Upper respiratory tract infections (ជំងឺ​រលាកផ្លូវដង្ហើមផ្នែកខាងលើ)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2020 . អាន 10 នាទី
Share now

និយមន័យ

១. អ្វីទៅជាជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ?

ជំងឺ​រលាក​ផ្លូវ​ដង្ហើមផ្នែក​ខាង​លើ​ គឺ​ជា​ការ​រលាក​ភ្នាស​រន្ធ​ឆ្អឹង បំពង់​ក ទង​សួត ឬ​សួត។ ជំងឺ​នេះ​ភាគ​ច្រើន​បង្ក​ឡើង​ពី​វីរុស តែ​ក៏​អាច​បណ្ដាល​មក​ពី​បាក់តេរី​ដែរ។ ជំងឺ​រលាក​ផ្លូវ​ដង្ហើម អាច​ចាត់​ទុក​ជា​ជំងឺ​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី។ ផ្ដាសាយ​ធម្មតា គឺ​ជា​ទម្រង់​នៃ​ការ​រលាក​ផ្លូវ​ដង្ហើម​ញឹកញាប់​ជាង​គេ។

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ ចែក​ចេញ​ជា​ពីរ៖

– ការ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ (រលាក​ច្រមុះ បំពង់​ក និង​ភ្នាស​រន្ធ​ឆ្អឹង)

– ការ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម (ទង​សួត និង​សួត)។

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​អាច​ជា៖

ផ្ដាសាយ​ធម្មតា

រលាក​បំពង់​ក

– រលាក​អាមីដាល់

– រលាក​ភ្នាស​រន្ធ​ឆ្អឹង

– ផ្ដាសាយ​ធំ

២- កើតមានញឹកញាប់ដែរទេ?

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ កើត​មាន​ញឹកញាប់​បំផុត ជាពិសេស​នៅ​រដូវ​រំហើយ និង​រដូវ​រងា។

អត្ថបទពាក់ព័ន្ធ៖ អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង

រោគសញ្ញា

១- រោគសញ្ញា

រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​រួម​មាន៖

– តឹង​ច្រមុះ

– ហៀរ​សំបោរ

– សំបោរ​ប្ដូរ​ពី​ថ្លា​ទៅ​ស ឬ​ខៀវ

– ក្អក

– កណ្ដាស់

– ក្ដៅ​ខ្លួន (ច្រើន​កើត​លើ​ក្មេង)

– ឈឺ​ក

– ឈឺ​ពេល​លេប​អាហារ

– អស់​កម្លាំង​ល្ហិតល្ហៃ

រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​សូវ​កើត​ញឹកញាប់​មាន៖

– ធំុ​ក្លិន​មាត់

– អត់​សូវ​ដឹង​ក្លិន

– ឈឺ​ក្បាល

– ពិបាក​ដក​ដង្ហើម

– ឈឺ​ត្រង់​ភ្នាស​រន្ធ​ឆ្អឹង

– រមាស់​ភ្នែក និង​ហៀរ​ទឹក​ភ្នែក (ជំងឺ​ភ្នែក​ក្រហម)

– ចង់​ក្អួត ក្អួត

– រាក

– ឈឺ​ខ្លួន

ជា​ធម្មតា ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ អាច​ធ្វើ​ទុក្ខ​ចន្លោះ​ពី ៣-១៤ថ្ងៃ ហើយ​បើ​សិន​រោគ​សញ្ញា​អូស​បន្លាយ​យូរ​ជាង ១៤ថ្ងៃ ត្រូវ​គិត​ដល់​ជំងឺ​ផ្សេង​ទៀត​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ដូច​ជា ការ​រលាក​រន្ធ​ឆ្អឹង អាលែកហ្ស៊ី រលាក​សួត ឬ​រលាក​ទង​សួត។ ត្រូវ​គិត​ដល់​ជំងឺ​រលាក​បំពង់​ក​ដែល​បង្ក​ឡើង​ពី​បាក់តេរី streptococcus ប្រសិន​បើ​ឈឺ​ក​លើស​ពី ១សប្តាហ៍ ដោយ​គ្មាន​ហៀរ​សំបោរ ក្អក ឬ​ភ្នែក​ក្រហម​ទេ។ ករណី​រលាក​បំពង់​ក​ដែល​បង្ក​ដោយ​បាក់តេរី​ប្រភេទ​នេះ ត្រូវ​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ផ្សះ (antibiotics) ដើម្បី​បង្ហារ​កុំ​ឲ្យ​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​សន្លាក់​ចំពោះ​ក្មេង​ជា​ពិសេស។

ការ​រលាក​កន្លើត គឺ​ជា​ទម្រង់​មួយ​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ដែល​កើត​មាន​លើ​កុមារ ហើយ​វា​ធ្វើ​ឱ្យ​លេច​ចេញ​រោគ​សញ្ញា​យ៉ាង​ឆាប់​រហ័ស​ដូច​ជា ឈឺ​ក មាន​អារម្មណ៍​ថា​មាន​ដុំ​ស្ទះ​នៅ​បំពង់​ក សំឡេង​ក្រងួរ ក្អក​ស្ងួត ឈឺ​ពេល​លេប​អាហារ និង​ចេញ​ទឹក​មាត់។

ជំងឺ​រលាក​ផ្នែក​ខាង​ក្រោម​នៃ​ផ្លូវ​ដង្ហើម​ខាង​លើ ដូច​ជា​ការ​រលាក​បំពង់​សំឡេង​ និង​បំពង់​ខ្យល់ ធ្វើ​ឱ្យ​ក្អក​ស្ងួត ក្អក​ខ្លាំងៗ​ធ្វើ​ឱ្យ​ឈឺ​ឆ្អឹង​ជំនីរ សំឡេង​ស្អក ឬ​និយាយ​លែង​ឮ។

អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ ដូច្នេះ​បើ​សិន​អ្នក​មាន​ការ​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ។

មូលហេតុ

មូលហេតុបង្កឱ្យ​មានជំងឺ​រលាកផ្លូវដង្ហើមផ្នែកខាងលើ

ជា​ទូទៅ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​បង្ក​ឡើង​វីរុស ឬ​បាក់តេរី​ដែល​ចូលវាយប្រហារកោសិកា​ខាង​ក្នុង​របស់​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ ដើម្បី​ឱ្យ​មេរោគ​ចូល​វាយប្រហារ​ភ្នាស​កោសិកា​នៃ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​បាន មេរោគ​ត្រូវ​យក​ឈ្នះ​របាំង​ការពារ​ភាព​ស៊ាំ​របស់​រាងកាយ​ដូចជា៖

– រោម​ច្រមុះ

– ទឹក​រំអិល​ក្នុង​ច្រមុះ

– រោម​ក្នុង​បំពង់​ខ្យល់

– ដុំ​សាច់​អាដេណូអ៊ីត (Adenoids)

– អាមីដាល់ (tonsils)។

ទន្ទឹម​នឹង​នេះ វីរុស និង​បាក់តេរី​ក៏​មាន​វិធី​ត​ទល់​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​យើង​ដូច​គ្នា។ ពេល​ខ្លះ​មេរោគ​ទាំង​នោះ​អាច​បញ្ចេញ​ជាតិ​ពុល​របស់​វា ដើម្បី​បំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ ហើយ​ពេល​ខ្លះ​ទៀត មេរោគ​អាច​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រៅ​របស់​វា ដើម្បី​កុំ​ឱ្យ​ភ្នាក់ងារ​ភាព​ស៊ាំ​របស់​យើង​ស្គាល់​និង​បំផ្លាញ​វា។ មេរោគ​ខ្លះ​ទៀត​អាច​បញ្ចេញ​សារធាតុ​ដែល​អាច​ឱ្យ​មេរោគ​នោះ​ភ្ជាប់​ទៅ​នឹង​ភ្នាស​កោសិកា​របស់​ផ្លូវ​ដង្ហើម ហើយ​ក៏​ចូល​ទៅវយប្រហារ​កោសិកា​ផ្លូវ​ដង្ហើម​តែ​ម្ដង។ បើ​មេរោគ​មិន​អាច​ឈ្នះ​របាំង​ការពារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ទាំង​នេះ​ទេ វា​ក៏​មិន​អាច​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បាន​ដែរ។

ក្រោយ​ពេល​មេរោគ​នីមួយៗ​ឆ្លង​ចូល​រាងកាយ​ហើយ វា​ត្រូវ​ការ​រយៈពេល​ខុសៗ​គ្នា មុន​នឹង​បង្ក​ជា​រោគ​សញ្ញា៖

– វីរុស Thinoviruses ១-៥ថ្ងៃ

– បាក់តេរី Group A streptococci ១-៥ថ្ងៃ

– វីរុស Influenza and parainfluenza ១-៤ថ្ងៃ

– វីរុស Respiratory syncytial (RSV) ៧ថ្ងៃ

– បាក់តេរី​បង្ក​ជំងឺ​ក្អកមាន់ (pertussis) ៧-២១ថ្ងៃ

– បាក់តេរី​បង្ក​ជំងឺ​ខាន់ស្លាក់ ១-១០ថ្ងៃ

– វីរុស Epstein-Barr virus (EBV) ៤-៦សប្ដាហ៍

អត្ថបទពាក់ព័ន្ធ៖ វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក

កត្តាប្រឈម

កត្តាប្រឈមងាយនឹងកើតជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ

– ប៉ះពាល់ ឬ​នៅ​ជិត​អ្នក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ

– មិន​បាន​លាង​ដៃ​ក្រោយ​ប៉ះ​អ្នក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ

– នៅ​ជិត​ក្មេងៗ​ដែល​នៅ​ជា​ក្រុម សាលារៀន ឬ​មជ្ឈមណ្ឌល​ថែ​ទាំ​ក្មេង

– រួម​ដំណើរ​ជា​ក្រុម​នៅ​ក្នុង​កន្លែង​បិទ​ជិត​ដូច​ជា​រថយន្ត ឬ​កប៉ាល់

ជក់​បារី ឬ​ហិត​ផ្សែង​បារី (ធ្វើ​ឱ្យ​កោសិកា​ផ្លូវ​ដង្ហើម​ចុះ​ខ្សោយ​ការ​ប្រឆាំង​នឹង​មេរោគ)

– ឆ្លង​មេរោគ​នៅ​មន្ទីរពេទ្យ ឬ​បន្ទប់​ថែទាំ​ជំងឺ ឬ​តាម​រយៈ​សម្ភារៈ​ពេទ្យ

– អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដូច​ជា​ផ្ទុក​មេរោគ​អេដស៍ ប្ដូរ​សរីរៈ ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ពី​កំណើត ប្រើ​ថ្នាំ steroid យូរ​ពេក

– ជំងឺ​ដុះ​សាច់​ក្នុង​ច្រមុះ គ្រោះថ្នាក់​ប៉ះ​មុខ និង​ផ្លូវ​ដង្ហើម។

រោគវិនិច្ឆ័យ និងការព្យាបាល

១- រោគវិនិច្ឆ័យ

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែល​គ្នា​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​ជា​ច្រើន​ទៀត​ដូច​ជា៖

ជំងឺ​ហឺត

– ជំងឺ​រលាក​សួត

– ជំងឺ​ផ្ដាសាយ H1N1

– ជំងឺ​ផ្ដាសាយ​ធំ

– ប្រតិកម្ម​អាលែកហ្ស៊ី

– អាលែកហ្ស៊ី​ជាមួយ​អាកាសធាតុ

– ជំងឺ​រលាក​ភ្នាស​រន្ធ​ឆ្អឹង​រ៉ាំរ៉ៃ

– ការ​ឆ្លង​មេរោគ​អេដស៍​ស្រួចស្រាវ

– និង​ជំងឺ​រលាក​ទង​សួត។

ដូច្នេះ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ គ្រូពេទ្យ​ពឹង​ផ្អែក​លើ​ប្រវត្តិ​នៃ​ការ​ចេញ​រោគ​សញ្ញា ការ​ពិនិត្យ​អ្នក​ជំងឺ និង​លទ្ធផល​មន្ទីរ​ពិសោធន៍។

ការ​ពិនិត្យ​អ្នក​ជំងឺ៖ គ្រូពេទ្យ​អាច​រក​ឃើញ​មាន​ការ​ហើម ឬ​ឡើង​ក្រហម​នៅ​រន្ធ​ច្រមុះ ក្រហម​នៅ​បំពង់​ក អាមីដាល់​ហើម​ធំ មាន​ការ​បញ្ចេញ​សារធាតុ​សៗ​នៅ​លើ​អាមីដាល់ ឡើង​កូន​កណ្ដុរ​នៅ​ក្បាល​និង​ក ភ្នែក​ក្រហម ហើម​មុខ (ករណី​រលាក​រន្ធ​ឆ្អឹង​មុខ) ធុំ​ក្លិន​មាត់ ក្អក សំឡេង​ស្អក និង​ក្ដៅ​ខ្លួន។

ដោយ​សារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ច្រើន​បង្ក​ឡើង​ដោយ​វីរុស ដូច្នេះ​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍​មិន​សូវ​ចាំបាច់​នោះ​ទេ ព្រោះ​គ្មាន​ការ​ព្យាបាល​ជាក់លាក់​សម្រាប់​វីរុស​ប្រភេទ​ផ្សេង​គ្នា​ឡើយ។ ប៉ុន្តែ​ការ​ពិសោធន៍​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ករណី​សង្ស័យ​រលាក​បំពង់​ក​ដោយ​សារ​បាក់តេរី Streptococcus (ក្ដៅ​ខ្លួន ឡើង​កូន​កណ្ដុរ​នៅ​ក អាមីដាល់​ឡើង​ស អត់​មាន​ក្អក) ត្រូវ​ធ្វើ​តេស្ដ​រក​មេរោគ​នេះ (rapid strep test) ដើម្បី​ព្យាបាល​កុំ​ឱ្យ​វា​វិវត្ត​ទៅ​រក​ផល​វិបាក​ធ្ងន់ធ្ងរ។

– ករណី​សង្ស័យ​ថា​មាន​ការ​ឆ្លង​បាក់តេរី ត្រូវ​យក​កំហាក​ទៅ​បណ្ដុះ​រក​មេរោគ

– ករណី​ឈឺ​យូរ​ហើយ អត់​បាត់​សោះ ត្រូវ​ធ្វើ​តេស្ដ​រក​មេរោគ​ដើម្បី​ឱ្យ​ប្រាកដ​ថា​គួរ​ប្រើ​ថ្នាំ​ផ្សះ antibiotics ឬ​អត់ ព្រោះ​ករណី​មេរោគ​ជា​វីរុស គេ​មិន​ចាំ​បាច់​ប្រើ​ថ្នាំ​ផ្សះ​ទេ។

– ការ​ធ្វើ​តេស្ដ​រក​អាលែកហ្ស៊ី និង​ជំងឺ​ហឺត ព្រោះ​ជំងឺ​ទាំង​ពីរ​នេះ​អាច​ឱ្យ​រោគ​សញ្ញា​ទាំង​នោះមាន​រយៈ​ពេល​យូរ។

– ករណី​ឈឺ​ភ្លាម ឡើង​កូន​កណ្ដុរ និង​ឈឺ​ក​មុន​គេ គួរ​ធ្វើ​តេស្ដ​រក​វីរុស Ebstein-Barr virus (monospot test)។

– តេស្ត​រក​មើល​វីរុស H1N1 (ផ្ដាសាយ​បក្សី) ករណី​សង្ស័យ។

ការ​ពិនិត្យ​ឈាម និង​រូបភាព​វេជ្ជសាស្ត្រ មិន​សូវ​មាន​ប្រយោជន៍​ក្នុង​ការ​វាយ​តម្លៃ​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ទេ។

– ករណី​សង្ស័យ​រលាក​កន្លើត គួរ​ថត​កាំ​រស្មី X ត្រង់​តំបន់​ក ដើម្បី​រក​មើល​ហើម​កន្លើត

– ករណី​រលាក​ភ្នាស​រន្ធ​ឆ្អឹង​លើស​ពី ៤សប្ដាហ៍ ឬ​ថែម​ទាំង​មាន​អាការៈ​ស្រវាំង​ភ្នែក ហៀរសំបោរ​ច្រើន ឬ​លៀន​ភ្នែក គួរ​ថត​ស្គែន​ដើម្បី​បញ្ជាក់​ការ​រលាក​ភ្នាស​រន្ធ​ឆ្អឹង ការ​ករ​ខ្ទុះ ឬ​មាន​ការ​រាលដាល​ទៅ​សរីរៈ​ជិតៗ​នោះ (ប្រឡង់​ភ្នែក ឬ​ខួរក្បាល)។

ការព្យាបាល

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ភាគ​ច្រើន​បង្ក​ឡើងដោយ​​វីរុស ដូច្នេះ​មិន​ត្រូវ​ការ​ការ​ព្យាបាល​ពិសេស​អ្វី​ឡើយ គឺ​យើង​​អាច​មើល​ថែ​ខ្លួន​ឯង​នៅ​ផ្ទះ​បាន។

– សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ សកម្មភាព​ប្រចាំ​ថ្ងៃ ការ​ធ្វើ​ការ និង​លំហាត់​ប្រាណ​ស្រាលៗ​អាច​បន្ត​ធ្វើ​បាន

– ផឹក​ទឹក​ឱ្យ​បាន​ច្រើន ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែល​បាត់បង់​តាម​រយៈ​សំបោរ ក្ដៅ​ខ្លួន និង​អត់​បាន​ញ៉ាំ​អី

– ការ​ព្យាបាល​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ត្រូវ​តែ​បន្ត​រហូត​ទាល់​តែ​ជា​សះស្បើយ។

– Acetaminophen អាច​បន្ថយ​កម្ដៅ និង​ឈឺ​សាច់ដុំ

– ថ្នាំ Nonsteroidal antiinflammatory ដូច​ជា Ibuprofen (Motrin, Advil) អាច​ជួយ​ឲ្យ​បាត់​ឈឺ​ខ្លួន

– ថ្នាំ Antihistamines ដូចជា diphenhydramine (Benadryl) ជួយ​បន្ថយ​សំបោរ និង​តឹងច្រមុះ

– ថ្នាំ​បាញ់​ច្រមុះ Nasal ipratropium ជួយ​បន្ថយ​ការ​ហូរ​សំបោរ

– ថ្នាំ​ក្អក ដូចជា dextromethorphan, guaifenesin (Robitussin) និង codeine ជួយ​កាត់​បន្ថយ​អាការៈ​ក្អក​ស្ងួត

– ទឹក​ឃ្មុំ​ក៏​ជួយ​បន្ថយ​ក្អក​បាន​ដែរ

– ថ្នាំ Steroids ដូចជា dexamethasone (Decadron) និង prednisone លេប​និង​បាញ់​តាម​ច្រមុះ ជួយ​ព្យាបាល​ការ​រលាក​ផ្លូវ​ដង្ហើម និង​បន្ថយ​ការ​ហើម​និង​តឹង​ច្រមុះ

– ថ្នាំ​បន្ធូរ​តឹង​ច្រមុះ ដូចជា pseudoephedrine (Sudafed) Actifed oral, phenylephrine (Neo-synephrine nasal) មិន​គួរ​ប្រើ​សម្រាប់​ក្មេង​អាយុ​តិច ២ឆ្នាំ និង​អ្នក​លើស​ឈាម​ទេ

– ទឹក​លាង​ច្រមុះ Oxymetazoline (Afrin) ជួយ​បន្ធូរ​តឹង​ច្រមុះ តែ​មិន​ត្រូវ​ប្រើ​រយៈពេល​យូរ​ទេ

ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទាំង​នេះ​បញ្ចូល​គ្នា​ខ្លះៗ ដោយ​ផ្អែក​ទៅ​តាម​រោគ​សញ្ញា​ដែល​មាន។ ថ្នាំ​ក្អក​និង​ផ្ដាសាយ​ខ្លះ អាច​ធ្វើ​ឱ្យ​ងងុយ​គេង និង​អស់​កម្លាំង ដូច្នេះ​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្មេង​អាយុ​តិច​ជាង ៤ឆ្នាំ និង​មនុស្ស​ចាស់​ជរា។

ថ្នាំ​ផ្សះ (antibiotics) ត្រូវ​ប្រើ​ក្នុង​ករណី​មេរោគ​ចម្លង​ជា​បាក់តេរី ដូចជា រលាក​បំពង់ក​បង្ក​ដោយ streptococcus រលាក​ភ្នាស​រន្ធ​ឆ្អឹង​បង្ក​ដោយ​បាក់តេរី ឬ​រលាក​កន្លើត​ជា​ដើម។ ការ​ប្រើ​ថ្នាំ​ផ្សះ​នេះ ត្រូវ​ធ្វើ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ព្រោះ​ថ្នាំ​ផ្សះ​អាច​ផ្ដល់​ផល​រំខាន​ច្រើន និង​អាច​ធ្វើ​ឱ្យ​រាងកាយ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​ពេល​ក្រោយ​បើ​ប្រើ​ប្រាស់​វា​មិន​បាន​ត្រឹមត្រូវ។

ថ្នាំ​បាញ់ epinephrine អាច​ប្រើ​ចំពោះ​ក្មេង​ដែល​មាន​ទង​សួត​កន្ត្រាក់​គាំង​ជាប់ (bronchospasm) ដើម្បី​សម្រួល​ឲ្យ​ទង​សួត​កន្ត្រាក់​តាម​ធម្មតា។

ការ​វះ​កាត់​ចាំ​បាច់ ក្នុង​ករណី​មាន​ផល​វិបាក​ដូច​ជា៖

– ផ្លូវ​ដង្ហើម​ខូច​ទម្រង់​ធម្មតា នាំ​ឱ្យ​ពិបាក​ដក​ដង្ហើម

– ការ​ករ​ខ្ទុះ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក

– ការ​ករ​ខ្ទុះ​នៅ​អាមីដាល់ (peritonsillar abscess)។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

អ្វីដែលយើង​ត្រូវធ្វើនៅពេលមានជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ

– ស្ទីម ឬ​ងូត​ទឹក​ក្ដៅ

– ផឹក​ទឹក​ក្ដៅ​ឧណ្ណៗ

– កុំ​សូវ​នៅ​ត្រូវ​ខ្យល់​ត្រជាក់ និង​ស្ងួត

– ប្រើ​ម៉ាស៊ីន​បញ្ចេញ​ចំហាយ​ទឹក​ដើម្បី​រក្សា​សំណើម​ក្នុង​បន្ទប់

– ស្អំ​ទឹក​ក្ដៅ​ឧណ្ណៗ​លើ​មុខ​រៀង​រាល់​ពីរ​បី​ម៉ោង​ម្ដង អាច​ជួយ​ឱ្យ​ធូរ​ច្រមុះ

– ទឹក​អំបិល​ក៏​អាច​ជួយ​បន្ថយ​ការ​តឹង​ច្រមុះ​បាន​ដែរ។ នៅ​លើ​ទីផ្សារ​មាន​សូលុយស្យុង​បែប​នេះ​សម្រាប់​បាញ់​លាង​ច្រមុះ​ច្រើន​ណាស់ តែ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន គ្នា​យើង​​ក៏​អាច​ធ្វើ​ទឹក​អំបិល​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​បាន​ដែរ​ដោយ​ដាក់​អំបិល​មួយ​ស្លាប​ព្រា​តែ ចូល​ក្នុង​ទឹក​ធម្មតា​មួយ​ពែង ហើយ​កូរ​ឱ្យ​វា​រលាយ។ យក​សឺរ៉ាំង​បូម​ទឹក​អំបិល​នោះ ឬ​ប្រើ​ដប​តូចៗ​ដែល​អាច​បាញ់​ចូល​រន្ធ​ច្រមុះ​បាន។ បាញ់​ទឹក​អំបិល​ចូល​រន្ធ​ច្រមុះ​ម្ខាង ដក​ដង្ហើម​ចូល​ហើយ​ដក​ដង្ហើម​ចេញ​វិញ​យឺតៗ ធ្វើ​បែប​នេះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។

– ខ្ពុរ​ទឹក​អំបិល និង​ប្រើ​ថ្នាំ​បៀម (lozenges) អាច​ជួយ​បន្ថយ​ការ​រលាក​បំពង់​ក និង​កុំ​ឱ្យ​បំពង់​ក​ស្ងួត​ពេក។

– ក្អក​នឹង​កាន់​តែ​ធ្ងន់ធ្ងរ បើ​យើង​​ស្ថិត​ក្នុង​ធាតុ​អាកាស​ត្រជាក់ ជក់​បារី ធូលី​ហុយ និង​ការ​បំពុលបរិយាកាស។ ការ​គេង​ក្នុង​ទម្រង់​ពាក់​កណ្ដាល​អង្គុយ អាច​ជួយ​កាត់​បន្ថយ​ការ​ក្អក​ផង​ដែរ។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ទឹក​ឃ្មុំ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជាង​ថ្នាំ dextromethorphan ក្នុង​ការ​បន្ថយ​ក្អក​លើ​ក្មេង​ដែល​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។

– ការ​ទទួល​ទាន​ទឹក​គ្រប់គ្រាន់ ទឹក​ផ្លែឈើ​ស្រស់ និង​ភេសជ្ជៈ​គ្មាន​ជាតិ​កាហ្វេអ៊ីន អាច​បន្ថយ​សំបោរ និង​បង្គ្រប់​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​បាត់បង់​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    កងកម្លាំងមួកខៀវទាំង ៧១នាក់ ត្រូវមកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី ១០០ខ្នង

    COVID-19 - ក្រោយ​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 លើ​ស្ត្រី​កង​ទ័ព​មួយ​ខៀវ​ម្នាក់ រស់នៅ​សង្កាត់សិត្បូ ក្រុង​តាខ្មៅ នៅថ្ងៃទី៨ សីហានោះ កង​កម្លាំង​មួយ​ខៀវ ៧១​...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    ថ្ងៃនេះកម្ពុជារកឃើញ​អ្នកផ្ទុកវីរុស COVID-19 ១៥​នាក់​ថ្មី មាន​ខ្មែរ មាន​ចិន

    កូវីដ១៩ - ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា កម្ពុជារកឃើញ​អ្នក​ផ្ទុកវីរុសកូវីដ១៩ ថ្មីចំនួន​១៥នាក់ ក្នុង​នោះ​ជនជាតិចិន​ចំនួន​១៣ នាក់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទូច សុខា

    មន្ទីរពេទ្យខេត្តចាត់ទុករបាយការណ៍ចៅសង្កាត់សិត្បូ អំពីសកម្មភាពស្ត្រីកងទ័ពមួកខៀវ មិនត្រឹមត្រូវ

    COVID-19 - ក្នុង​លិខិត​របស់​ក្រសួង​សុខាភិបាល​នោះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា របាយការណ៍​របស់​ចៅ​សង្កាត់ គ្មាន​ប្រភព​ច្បាស់​លាស់ ខុស​ពី​ការ​ចុះ​ធ្វើ​...

    ដោយ ដេត ធន្នី

    ភស្តុតាងថ្មីៗ បង្ហាញកាន់តែ​ច្បាស់​ថាម៉ាស់អាចការពារការចម្លងវីរុស​ COVID-19

    COVID-19 - មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៅ​តែ​បន្ត​ណែនាំ​ឲ្យ​ពាក់​ម៉ាស់​ដើម្បី​បង្ការ​ការ​ចម្លង​ជំងឺ COVID-19 ទោះបីជា​មនុស្ស​គ្រប់គ្នា​មាន​មន្ទិល...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    COVID-19

    ២ ករណី COVID-19 ថ្ងៃនេះមានជនជាតិចិន ១ នាក់និងអាមេរិក ១ នាក់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 12/08/2020 . អាន 1 នាទី

    ក្រោយនាំចូលជនជាតិចិន ១៣ នាក់​ផ្ទុក COVID-19 កម្ពុជាផ្អាកជើងហោះហើរមកពីហ្វីលីពីន

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 1 នាទី
    COVID-19

    លោកជំទាវ ឱ វណ្ណឌីន បកស្រាយករណីអ្នកលាប់ឡើងវិញ តែមិនប្រកាសឲ្យដឹង

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 1 នាទី
    COVID-19

    មាន​ករណីលាប់ពីជំងឺ COVID-19 ឡើងវិញ ម្នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 11/08/2020 . អាន 2 នាទី