គ្រប់គ្នាប្រហែលដឹងថា លើសទម្ងន់ អាចនាំឲ្យមានជំងឺផ្សេងៗជាច្រើន តែប្រហែលមិនដឹងថា លើសទម្ងន់ គឺដល់ថ្នាក់មានទំនាក់ទំនងនឹងជំងឺមហារីកជាច្រើនប្រភេទទៀតផង។ មើលការបកស្រាយខាងក្រោម៖
១- ខ្លាញ់ក្នុងខ្លួនទាក់ទងជាមួយជំងឺមហារីកដោយរបៀបណា?
ខ្លាញ់ច្រើនក្នុងខ្លួន ធ្វើឲ្យមុខងារមួយចំនួនមិនអាចធ្វើការដូចធម្មតាបាន។ ពេលស្តុកខ្លាញ់ច្រើនលើសតម្រូវការក្នុងខ្លួនសម្រាប់ដុត ឬប្រើប្រាស់ នោះវានឹងធ្វើឲ្យយើងប្រែទៅជាធាត់លើសទម្ងន់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដូចជា ពោះវៀនធំ និងក្រពះ ជាដើម។
រឿងបន្ទាប់ ពេលចាប់ផ្ដើមធាត់ ឬស្លៀកខោលែងចូល មានន័យថាជាតិកូលេស្តេរ៉ូល សម្ពាធឈាម និងជាតិស្ករក្នុងកើនឡើងដូចគ្នា។ ជាតិកូលេស្តេរ៉ូលក្នុងឈាម គឺជាកត្តាយ៉ាងសំខាន់មួយ ដែលទាក់ទងជាមួយនឹងសុខភាពសរសៃឈាម។ អ្នកមានកូលេស្តេរ៉ូលខ្ពស់ ភាគច្រើនមានបញ្ហាត្បៀត និងមានកំណកក្នុងសរសៃឈាម ដែលសុទ្ធតែជាកត្តារារាំងលំហូរឈាម ហើយជាលទ្ធផល វាអាចឲ្យកើតទៅជាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ដំណាក់កាលបន្ទាប់ កត្តាលើសខ្លាញ់នេះ នឹងធ្វើឲ្យមានបញ្ហាដល់សួត បេះដូង ថង់ទឹកប្រមាត់ និងថ្លើម។ ប្រព័ន្ធការពារខាងក្នុងយើង ចាប់ផ្ដើមថយចុះ ហើយកោសិកាមហារីកអាចមានលទ្ធភាពខ្ពស់ក្នុងការរីកលូតលាស់។ បន្ទាប់ពីអស់រយៈជាយូរមក វានឹងរាលដាលដល់សរីរាង្គដទៃពាសពេញខ្លួន។
២- ជំងឺមហារីកប្រភេទណាមួយទាក់ទងជាមួយខ្លាញ់ក្នុងខ្លួន?
អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ខ្លាញ់ច្រើនក្នុងខ្លួន មានទំនាក់ទំនងដោយផ្ទាល់ជាមួយប្រភេទមហារីកមួយចំនួន ប៉ុន្តែវាក៏រួមចំណែកបង្កជំងឺមហារីកផ្សេងទៀតដែរ។
មានខ្លាញ់ច្រើនក្នុងប្រព័ន្ធឈាម គឺមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងមហារីកសុដន់ ចំពោះមនុស្សស្រីដែលអស់រដូវ។ ឯមហារីកផ្សេងទៀតអាចជាបណ្ដាលមកពីមានជាតិខ្លាញ់ច្រើន មានដូចជា មហារីកតម្រងនោម មហារីកពោះវៀនធំ និងចុងពោះវៀនធំ មហារីកលំពែង មហារីកក្រពះ (Esophagus) និងមហារីកស្រទាប់ស្បូន (Endometrium)។
សម្រាប់មហារីកមួយចំនួនផ្សេងទៀត អ្នកសិក្សាស្រាវជ្រាវឃើញមានអត្រាកើតឡើងខ្ពស់នៅលើ៖
- ថ្លើម
- ដៃស្បូន
- មាត់ស្បូន
- ថង់ទឹកប្រមាត់ និង
- មហារីកនៅក្រពេញប្រូស្តាត។
អត្ថបទពាក់ព័ន្ធ
- អ្នកធាត់ៗអានរួច ដឹងខ្លួនឯងកើតជំងឺធាត់ប្រភេទណាហើយ!
- កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ គ្រោះថ្នាក់ខ្លាំងណាស់
- វិធីហាត់ប្រាណពិសេសៗ សម្រាប់អ្នកគូទស្វិត ចង់បានគូទស្អាត
៣- សម្រកគីឡូដើម្បីកាត់បន្ថយអត្រាកកើតជំងឺ
មិនមែនគ្រប់ខ្លាញ់ទាំងអស់ក្នុងខ្លួនសុទ្ធតែអាក្រក់នោះទេ ព្រោះរាងកាយយើងនឹងមិនដំណើរការបានស្រួលទេ បើគ្មានជាតិខ្លាញ់ជួយ។ បើយោងតាមក្រុមប្រឹក្សាលំហាត់ប្រាណអាមេរិក American Council of Exercise បានណែនាំឲ្យប្រុសៗ គួរមានជាតិខ្លាញ់ក្នុងខ្លួននៅចន្លោះពី ១៤ ទៅ ១៧ ភាគរយ និងនៅចន្លោះពី ២១ ទៅ ២៤ ភាគរយសម្រាប់មនុស្សស្រី។ បើអាចរក្សាជាតិខ្លាញ់ឲ្យស្ថិតនៅក្នុងកម្រិតនេះបាន វាមិនត្រឹមតែល្អសម្រាប់ខ្លួនរបស់យើងនោះទេ វាថែមទាំងជួយប្រឆាំងជំងឺជាច្រើនប្រភេទបានទៀតផង។
មានមនុស្សជាច្រើនតែងយល់ច្រឡំថា ជាតិខ្លាញ់ក្នុងខ្លួន និងគីឡូរបស់ខ្លួន គឺទាក់ទងគ្នា។ ប៉ុន្តែ យើងត្រូវដឹងថា ជាតិខ្លាញ់ក្នុងខ្លួន មិនអាចវាស់បាន ពេលឡើងថ្លឹងលើជញ្ជីងឡើយ។ មានអ្នកខ្លះមានរាងស្គម តែមានជាតិខ្លាញ់ក្នុងខ្លួនខ្ពស់ (សំដៅលើអ្នកស្គមៗ)។
មានការសិក្សាតិចតួចណាស់ដែលសិក្សាអំពីការសម្រកគីឡូអាចជួយកាត់បន្ថយអត្រាកើតមហារីក។ ប៉ុន្តែ មានការសិក្សាជាច្រើនបានបញ្ជាក់ថា ការសម្រកគីឡូអាចជួយកាត់បន្ថយកម្រិតអ័រម៉ូនពុលក្នុងខ្លួន ដែលជាកត្តាបង្កជាជំងឺមហារីក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]