យើងដឹងហើយថាការគេងគ្រប់គ្រាន់មានប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែដោយយើងមានការរវល់ជាមួយនឹងការងារ ការថែទាំកូន ឬកិច្ចការផ្សេងៗអាចធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់។ ការគេងមិនគ្រប់គ្រាន់អាចមានផលប៉ះពាល់អវិជ្ជមានច្រើនដល់ផ្នែកផ្សេងៗនៃរាងកាយ។
១. ខួរក្បាល
នៅពេលគេងខួរក្បាលយើងគឺជាផ្នែកមួយដែលសកម្មជាងគេដោយខួរក្បាលដំណើរការព័ត៌មានដែលយើងបានទទួលអំឡុងពេលថ្ងៃ បង្កើតការចងចាំថ្មីៗ ពង្រឹងនូវអ្វីដែលយើងបានរៀន និងបោះបង់នូវអ្វីដែលមិនសំខាន់។ ជាក់ស្ដែង ការគេងមិនគ្រប់គ្រាន់មុនពេលប្រលងតែងប៉ះពាល់ដល់ការប្រលង ព្រោះយើងបានព្យាយាមប្រមូលព័ត៌មាននៅក្នុងខួរក្បាល ប៉ុន្តែខួរក្បាលមិនមានការដំណើរការ និងរក្សាព័ត៌មានទាំងនោះបានល្អឡើយ។ ម៉្យាងទៀត ការគេងមិនគ្រប់គ្រាន់អាចផ្តល់ផលប៉ះពាល់អវិជ្ជមានទៅលើការធ្វើការសម្រេចចិត្ត ដោះស្រាយបញ្ហា និងការគ្រប់គ្រងអារម្មណ៍។