តើយើង​ត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?

    តើយើង​ត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?

    ការគេងពិតជាមានសារៈប្រយោជន៍ចំពោះសុខភាព។ ប៉ុន្តែនៅពេលឈានចូលដល់វ័យមួយដែលមានភាពរវល់ខ្លាំង ធ្វើឲ្យយើងមើលរំលង ឬប្រឈមនឹងការគេងមិនគ្រប់គ្រាន់។ អត្ថបទនេះនឹងបង្ហាញនូវសារៈប្រយោជន៍នៃការគេង ផលប៉ះពាល់ពីការគេងមិនគ្រប់គ្រាន់ និងគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់។

    សារៈប្រយោជន៍នៃការគេងគ្រប់គ្រាន់

    ការគេងមិនត្រឹមតែឲ្យរាងកាយ និងខួរក្បាលបានសម្រាកទេ។​ តាមពិតទៅ នៅពេលយើងគេងលក់ រាងកាយរបស់យើងធ្វើការរឹតតែខ្លាំងក្នុងការជួយសាច់ដុំដែលធ្វើការច្រើននៅពេលថ្ងៃ និងកម្ចាត់នូវអ្វីដែលមិនល្អដែលខួរក្បាលបានបង្កើត។ មិនត្រឹមតែប៉ុណ្ណោះ ខួរក្បាលរបស់យើងក៏អាចដំណើរការពីរឿងផ្សេងៗដែលកើតឡើងអំឡុងពេលថ្ងៃ និងធ្វើជាការចងចាំ។

    ការគេងក៏ជួយដល់ការសម្រួលនូវអារម្មណ៍ផងដែរ។ ប្រសិនជាយើង​គេងមិនគ្រប់គ្រាន់ត្រឹមតែមួយយប់អាចធ្វើឲ្យយើងប្រតិកម្មទៅនឹងអារម្មណ៍អវិជ្ជមានរហូតដល់៦០%។ បន្ថែមពីនេះទៀត ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យរាងកាយពិបាកក្នុងការសម្រួលដល់ចំណង់អាហារ ប្រព័ន្ធភាពស៊ាំ មុខងារក្នុងការរំលាយអាហារ និងការគ្រប់គ្រងនូវទម្ងន់។

    ការគេងក៏អាចជួយកំណត់ពេលវេលានៅក្នុងរាងកាយ (Internal clock or Circadian Rhythm) ដែលមានតួនាទីក្នុងការកំណត់ពេលយើងត្រូវភ្ញាក់ ឬគេង និងជួយក្នុងការសម្រួលដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ និងការរលាក។ ការគេងមិនត្រូវពេល ឬការនៅក្រោមពន្លឺខ្លាំងនៅពេលយប់អាចប៉ះពាល់ដល់ការកំណត់ពេលវេលាគេង​ក្នុង​ខ្លួន​នេះ។

    វាមិនសំខាន់ទេសម្រាប់រយៈពេលយូរប៉ុណ្ណា ប៉ុន្តែអ្វីដែលសំខាន់គឺការគេងលក់ឲ្យបានស្កប់ស្កល់។ ដូចនេះ យើងត្រូវគេងឲ្យបានគ្រប់គ្រាន់សម្រាប់សុខភាពរបស់យើង។

    ផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់

    ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យយើងហត់ទេ វាក៏មានផលប៉ះពាល់ផ្សេងទៀតចំពោះសុខភាពដែរ។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យយើងមិនអាចធ្វើការសម្រេចចិត្តបានល្អ ខ្វះនូវគំនិតច្នៃប្រឌិត និងពិបាកក្នុងការធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះក៏អាចបណ្តាលឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗដូចជាជំងឺធាត់ ជំងឺបេះដូង​ ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង (Alzheimer’s) ជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    តើគួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

    ការគេងភាគច្រើនកំណត់ទៅតាមក្រុមអាយុ៖

    • មនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៖ គេងឲ្យបាន៧-៨ម៉ោង
    • មនុស្សពេញវ័យចាប់ពី ១៨-៦៤ឆ្នាំ៖ គេងឲ្យបាន៧-៩ម៉ោង
    • ក្មេងអាយុចាប់ពី ១៤-១៧ឆ្នាំ៖ គេងឲ្យបាន៨-១០ម៉ោង
    • ក្មេងអាយុចាប់ពី ៦-១៣ឆ្នាំ៖ គេងឲ្យបាន៩-១១ម៉ោង
    • ក្មេងអាយុចាប់ពី ៣-៥ឆ្នាំ៖ គេងឲ្យបាន១០-១៣ម៉ោង
    • ក្មេងអាយុចាប់ពី ១-២ឆ្នាំ៖ គេងឲ្យបាន១១-១៤ម៉ោង
    • ទារកចាប់ពី ៤-១១ខែ៖ គេងឲ្យបាន១២-១៥ម៉ោង
    • ទារកទើបនឹងកើតដល់បីខែ៖ គេងឲ្យបាន១៤-១៧ម៉ោង

    ប៉ុន្តែមនុស្សខ្លះអាចត្រូវការរយៈពេលនៃការគេងតិច ឬច្រើនអាស្រ័យទៅលើហ្សែនរបស់ពួកគេ និងគុណភាពនៃការគេងរបស់ពួកគេថាតើពួកគេគេងលក់ស្ងប់ដែរឬទេ។​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម