សម័យមុន បច្ចេកវិទ្យាមិនទាន់រីកចម្រើនខ្លាំង មានតែការពិនិត្យស្ទាបសុដន់រកជំងឺមហារីកដោយខ្លួនឯងប៉ុណ្ណោះ ទើបអាចដឹងថា ស្ត្រីមានដុំអ្វីប្លែកនៅសុដន់ឬអត់? តើការស្ទាបសុដន់រកជំងឺមហារីកដោយខ្លួនឯង អាចជួយបានកម្រិតណា? ចុះឥឡូវបច្ចេកវិទ្យាទំនើប មានតេស្តផ្សេងទៀតអ្វីខ្លះ ដែលច្បាស់លាស់ជាងនេះ?
លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេសរោគស្ត្រី បម្រើការងារនៅ Singapore Medical Center បានឲ្យដឹងថា ការស្ទាបសុដន់ដោយខ្លួនឯង ដើម្បីរកជំងឺមហារីក ស្ត្រីអាចពិនិត្យនៅពេលក្រោយមករដូវ ៧-១០ ថ្ងៃ ដោយ ១ខែ ស្ត្រីត្រូវពិនិត្យខ្លួនឯងម្តង។ ការស្ទាបសុដន់ ស្ត្រីអាចស្ទាបពេលងូតទឹក ពេលពាក់អាវ ពេលគេងក៏បាន ដោយដាក់ម្រាមដៃស្ទាបជុំវិញសុដន់ តែកុំច្របាច់ តើមានដុំអ្វីប្លែកអត់? លោកស្រីវេជ្ជបណ្ឌិតថា បើសិនជាមានដុំ យើងអាចស្ទាបដឹង។