នៅអំឡុងពេលពពោះ ប្រសិនបើស្រីៗយើងចង់ញ៉ាំអាហារផ្អែម និងមានសុខភាពល្អ ផ្លែលម៉ើគឺជាជម្រើសដ៏ប្រសើរបំផុត។ ការញ៉ាំផ្លែឈើប្រភេទនេះ ក្នុងបរិមាណត្រឹមតែប្រាំ ទៅប្រាំមួយគ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃ យើងនឹងទទួលបានសារជាតិចិញ្ចឹមលើសពីការរំពឹងទុក។
អត្ថប្រយោជន៍នៃការញ៉ាំផ្លែលម៉ើ អំឡុងពេលមានគភ៌
ពិតណាស់ នៅពេលដែលយើងទទួលបានសារធាតុចិញ្ចឹម និងវីតាមីនកាន់តែច្រើន យើងនឹងមានអារម្មណ៍ប្រសើរឡើងទាំងរាងកាយ និងផ្លូវចិត្ត។ ផ្លែលម៉ើគឺជាប្រភេទផ្លែឈើផ្អែមបំផុត ប៉ុន្តែវាជាប្រភពនៃស្ករធម្មជាតិ ហើយការញ៉ាំផ្លែឈើក្រៀមមួយប្រភេទនេះ អាចធ្វើឲ្យយើងទទួលអារម្មណ៍ស្កប់ស្កល់ទៅនឹងចំណង់អាហារផ្អែម ដោយសារតែវាជាប្រភពនៃសារជាតិFructose ដ៏ល្អ និងអាចផ្ដល់ថាមពលដល់ស្ត្រីពពោះឲ្យជៀសផុតពីអាការៈអស់កម្លាំងនៅអំឡុងពេលពពោះនេះ។
បន្ថែមពីនេះ ផ្លែល្មើសំបូរទៅដោយជាតិសរសៃ ដែលអាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ដោយម៉ាក់ៗមិនចាំបាច់បារម្ភអំពីបញ្ហាទល់លាមកទៀតឡើយ។ លើសពីនេះ ផ្លែលម៉ើក៏ជាប្រភពនៃហ្វូឡេត(Folate) ដែលអាចជួយកាត់បន្ថយហានិភ័យនៃការខូចទ្រទ្រង់ពីកំណើតរបស់ទារកក៏ដូចជាផ្ដល់ជាតិដែក និងវីតាមីនKថែមទៀតផង។ ការទទួលបានជាតិដែកច្រើននៅក្នុងរបបអាហារ អាចបង្កើនកម្រិតថាមពលរបស់យើងក្នុងការប្រយុទ្ធជាមួយនឹងជំងឺស្លេកស្លាំងដោយកង្វះជាតិដែក។ រីឯវីតាមីនK នឹងជួយឲ្យទារកក្នុងផ្ទៃមានឆ្អឹងរឹងមាំល្អ ព្រមទាំងជួយបង្កើនមុខងារសាច់ដុំ និងសរសៃប្រសាទរបស់ម៉ាក់ៗដូចគ្នា។ ជាមួយគ្នានេះដែរ ផ្លែលម៉ើសំបូរទៅដោយប៉ូតាស្យូម ជាសារធាតុរ៉ែអេឡិចត្រូលីត ដែលជួយធ្វើឲ្យសរសៃឈាមបានសម្រាក ព្រមទាំងសម្ពាធឈាមចុះទាប។
![ផ្លែល្មើ២](https://cdn.hellokrupet.com/wp-content/uploads/2021/03/ផ្លែល្មើ២.jpg)
តើការញ៉ាំផ្លែលម៉ើនៅពេលមានគភ៌ មានផលប៉ះពាល់ដែរឬទេ?
ផ្លែល្មើមិនត្រឹមតែផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ វាក៏មានសុវត្ថិភាពខ្ពស់ចំពោះស្ត្រីកំពុងពពោះផងដែរ។ ការញ៉ាំផ្លែលម៉ើនៅអំឡុងពេលមានគភ៌នៅត្រីមាសទី១ ទី២ ឬទី៣ ក៏ពុំមានផលប៉ះពាល់ណាមួយដែរ។ ទោះជាយ៉ាងនេះក្តី ម៉ាក់ៗគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើខ្លួនអាលែកហ្ស៊ីនឹងផ្លែល្មើនេះ។ សញ្ញានៃអាលែកហ្ស៊ីរួមមានឈឺឆៀបៗ រមាស់ ឬហើមនៅបរិវេណមាត់ ឬអណ្ដាត។ ប្រសិនបើម៉ាក់ៗមានរោគសញ្ញាទាំងនេះ ចូរបញ្ឈប់ការញ៉ាំផ្លែលម៉ើភ្លាមៗ។
យ៉ាងណាមិញ ផ្លែលម៉ើមានជាតិកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់ ដូច្នេះហើយស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំលើសកម្រិតឡើយ ដោយញ៉ាំត្រឹមតែ៦គ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។