង​។​

    តើ​លទ្ធផល​មាន​ន័យ​ដូច​ម្តេច?

    លទ្ធផល HbA1c ត្រូវ​បាន​ផ្តល់​ជា​ភាគ​រយ។ លទ្ធផល​ធម្មតា​មាន​នៅ​ខាង​ក្រោម៖

    • ធម្មតា៖ HbA1c ក្រោម ៥,៧%
    • ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម៖ HbA1c ចន្លោះ​ពី ៥,៧% ទៅ ៦,៤%
    • ជំងឺ​ទឹកនោមផ្អែម៖ HbA1c ៦,៥% ឬ​ខ្ពស់​ជាង​​នេះ

    យ៉ាងណាលទ្ធផល​របស់​យើង​ម្នាក់ៗ​​អាច​មាន​ន័យ​ខុស​គ្នា។ ប្រសិន​បើ​មាន​សំណួរ​អំពី​លទ្ធផលគួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ផ្ទាល់​។

    A1C (HbA1c)

    តើ​មាន​អ្វី​ផ្សេង​ទៀតត្រូវ​ដឹង​អំពី​តេស្ត​ HbA1c ដែរ​ឬ​ទេ?

    ការ​ធ្វើ​តេស្ត HbA1c មិន​​ប្រើ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ ​ឬ​សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹកនោមផ្អែមលើ​​កុមារទេ​។ ដូច​គ្នា​ដែរ បើ​យើង​មាន​ជំងឺ​ស្លេក​ស្លាំង ឬ ជំងឺ​ឈាម​ផ្សេង​ទៀត ការ​ធ្វើ​តេស្ត​HbA1c អាច​មិន​មាន​ភាព​ត្រឹម​ត្រូវ​១០០​ភាគ​រយ​នោះទេ​។ បើ​សិន​ជា​យើង​មាន​ជំងឺ​ទាំងនេះ និង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែមទៀត គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ធ្វើ​តេស្ត​ផ្សេង​ទៀត​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 17/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត