ការព្យាបាលជំងឺក្រិនថ្លើមផ្អែកទៅតាមមូលហេតុបង្ក និងកម្រិតនៃការខូចខាត។ នៅប្រទេសជឿនលឿនការប្ដូរថ្លើមជាជម្រើសមួយនៃការព្យាបាល ក្នុងករណីថ្លើមលែងដំណើរការ។
១. មូលហេតុបង្កបីសំខាន់
– គ្រឿងស្រវឹង
ថ្លើមមាននាទីជួយសម្អាតជាតិពុលពីក្នុងឈាម ជួយដល់ការរំលាយអាហារ គ្រប់គ្រងកម្រិតជាតិស្ករ និងកូលេស្តេរ៉ូលក្នុងឈាម និងជួយប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។ ចំពោះជាតិ អាល់កុលក្នុងគ្រឿងស្រវឹងថ្លើមអាចចម្រោះបាន ប៉ុន្តែថារាល់ពេលចម្រោះនោះកោសិកាថ្លើមមួយចំនួនក៏បានងាប់ដែរ។ ថ្វីបើថ្លើមអាចបង្កើតកោសិកាថ្មីបានវិញមែន តែការផឹកគ្រឿងស្រវឹងក្នុងបរិមាណច្រើន និងយូរឆ្នាំជាប់ជាប្រចាំ ក៏អាចកាត់បន្ថយសមត្ថភាពរបស់ថ្លើមក្នុងការបង្កើតកោសិកាថ្មីដែរ។ ជាលទ្ធផល អាចធ្វើឲ្យថ្លើមបាត់បង់សមត្ថភាពបង្កើតកោសិកាថ្មី និងខូចថ្លើមអចិន្ត្រៃយ៍តែម្ដង។
ដូចគ្នាដែរ ការផឹកគ្រឿងស្រវឹងក្នុងបរិមាណច្រើន ក៏បង្កជាជំងឺខ្លាញ់រុំថ្លើមដែរ។ ក្រៅពីនេះ គ្រឿងស្រវឹងក៏អាចធ្វើឲ្យរលាកថ្លើមធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត ដោយធ្វើឲ្យថ្លើមមានសម្លាក និងបន្តទៅជាក្រិនថ្លើម។
– ជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹង
អ្នកធាត់លើសទម្ងន់ អ្នកមានជំងឺទឹកនោមផ្អែម អ្នកមានកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ សុទ្ធតែប្រឈមនឹងជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹង។ បញ្ហាសុខភាពទាំងនេះបញ្ចូលគ្នា ទំនងជាធ្វើឲ្យមានបរិមាណខ្លាញ់ផ្ទុកក្នុងថ្លើមកើនឡើង។ សម្រាប់មនុស្សមួយចំនួន មានខ្លាញ់ក្នុងថ្លើមលើសកម្រិត អាចប្រែខ្លាញ់ទាំងនោះទៅជាសារធាតុបំពុលកោសិកាថ្លើម ធ្វើឲ្យថ្លើមរលាក និងអាចធ្វើឲ្យថ្លើមឡើងសម្លាក ឬបង្កជាក្រិនថ្លើម។