តើយើងអាចដឹងថាខ្លួនមានប្រតិកម្មអាល្លែកហ្ស៊ីនឹងអ្វីមួយបានយ៉ាងដូចម្ដេច?
យើងអាចដឹងថាខ្លួនយើងមានអាលែកហ្ស៊ីនឹងរបស់អ្វីមួយបាន តាមរយៈការសម្គាល់ដោយខ្លួនឯងនៅពេលប៉ះ ញ៉ាំ ឬដកដង្ហើមចូលសារធាតុអ្វីមួយ ឬនៅរដូវណាមួយនៅក្នុងមួយឆ្នាំៗដែលយើងតែងតែមានអាលែកហ្ស៊ី។ ប៉ុន្តែការសម្គាល់បែបនេះ ជួនកាលមិនអាចធ្វើឲ្យយើងដឹងច្បាស់នោះទេ ហើយវាអាចធ្វើឲ្យយើងប្រឈមនឹងប្រតិកម្មអាលែហ្ស៊ីធ្ងន់ធ្ងរជាច្រើន។ ដើម្បីអាចដឹងច្បាស់ថាយើងអាចមានអាលែកហ្ស៊ីទៅនឹងអ្វីមួយឲ្យពិតប្រាកដ គឺមានតែការធ្វើតេស្តនៅមន្ទីរពិសោធន៍ប៉ុណ្ណោះ។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ អាចដឹងថាយើងអាលែកហ្ស៊ីនឹងអ្វីមួយនោះមាន២របៀប គឺការធ្វើតេស្តលើស្បែក និងឈាម។
– ការធ្វើតេស្តនៅលើស្បែក
តេស្តនេះ គឺជាតេស្តរកមើលប្រតិកម្មអាលែកហ្ស៊ីដែលពេញនិយមជាងគេ។ តេស្តនេះធ្វើឡើងដោយដាក់អាលែកហ្ស៊ែន (ដូចជាអាហារ ឬក៏លំអងផ្កា) លើស្បែកដែលគេឆូតបន្តិច។ ប្រសិនបើស្បែកនោះឡើងក្រហម ហើម ដូចជាស្នាមសត្វទិច ឬមូសខាំ នោះគឺបានន័យថាតេស្តនោះគឺវិជ្ជមាន ហើយមានន័យថាយើងមានប្រតិកម្មនឹងសារធាតុនោះ។
– ការធ្វើតេស្តឈាម
ការធ្វើតេស្តឈាមនេះ គឺត្រូវចំណាយពេលយូរបន្តិច គឺធ្វើឡើងនៅពេលដែលតេស្តនៅលើស្បែកមិនអាចធ្វើទៅបាន។ ការធ្វើតេស្តឈាមធ្វើឡើងដោយធ្វើការវាស់កម្រិត អង់ទីករ IgE នៅក្នុងឈាម។ តេស្តនេះ ក៏មានតេស្តឈាមមួយប្រភេទទៀតដែលអាចធ្វើឲ្យយើងដឹងថា កម្រិតអង់ទីករ IgE ឆ្លើយតបទៅនឹងសារធាតុអាលែកហ្ស៊ែនណាមួយដែលពិតប្រាកដ។